publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

សុខភាព

ផ្តាសាយជ្រូក ៖ ការ​ប្រមូល​ផ្តុំដើម្បី​ទប់​ស្កាត់ និងការការពារ​ការ​ឆ្លង​

ដោយ អៀង សុខម៉ិញ

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 25/04/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  25/04/2009 12:14 ម៉ោងសកល

បន្ទាប់​ពី​បាន​ប្រកាស​ភាព​អាសន្ន​ នៃ​ការ​រាត​ត្បាត​របស់​ជម្ងឺ​គ្រុន​ផ្តាសាយ​ អស់​រយៈពេល​មួយ​សប្តាហ៍​មក ស្ថានភាព​នៃ​ជម្ងឺ​​នៅ​តែ​ជា​មន្ទិល​មួយ​ជានិច្ច​នៅ​ក្នុង​ប្រទេស​ម៉ិចស៊ិក។ ជម្ងឺ​ផ្តាសាយ​ខុស​រដូវ ដែល​បង្ក​មកពី​សត្វជ្រូក បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៦៨​នាក់ និង​កំពុង​មាន​ជម្ងឺ​ក្នុង​ខ្លួន​ចំនួន​ ១០០៤​នាក់​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​អាជ្ញាធរ​ម៉ិចស៊ិក។ ម្យ៉ាង​វិញ​ទៀត​នេះ​ វីរុស​នេះ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​​មា្នក់​ទៀត​បាន​​ដោយ​គ្មាន​ព្រំដែន​ ហេតុដូច្នេះ​ហើយ​បាន​ជា​សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ជិត​ខាង​ក៏មាន​ករណី​ឆ្លង​​ជម្ងឺ​ផ្តាសាយ​ជ្រូក​នេះ​ ដល់​ទៅ​៨​ករណី​ដែរ។

យោធា​ម៉ិចស៊ិក​ចែក​ចាយ​ម៉ាស​ដល់​អ្នក​ដំណើរ ថ្ងៃ​ទី​ ២៤ មេសា ២០០៩​(រូបថត : Reuters)

យោធា​ម៉ិចស៊ិក​ចែក​ចាយ​ម៉ាស​ដល់​អ្នក​ដំណើរ ថ្ងៃ​ទី​ ២៤ មេសា ២០០៩​
(រូបថត : Reuters)

ដើម្បី​ចៀសវាង​ការ​ឆ្លង​ជម្ងឺ​គ្រុន​ផ្តាសាយ​ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល អភិបាល​ក្រុង​​ម៉ិចស៊ិកកូ បាន​ ចេញ​ប្រកាស​ បន្ត​បិទ​ការិយាល័យ​សាធារណៈ​ទាំងអស់​ និង​បាន​ទូន្មាន​ដល់​ប្រជាជន​ឲ្យ​សំរាក​នៅ​ក្នុង​ផ្ទះ​រៀង​ខ្លួនៗ។

ចំណែក​ឯ​ ថ្នាំ​គ្រុន​ផ្តាសាយ​​វិញ​​លក់​ដាច់​អស់​ស្ទើរ​គ្មាន​សល់​ក្នុង​ស្តុក​នៅ​តាម​ឱសថស្ថាន​។ អាជ្ញាធរ​អាច​ផ្តល់​ព័ត៌មាន​បាន​គ្រប់​គ្រាន់​ទាន់ពេល​វេលា ដែល​​អាច​បញ្ចៀស​ភាព​ភ័យ​ស្លន់​ស្លោ​បាន​មែន ប៉ុន្តែ​ដើម្បី​ឲ្យ​បណ្តា​ជន​ម៉ិចស៊ិកូ​មាន​ភាព​ប្រុង​ប្រយ័ត្ន និង​រក្សា​អនាម័យ​ក្នុងការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន អាជ្ញាធរ​នៅ​តែ​ប្រកាន់​ជំហរ​យ៉ាង​មុត​មាំ​ថា​ ជម្ងឺ​ផ្តាសាយ​កើត​ក្នុង​ខែ​នេះ​មិន​មែន​ជា​គ្រោះ​ថ្នាក់​តូច​តាច​ឡើយ​។

វីរុស​នៃ​ជម្ងឺ​គ្រុន​ផ្តាសាយ​សត្វ​ជ្រូក​នេះ​ទំនង​ជា​វីរុស​ដែល​មាន​ទម្រង់​ Génétique ដូច​វីរុស​ដែល​កើត​នៅ​លើ​មនុស្ស​ជាច្រើន​នាក់​ ​នៅ​រដ្ឋ​កាលីហ្វ័នី សហរដ្ឋ​អាមេរិក។ វា​ក៏​ទំនង​ជា​វីរុស​ដែល​គេ​រក​ឃើញ កាលពី​ឆ្នាំ​១៩៧៦​ នៅ​លើ​សត្វ​ជ្រូក​អាស៊ី​បង្កាត់​ជាមួយ​ជ្រូក​អឺរុប។

ពង្រឹង​វិធានការ​ការពារ

ជម្ងឺ​គ្រុន​ផ្តាសាយ​នេះ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ ពីព្រោះ​វា​អាច​ក្លាយ​ទៅ​ជា​ជម្ងឺ​រលាក​សួត​រ៉ាំរៃ​ និង​អាច​ធ្វើ​ឲ្យ​អ្នក​ជម្ងឺ​ស្លាប់​បាន​។ អង្គការ​សុខភាព​ពិភពលោក​មិន​លាក់​កំបាំង​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​ឡើយ។ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​ផ្នែក​នេះ​បាន​ណែ​នាំ​ មិន​ឲ្យ​បណ្តា​ជន​ម៉ិចស៊ិក​ចាក់​ថ្នាំ​វាក់សាំង​ការពារ​ជម្ងឺ​គ្រុនផ្តាសាយ​ទេ ព្រោះ​វា​គ្មាន​ប្រសិទ្ធ​ភាព​សំរាប់​ពេល​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ​ អង្គការ​ត្រៀម​ជាស្រេច​នឹង​ធ្វើ​អន្តរាគមន៍ ដោយ​ប្រើ​ពពួក​ថ្នាំ ប្រឆាំង​នឹង​វីរុស ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង។

រដ្ឋាភិបាល​ប្រទេស​ម៉ិចស៊ិក បាន​ប្រមែប្រមូល​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ចំនួន​ទាំង​​ ៣២ រដ្ឋ​ ដើម្បី​ពិភាក្សា​គ្នា​លើ​ប្រធានបទ​ជា​បន្ទាន់​នេះ។ ពេល​នេះ​ ក្រុម​សុខាភិបាល​ក្តាប់​​បាន​ស្ថានភាព​ទូទៅ​នៃ​ការ​ឆ្លង​ជម្ងឺ​​ហើយ តែ​គេ​ត្រូវ​តែ​ពង្រឹង​វិធានការ​ការពារ។

វីរុស​គ្រុន​ផ្តាសាយ​ជ្រូក

នៅ​សហរដ្ឋ​អាមេរិក មាន​ករណី​កើត​ជម្ងឺ​ចម្លែក​​នេះ​តែ ៨​ករណី​ប៉ុណ្ណោះ។ ពេល​នេះ​អ្នក​ជម្ងឺ​ទាំង​៨​រូប​ ក៏បាន​ជា​សះស្បើយ​ហើយ។

ប៉ុន្តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​តែ​ព្រួយ​បារម្ភ និង​មិន​ធ្វេស​ប្រហែស​ចំពោះ​ជម្ងឺ​នេះ​ឡើយ។ ពី​ព្រោះ​ជា​បឋម ការ​រាតត្បាត​នៅ​ប្រទេស​ម៉ិចស៊ិក មាន​ទំហំ​ធំ​ធេង បន្ទាប់​មក​ទៀត អ្នក​រង​គ្រោះ​កើត​ជម្ងឺ​ផ្តាសាយ​សត្វ​ជ្រូក​សុទ្ធ​តែ​ជា​មនុស្ស​ក្មេង​ពេញ​កម្លាំង និង​ពុំ​ដែល​មាន​ការ​ប៉ះពាល់​ជាមួយ​សត្វ​ ឬ​សាច់​ជ្រូក​ទេ ជាហេតុ​ធ្វើ​ឲ្យ​អ្នក​ឯកទេស​គិត​ថា​ វីរុស​នេះ​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស។ និង​ជា​ចុង​ក្រោយ​ ការសិក្សា​លើ​វីរុស​បង្ហាញ​ថា​វីរុស​គ្រុន​ផ្តាសាយ​ជ្រូក ហាក់​មាន​ការ​លាយ​ច្របល់​គ្នា​យ៉ាង​ខ្លាំង​រវាង​មេរោគ​គ្រុន​ផ្តាសាយ​ជ្រូក គ្រុន​ផ្តាសាយ​បក្សី និង គ្រុន​ផ្តាសាយ​មនុស្ស៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល