publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

ព្រំដែនខ្មែរ-ថៃ

នាយក​រដ្ឋមន្ត្រី​ខ្មែរ​បដិសេធ​មិន​និយាយ​រឿង​ព្រះវិហារ​ជាមួយ​ឧប​នាយក​រដ្ឋមន្ត្រី​ថៃ

ដោយ លី ម៉េងហួរ

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 25/06/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  25/06/2009 12:53 ម៉ោងសកល

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​ចុះបញ្ជី​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក មិនមែន​ជា​របៀបវារៈ នៅក្នុង​ជំនួប​ជាមួយ​ឧប​នាយក​រដ្ឋមន្ត្រី​ថៃ នៅ​ថ្ងៃ​សៅរ៍​ចុង​អាទិត្យ​នេះ​ឡើយ។ ឧប​នាយក​រដ្ឋមន្ត្រី​ថៃ លោក Suthep Taugsuban រួមនឹង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ថៃ នឹង​ត្រូវ​ធ្វើដំណើរ​មក​កាន់​កម្ពុជា​ក្រៅ​ផ្លូវការ ដើម្បី​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន។

សេចក្តីរាយការណ៍​របស់​ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ

25/06/2009

លោក​ ហ៊ុន សែន បដិសេធ​មិនព្រម​និយាយ​រឿងព្រះវិហារ​ជាមួយ​ឧបនាយករដ្ឋមន្រ្តីថៃ

លោក​ ហ៊ុន សែន បដិសេធ​មិនព្រម​និយាយ​រឿងព្រះវិហារ​ជាមួយ​ឧបនាយករដ្ឋមន្រ្តីថៃ

ជា​សារ​នយោបាយ​របស់​នាយក​រដ្ឋមន្ត្រី ផ្ញើ​ទៅកាន់​ពលរដ្ឋ​ខ្មែរ ជាពិសេស ផ្ញើ​ទៅកាន់​រដ្ឋាភិបាល​ក្រុង​បាងកក តែ​២ថ្ងៃ​ប៉ុណ្ណោះ នៅ​មុន​ដំណើរ​ក្រៅផ្លូវការ​របស់​ឧប​នាយក​រដ្ឋមន្ត្រី​ថៃ លោក Suthep Taugsuban ដែល​នឹង​ត្រូវ​ចូល​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដល់​គេហដ្ឋាន​ ក្នុង​ខេត្ត​កណ្តាល នា​ថ្ងៃ​សៅរ៍ ទី២៧​មិថុនា ខាងមុខ។

ជំនួប​ទល់មុខ​ជាមួយ​ឧប​នាយក​រដ្ឋមន្ត្រី រួមនឹង​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុក​ថា ជា​ជំនួប​ធម្មតា ដែល​មាន​ការ​ពិភាក្សា​មួយចំនួន តែ​ក្នុង​ឋានៈ​ជា​មិត្តិភ័ក្តិ។

ក៏ប៉ុន្តែ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា នៅ​ទីក្រុង​ភ្នំពេញ​ថ្ងៃ​ព្រហស្បតិ៍ ទី២៥​មិថុនា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សង្កត់ធ្ងន់​ថា លោក​មិនអាច​ទទួល​ស្តាប់​នូវ​ការ​ពន្យល់​របស់​ឧប​នាយក​រដ្ឋមន្ត្រី​ថៃ អំពី​រឿង​ប្រាសាទ​ព្រះវិហារ​ទេ លើកលែង​តែ​ការ​ពន្យល់​នោះ​ថា ថៃ​នឹង​ដក​កងទ័ព​ចេញ​ពី​ទឹកដី​កម្ពុជា ដែល​ជា​តំបន់​ព្រំដែន​មាន​ជម្លោះ។

ថ្មីៗនេះ លោក​នាយក​រដ្ឋមន្ត្រី​ថៃ Abhisit Vejjajiva បាន​អះអាង​ថា រដ្ឋាភិបាល​របស់​លោក​នឹង​បញ្ជូន​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ថៃ Suthep Taugsuban ដើម្បី​មក​ជួប​ដោយ​ផ្ទាល់​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ដំណើរ​ក្រៅផ្លូវការ​ មកកាន់​កម្ពុជា នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ ដើម្បី​ពន្យល់​ឲ្យ​ច្បាស់​ពី​ការ​ជំទាស់​របស់​ថៃ​លើ​ការ​ចុះឈ្មោះ​​ប្រាសាទ​ព្រះវិហារ និង​ការ​ស្នើសុំ​របស់​ថៃ ទៅកាន់​អង្គការ​យូណេស្កូ ឲ្យ​សើរើ​ការ​ចុះ​បញ្ជី​នេះ ដោយ​ថៃ​ចង់​ឲ្យ​មាន​ការ​ចុះឈ្មោះ​រួម​ជាមួយ​កម្ពុជា ដើម្បី​ធ្វើ​ជា​សហប្រធាន​លើ​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

ក៏ប៉ុន្តែ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ផ្ញើ​សារ​ទៅ​ថៃ​វិញ​ថា ប្រាសាទ​ព្រះវិហារ​គឺ​ស្ថិត​នៅក្នុង​ទឹកដី​អធិបតេយ្យ​របស់​ខ្មែរ។ នេះ​បើ​ផ្អែក​តាម​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ ឆ្នាំ១៩៦២។ ដូច្នេះ ថៃ​មិនអាច​មក​ស្នើ​សុំ​ធ្វើ​ជា​សហប្រធាន​លើ​កម្មសិទ្ធិ​របស់​កម្ពុជា​បាន​ទេ។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៥​មិថុនា​នេះ ពី​ទីក្រុង​បាងកក​ឯណោះ​វិញ មេបញ្ជាការ​កងទ័ព ប្រចាំ​ភូមិភាគ ២ របស់​ថៃ លោក​ឧត្តមសេនីយ៍ Viboonsak Neepal បាន​ថ្លែង​ក្នុង​កាសែត​បាងកក​ប៉ុស្តិ៍ ដោយ​ក្រើន​រំឭក​ដល់​កងទ័ព​ថៃ​ ដែល​ឈរជើង​ នៅតាម​បណ្តោយ​ព្រំដែន​ប្រាសាទ​ព្រះវិហារ ឲ្យ​ប្រុង​ជើងការ ត្រៀម​ប្រយុទ្ធ ប្រសិន​បើ​មាន​ហេតុការណ៍​ចាំបាច់។ មេបញ្ជាការ​កងទ័ព​ថៃ​អះអាង​ថា កងទ័ព​កម្ពុជា រួមទាំង​សព្វាវុធ​ថ្មីៗ ត្រូវ​បាន​បញ្ជូន​កាន់តែ​ច្រើន ទៅកាន់​តំបន់​ព្រំដែន​ជម្លោះ ជិត​ប្រាសាទ​ព្រះវិហារ។

យ៉ាងណា​ក៏ដោយ នៅក្នុង​សារ​នយោបាយ​ដោយ​ផ្ទាល់មាត់​ នៅ​ថ្ងៃ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​គូសបញ្ជាក់​ថា កម្ពុជា​ចង់​ដោះស្រាយ​ទំនាស់​ដោយ​សន្តិវិធី ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​ស្ថានការណ៍​ នៅ​ព្រំដែន​កម្ពុជា-ថៃ ជិត​ប្រាសាទ​ព្រះ​​វិហារ វិល​ទៅរក​ស្ថានភាព មុន​ថ្ងៃ១៥ កក្កដា ឆ្នាំ២០០៨។ នោះ​គឺ​តំបន់​ព្រំដែន ដែល​គ្មាន​ជម្លោះ និង​គ្មាន​កងទ័ព​ឈរជើង៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល