publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

គ្រុន​ផ្តាសាយ​ជ្រូក

អង្គការ​សុខភាព​ពិភព​លោក​ទាញ​សញ្ញា​អាសន្ន

ដោយ អៀង សុខម៉ិញ

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 26/04/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  26/04/2009 12:25 ម៉ោងសកល

រដ្ឋាភិបាល​ម៉ិចស៊ិក បាន​ពង្រឹង​វិធានការ​ការពារ​សុវត្ថិភាព​យ៉ាង​ហ្មត់ចត់ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​គ្រុន​ផ្តាសាយ​ជ្រូក ដែល​រហូត​មក​ទល់​នឹង​ថ្ងៃ​សៅរ៍​ម្សិលមិញ បាន​សម្លាប់​ជីវិត​មនុស្ស​ថែម​២០​នាក់​ទៀត​ហើយ។ ជា​សរុប​មាន​ស្លាប់​ប្រមាណ​ជាង​៨០ នាក់​​ នៅ​ប្រទេស​ម៉ិចស៊ិក។ នេះ​បើតាម​ការ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ម៉ិចស៊ិក។ ពុំ​ទាន់​មាន​ករណី​ស្លាប់​នៅ​សហរដ្ឋអាមេរិក​ទេ ប៉ុន្តែ​មាន​អ្នក​ឆ្លង​មេរោគ​គ្រុន​ផ្តាសាយ​ជ្រូក​ថ្មី​ៗ​បន្ថែម​ទៀត។ អាជ្ញាធរ​អាមេរិក​កំពុង​តែ​រៀបចំ​ឲ្យ​មាន​​កន្លែង​សង្គ្រោះ​បន្ទាន់​សំរាប់​ទទួល​អ្នក​ជម្ងឺ​នេះ ហើយ​បាន​ចេញ​អនុសាសន៍​ឲ្យ​បណ្តា​ជន​ទូទៅ​មាន​ការ​ប្រុង​ប្រយ័ត្ន។ ចំពោះ​អង្គការ​សុខភាព​ពិភព​លោក ពេល​វេលា​កាន់​តែ​បន្ទាន់​ហើយ ពី​ព្រោះ​មេរោគ​គ្រុន​ផ្តាសាយ​ជ្រូក​កំពុង​ធ្វើ​ការ​រាត​ត្បាត​យ៉ាង​ពេញ​ទំហឹង​។

អាកាស​យានដ្ឋាន Mexico ថ្ងៃ​ទី ២៥ មេសា ២០០៩(រូបថត : Reuters)

អាកាស​យានដ្ឋាន Mexico ថ្ងៃ​ទី ២៥ មេសា ២០០៩
(រូបថត : Reuters)

ម៉ិចស៊ិក​កំពុង​តែ​អនុវត្ត​តាម​ការ​ទូន្មាន​របស់​អង្គការ​សុខភាព​ពិភព​លោក​ ដោយ​គ្មាន​លំអៀងបន្តិច​ទេ ក្នុង​ការ​ចាត់​វិធានការ​ការពារ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​គ្រុនផ្តាសាយ​ជ្រូក។

ក្រិត្យ​ចំនួន​១២ ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​​ចេញ​ជា​បន្ត​បន្ទាប់ សំរាប់​ក្រុង​ម៉ិចស៊ិកូ និង​រដ្ឋ​នៅ​ជុំវិញ​ មាន​ជាអាទិ៍​ ៖ ក្រុម​ភ្នាក់ងារ​រក្សា​សុខភាព​ និង​​អនាម័យ​មាន​សិទ្ធ​ចូល​ត្រួត​ពិនិត្យ​ឆែក​ឆេរ​ តាម​ផ្ទះ​ប្រជាជន​។​ យក​អ្នក​ជម្ងឺ​ទៅ​ព្យាបាល​ដាក់​ដោយ​ឡែក​។ អ្នក​ដំណើរ​នៅ​តាម​អាកាស​យានដ្ឋាន​ និង​នៅ​តាម​ចំណត​រថយន្ត​ ដែល​មាន​អាការៈ​គ្រុន​ផ្តាសាយ​ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​ចាប់​ពិនិត្យ​ព្យាបាល​សុខភាព​នៅ​ផ្ទាល់​កន្លែង​ភ្លាម។ ប៉ុន្តែ​ពុំ​មាន​បិទ​អាកាស​យាន​ដ្ឋាន​ទេ។ មណ្ឌល​សុខភាព​ពេល​យប់​ចំនួន​ជាង​៤៤៧​កន្លែង​ ត្រូវ​បាន​បង្កើត​ឡើង។

សាលា​រៀន មហាវិទ្យាល័យ ត្រូវបិទ​ទ្វារ​រហូត​ដល់​ថ្ងៃ​ទី​៦ ឧសភា។ កម្មវិធី​សិល្បៈ វប្បធម៌ និង​ការ​ជួបជុំ​ផ្សេង​ ចំនួន​៥៥៣ កម្មវិធី ត្រូវ​លប់​កម្មវិធី​របស់​ខ្លួន​ចោល​ទាំងអស់​ ដើម្បី​ចៀស​វាង​ការ​ប្រមូល​ផ្តុំ​មនុស្ស។ សូម្បី​តែ​ វិហារ​កាតូលិកក៏​​បាន​ប្រកាស​បិទ​ទ្វារ មិន​ធ្វើ​ការ​សូត្រ​ធម៌​ថ្ងៃ​អាទិត្យ​នេះ​ទេ ដើម្បី​ឆ្លើយ​តប​នឹង​ការ​អំពាវ​នាវ​របស់​ក្រសួង​សុខាភិបាល។ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​ការងារ បាន​ជូនដំណឹង​ថា​សកម្មភាព​សេដ្ឋកិច្ច​នៅ​មាន​ដំណើរ​ជា​ធម្មតា។

សាលា​រៀន​​ឯកជនSaint Francisនៅ​ទី​ក្រុង​ New Yorkបាន​បិទ​ទ្វារ​ព្រោះ​មាន​កូន​សិស្ស​៨​នាក់​ ទំនង​ជា​កើត​ជម្ងឺ​គ្រុន​ផ្តាសាយជ្រូក(រូបថត : Reuters)

សាលា​រៀន​​ឯកជនSaint Francisនៅ​ទី​ក្រុង​ New Yorkបាន​បិទ​ទ្វារ​ព្រោះ​មាន​កូន​សិស្ស​៨​នាក់​ ទំនង​ជា​កើត​ជម្ងឺ​គ្រុន​ផ្តាសាយជ្រូក
(រូបថត : Reuters)

ចំណែក​នៅ​សហរដ្ឋ​អាមេរិក អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​សុខភាព​​បាន​អះអាង​ថា​ពុំ​មាន​អ្វី​គួរ​ឲ្យ​ភ័យ​ស្លន់​ស្លោ​ទេ ប៉ុន្តែករណី​កើត​ជម្ងឺ​គ្រុន​ផ្តាសាយ​ជ្រូក​ដំបូង​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​រដ្ឋ​ Texas និង​រដ្ឋ​ Californie ជាប់​ព្រំ​ប្រទល់​ជាមួយ​ប្រទេស​ម៉ិច​សិក និង​មាន​ករណី​បន្ត​បន្ទាប់​ទៀត​នៅ​រដ្ឋ​ផ្សេង​ទៀត។ នៅ​ទីក្រុង New York សិស្ស​​៨ នាក់​នៅ​ក្នុង​សាលា​ឯក​ជន​មួយ​បាន​ធ្លាក់​ខ្លួន​ឈឺ។ ជម្ងឺ​ដែល​ទំនង​ជា​ជម្ងឺ​គ្រុន​ផ្តាសាយ​ជ្រូក។

អាជ្ញាធរ​មាន​សមត្ថកិច្ច​ម៉ិចស៊ិកូ​ បាន​ជូន​ព័ត៌មាន​បញ្ជាក់​ថា​ មេរោគ​គ្រុនផ្តាសាយ​ជ្រូកពិត​ជា​បាន​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​មែន ជា​ហេតុធ្វើ​ឲ្យ​អង្គការ​សុខភាព​​ពិភពលោក​កាន់​ព្រួយ​បារម្ភ​ខ្លាំង​ឡើង​ និង​ទាញ​សញ្ញា​អាសន្ន​ ព្រោះ​នេះ​ជា​វីរុស​ដំបូង​ ដែល​អាច​ប្តូរ​បំផ្លែង ឆ្លង​ពី​សត្វ​ទៅ​សត្វ សត្វ​មក​មនុស្ស បន្ទាប់​មក​ពី​មនុស្ស​ទៅ​មនុស្ស ហើយ​អ្នក​ឆ្លង​​​ជម្ងឺ​នេះ​សុទ្ធ​សឹង​ជា​យុវជន​ពេញ​កម្លាំង​មាន​សុខភាព​ល្អពី​មុន​មក៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល