ដោយ អ៊ឹង ចំរើន
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 05/04/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 06/04/2009 13:32 ម៉ោងសកល
លោក អាប់ភិស៊ីត វេចាជីវ៉ា (Abhisit Vejjajiva) នាយករដ្ឋមន្ត្រីថៃ បានបង្ហាញពីឆន្ទៈក្នុងការដោះស្រាយបញ្ហាព្រំដែន តាមរយៈជំនួបដោយផ្ទាល់ជាមួយសមភាគីរបស់ខ្លួនគឺលោក ហ៊ុន សែន នាកិច្ចប្រជុំអាស៊ាន និងប្រទេសដៃគូ នៅក្រុងប៉ាតាយ៉ា ប្រទេសថៃនាពេលខាងមុខ។ ប៉ុន្តែសម្រាប់កម្ពុជា នេះមិនមែនជាបញ្ហាអាទិភាពឡើយ សំខាន់គឺភាគីទាំងសងខាងត្រូវគោរពនូវអ្វីដែលជាគោលការណ៍ ដែលបានកំណត់ជាមួយគ្នាកន្លងមក។ នៅថ្ងៃអាទិត្យទី ០៥ មេសា មិនមានបញ្ហាអ្វីដែលគួរឲ្យសម្គាល់ឡើយ បន្ទាប់ពីជំនួបរវាងមេដឹកនាំកងទ័ពថ្នាក់តំបន់នៃប្រទេសទាំងពីរនៅវត្តកែវសិក្ខាគីរីស្វារៈ ប៉ុន្តែទោះជាយ៉ាងណាក្តី ភាគីទាំងសងខាងកំពុងប្រុងជើងការរៀងៗខ្លួន៕
សូមចុចខាងក្រោមនេះ ដើម្បីស្តាប់សេចក្តីរាយការណ៍របស់ អ៊ឹង ចំរើន ពីទីក្រុងភ្នំពេញ៖
«វាជាការដ៏គួរឲ្យសោកស្តាយសម្រាប់អ្នកដែលបានបាត់បង់ជីវិត យើងនឹងខិតខំពន្លឿនការចរចាដើម្បីឲ្យស្ថានការណ៍វិលទៅរកភាពធម្មតា» នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីថៃអាប់ភិស៊ីត វេចាជីវ៉ា (Abhisit Vejjajiva) នៅក្នុងកម្មវិធីទូរទស្សន៍មួយកាលពីព្រឹកថ្ងៃអាទិត្យទី ៥មេសា។ លោកបានបង្ហាញពីបំណងក្នុងការជួបពិភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំអាស៊ាន និងប្រទេសដៃគូរនៅក្រុងប៉ាតាយ៉ា ប្រទេសថៃនាសប្តាហ៍ខាងមុខ។

លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា
(រូបថត៖ ខឹម សុវណ្ណារ៉ា)
បើតាមលោក ខៀវ កាញ្ញារិទ្ធិ អ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជា លទ្ធភាពនៃជំនួបនេះនឹងអាចមាន ប៉ុន្តែវាមិនមែនជារឿងអាទិភាពឡើយ ដោយលោកលើកឡើងថា មធ្យោបាយដ៏ប្រសើរបំផុតនោះគឺការគោរពនូវអ្វីដែលជាគោលការណ៍ដែលបានឯកភាពជាមួយគ្នាកន្លងមក។ សម្រាប់លោក បញ្ហាព្រំដែនគឺជារឿងបច្ចេកទេសសុទ្ធសាធ ដែលត្រូវការពេលវេលាយូរដើម្បីដោះស្រាយ ចំនុចមួយដែលសំខាន់នោះ គឺដរាបណាការកាច់កុងផ្នែកនយោបាយរវាងរដ្ឋាភិបាល និងគណបក្សប្រឆាំងនៅប្រទេសថៃលើបញ្ហាព្រំដែន ពិសេស ប្រាសាទព្រះវិហារមិនទាន់ដោះ ស្រាយបានទេនោះ ការចរចានឹងមិនមានលក្ខណៈរលូនឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែអំពាវនាវឲ្យមានភាពស្ងប់ស្ងៀម ដោយទុកលទ្ធភាពដល់ផ្នែកជំនាញនៃប្រទេសទាំងពីរធ្វើការដោះស្រាយ ហើយលោកបានបដិសេធនូវការលើកយកវិបត្តិព្រំដែនខ្មែរ-ថៃ ដាក់ក្នុងរបៀបវារៈនៃកិច្ចប្រជុំអាស៊ាន ទោះបីជាមានប្រទេសជាសមាជិកមួយចំនួន ចង់ដើរតួជាអ្នកសម្របសម្រួលក្តី។
ការផ្ទុះអាវុធពីរលើកកាលពីថ្ងៃសុក្រទី ៣ មេសានៅតំបន់ព្រះវិហារដែលភាគីទាំងពីរចាត់ទុកថា ជាឧប្បត្តិហេតុតូចមួយ និងជាការយល់ច្រឡំ បានបណ្តាលឲ្យទាហានថៃស្លាប់ និងរបួសជាច្រើននាក់ ដោយតុល្យការនៃចំនួនគឺមានការលើកឡើងខុសៗគ្នា។ គ្មានកងទ័ពកម្ពុជាណាម្នាក់ទទួលរងនូវគ្រោះថ្នាក់ឡើយ។ តែកម្ពុជារងការខូចខាតទីស្នាក់ការអាជ្ញាធរមួយកន្លែង និងឆេះផ្សារលក់ដូរមួយដោយសារគ្រាប់កាំភ្លើងរបស់ថៃ។
ទោះបីជាកងទ័ពទាំងសងខាងកំពុងស្ថិតក្នុងលក្ខណៈត្រៀមរៀងៗខ្លួនក៏ដោយ តែនៅថ្ងៃអាទិត្យនេះ សភាពការណ៍មានការស្ងប់ស្ងាត់។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីអះអាងថា ជំនួបរវាងមេដឹកនាំកងទ័ពថ្នាក់តំបន់នៃប្រទេសទាំងពីរកាលពីព្រឹកមិញ បានផ្តល់នូវផ្លែផ្កាជាច្រើន។ បើតាមសម្តីរបស់លោក ភាគីថៃបានសន្យាសម្រួលការបោះទីតាំងទ័ព និងផ្តល់ព័ត៌មានដល់ភាគីកម្ពុជានៅរាល់ការចល័តកងទ័ពរបស់ខ្លួន។
នៅថ្ងៃច័ន្ទ និងថ្ងៃអង្គារខាងមុខនេះ គណៈកម្មការព្រំដែនចម្រុះនៃប្រទេសទាំងពីរនឹងជួបប្រជុំគ្នានៅភ្នំពេញ ដើម្បីបន្តការពិភាក្សាការងារដែលបានធ្វើកន្លងមក ក្នុងទិសដៅបញ្ជៀសនូវជម្លោះប្រដាប់អាវុធ៕
ទាក់ទងនឹងប្រធានបទនេះ
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល