publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

អ៊ីស្រាអែល-ប៉ាឡេស្ទីន

ប្រេសិត​ពិសេស​របស់​អូបាម៉ា​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ដើម​បូព៌ា

ដោយ សេង  ឌីណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 27/01/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  27/01/2009 14:23 ម៉ោងសកល

នៅ​ថ្ងៃ​អង្គារ​នេះ​ លោក Georges Mitchell ប្រេសិត​ពិសេស​របស់​ប្រធានាធិបតី Obama នឹង​ចាប់​ផ្តើម​​ដំណើរ​ទស្សនកិច្ច​នៅ​ជុំ​វិញ​តំបន់​ដើមបូព៌ា ដើម្បី​ស្វែង​រក​ដំណោះស្រាយ​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ នេះ​ជា​ការ​បំពេញ​តាម​ពាក្យ​សន្យា​របស់​លោក Obama ដែល​ថា​ លោក​នឹង​ចាប់​ផ្តើម​គិតគូរ​ពី​វិបត្តិ​នៅ​ដើមបូព៌ា ចាប់​ពី​ថ្ងៃ​ទីមួយ​ដែល​លោក​ចូល​កាន់​តំណែង​ទៅ។

លោក Obama ជួប​ជា​មួយ​លោកស្រី Hillary Clinton (ឆ្វេង) និងលោក​ Georges Mitchell (ស្តាំ) មុន​​ពេល​លោក Mitchell ចេញ​ដំណើរ​ទៅ​ដើមបូព៌ា(រូបថត៖ Reuters)

លោក Obama ជួប​ជា​មួយ​លោកស្រី Hillary Clinton (ឆ្វេង) និងលោក​ Georges Mitchell (ស្តាំ) មុន​​ពេល​លោក Mitchell ចេញ​ដំណើរ​ទៅ​ដើមបូព៌ា
(រូបថត៖ Reuters)

ចាប់​តាំង​ពី​សង្រ្គាម​នៅ Gaza បាន​ផ្ទុះ​ឡើង កាល​ពី​ថ្ងៃ​ទី​២៧ ធ្នូ ២០០៨ គ្រប់​គ្នា​ទន្ទឹង​រង់ចាំ​មើល​សកម្មភាព​របស់​​រដ្ឋាភិបាល​លោក Barack Obama ព្រោះ​គេ​ដឹង​ថា អាមេរិក​គឺ​ជា​ប្រទេស​ដែល​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ក្នុង​តំបន់​ដើមបូព៌ា ជា​ពិសេស ឥទ្ធិពល​​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល និង​​ទៅ​លើ​បណ្តា​ប្រទេស​អារ៉ាប់​មួយ​ចំនួន​ទៀត ដូចជា អេស៊ីព្ទ អារ៉ាប៊ី សាអ៊ូឌីត និង​ Jordanie ជា​ដើម។

កាល​ពី​មុន​ពេល​ស្បថ​ឡើង​កាន់​តំណែង លោក Barack Obama ធ្លាប់​បាន​សន្យា​ថា លោក​នឹង​ចាប់​ផ្តើម​​ធ្វើការ​ភ្លាមៗ ចាប់​ពី​ថ្ងៃ​ទីមួយ ដែល​លោក​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក ដើម្បី​ស្វះស្វែង​រក​ដំណោះស្រាយ​សន្តិភាព នៅ​ដើមបូព៌ា។ មក​ទល់​ពេល​នេះ លោក​ Obama ពិត​ជា​បាន​ធ្វើ​តាមពាក្យ​សន្យា​នេះ​មែន។ គ្រាន់​តែ​បាន​ឡើង​កាន់​តំណែង​ភ្លាម លោក​បាន​តែងតាំង​ប្រេសិតពិសេស​មួយ​ភ្លាម ដើម្បី​ធ្វើការ​នៅ​ដើម​បូព៌ា។

ប្រេសិត​ពិសេស​នេះ គឺ​លោក Georges Mitchell អតីត​សមាជិក​ព្រឹទ្ធសភា និង​ធ្លាប់​ធ្វើជា​ប្រេសិត​ពិសេស​របស់​លោក Bill Clinton ហើយ​បាន​ដោះស្រាយ​យ៉ាង​ជោគជ័យ​នូវ​ជម្លោះ​​នៅ​អៀរឡង់​ខាង​ជើង។

នៅ​ថ្ងៃ​អង្គារនេះ លោក Mitchell បាន​ចាប់​ចេញ​ដំណើរ​ទៅ​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង ទៅកាន់​តំបន់​ដើមបូព៌ា ដើម្បី​ជួប​ជាមួយ​​ប្រមុខ​ដឹកនាំ​ប្រទេស​អេស៊ីព្ទ អ៊ីស្រាអែល ប៉ាឡេស្ទីន អារ៉ាប៊ី សាអ៊ូឌីត Jordanie និង​ទួរគី។ ក៏​ប៉ុន្តែ នេះ​គ្រាន់​តែ​ជា​ដំណើរ​ទស្សនកិច្ច​​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ ហើយ​ប្រហែល​ជា​មិន​មាន​លទ្ធផល​អ្វី​ធំដុំ​នោះ​ដែរ។ លោក Mitchell នឹង​ទៅ​ដើរ​មើល​មួយ​ជុំ​សិន​ ដើម្បី​​​ស្ទាបស្ទង់​មើល​អំពី​ជំហរ​​របស់​ប្រទេស​​ក្នុង​តំបន់​ជា​មុន​​សិន។ លោក​នឹង​ទៅ​​ស្តាប់​​គេ​​ ច្រើន​ជាង​ឲ្យ​យោបល់។ និយាយ​ឲ្យ​សាមញ្ញ នេះ​ជា​ដំណាក់​កាល​បឋម​មួយ​ ដែល​​​លោក Mitchell ​គ្រាន់​តែ​យក​ជើង​ទៅ​​ល​ក្នុង​ទឹក​បន្តិច​សិន ដើម្បី​ឲ្យ​ដឹង​ថា ទឹក​ហ្នឹង​​ក្តៅ ឬ​​ក៏​​ត្រជាក់​ប៉ុណ្ណា មុន​នឹង​ចុះ​ទៅ​ក្នុង​បឹង។

ម្យ៉ាង​វិញ​ទៀត នៅ​ពេល​នេះ អាមេរិក​​ក៏​នៅ​​មិន​ទាន់​ចង់​និយាយ​អ្វី​ច្រើន​ជា​មួយ​​អ៊ីស្រាអែល​នៅឡើយ​ដែរ ព្រោះថា រដ្ឋាភិបាល​របស់​​លោក Ehoud Olmert នឹង​ផុត​អាណត្តិនៅ​មួយ​ខែ​​ទៀត ហើយ​​ការ​បោះឆ្នោត​សភា​ថ្មី នឹង​ធ្វើ​ទៅ​ក្នុង​ខែ​ក្រោយ​នេះ។ ដូច្នេះ លោក Obama ប្រាកដ​ជា​ចង់​ចាំ​មើល​សិន​ថា តើ​គណបក្ស​ណា​នឹង​ឡើង​មក​កាន់​អំណាច​ក្រោយ​ការ​បោះឆ្នោត មុន​នឹង​ចាប់​ផ្តើម​និយាយ​សាច់ការ​ជា​មួយ​អ៊ីស្រាអែល៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល