ដោយ លី ម៉េងហួរ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 14/07/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 14/07/2009 11:32 ម៉ោងសកល
លោក ម៉ម ណៃ ហៅ ចាន់ អតីតអ្នកសួរចម្លើយនៅគុកទួលស្លែង បាននិយាយតិចតួចពីសកម្មភាពឧក្រិដ្ឋនៅគុកទួលស្លែង ប្រាប់ដល់អង្គសវនាការកាត់ទោស ឌុច នៅថ្ងៃអង្គារ ទី១៤កក្កដានេះ។ លោក ម៉ម ណៃ បានព្យាយាមមិនលើកឡើងពីសកម្មភាពផ្ទាល់ខ្លួន និងសូម្បីតែសកម្មភាពរបស់ ឌុច ក៏លោក ម៉ម ណៃ ឆ្លើយថាមិនដឹងដែរ។
ភាគច្រើននៃចម្លើយតបនឹងចៅក្រម ដែលទាក់ទងនឹងសកម្មភាពផ្ទាល់ខ្លួន ក៏ដូចជាសកម្មភាពឧក្រិដ្ឋរបស់លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច គឺនៅក្នុងអង្គសវនាការថ្ងៃអង្គារនេះ លោក ម៉ម ណៃ ហៅ ចាន់ បានឆ្លើយស្ទើរតែគ្រប់សំណួរថា លោកក្តាប់មិនបាន ឬមិនបានដឹងទេពីបញ្ហានោះ ជាពិសេសមិនដឹងពីការធ្វើទារុណកម្មលើអ្នកទោសឡើយ។
ចំពោះមុខតុលាការ លោក ម៉ម ណៃ បានអះអាងថា មិត្ត ឌុច បានប្រគល់ភារៈកិច្ចឲ្យលោកសួរចម្លើយអ្នកជាប់ចោទ ដែលមិនសំខាន់ រួមទាំងសួរចម្លើយលើឈ្លើយសឹក ជាកងទ័ពវៀតណាម។ អំពីទារុណកម្មក្នុងការសួរចម្លើយ ក៏លោក ម៉ម ណៃ អះអាងថា លោកមិនដែលបានប្រើទេ ព្រោះលោកយល់ថា ការធ្វើទារុណកម្ម មិនបានចម្លើយល្អទេ។
ឆ្លើយនឹងសំណួររបស់ចៅក្រម មានពេលខ្លះលោក ម៉ម ណៃ បានគូសបញ្ជាក់ថា មិត្ត ឌុច មិនដែលបង្រៀនលោក ពីការធ្វើទារុណកម្មទេ។ ចំណែកអ្នកផ្សេងទៀត លោកមិនដឹងថា ឌុចបានណែនាំគេឲ្យធ្វើទារុណកម្ម ឬយ៉ាងណាទេ។
ប្រហែលជាមកពីការព្រួយបារម្ភ ខ្លាចទទួលរងការចោទប្រកាន់លើសហឧក្រិដ្ឋកម្មរួម នៅគុកទួលស្លែងជាមួយឌុច ដែលមេធាវីបានលើកឡើងពីថ្ងៃម្សិលមិញ បានជាធ្វើឲ្យលោក ម៉ម ណៃ នៅថ្ងៃនេះ មិននិយាយច្រើនពីសកម្មភាពផ្ទាល់ខ្លួន សូម្បីតែសកម្មភាពរបស់ ឌុច ក៏លោក ម៉ម ណៃ មិនអត្ថាធិប្បាយច្រើនដែរ។
អំឡុងពេល លោក ម៉ម ណៃ ឆ្លើយតបនឹងសំណួររបស់ចៅក្រម គេឃើញ ឌុច ដែលអង្គុយនៅជ្រុងម្ខាង ក្រោយខ្នងមេធាវី (ឌុច) បានសម្លឹងមើលលោក ម៉ម ណៃ ដោយទឹកមុខញញឹមជានិច្ច។
នៅមុនបិទបញ្ចប់សវនាការមុននេះបន្តិច ឌុច បានព្យាយាម ការពារលើលោក ម៉ម ណៃ ដែលជាអតីតកូនចៅក្រោមបង្គាប់របស់ខ្លួនផងដែរ។ ឌុច បានឆ្លើយជំនួស លោក ម៉ម ណៃ នៅពេលចៅក្រម សួរពីរឿងបញ្ជីអ្នកទោស ដែលដាក់ឈ្មោះ អ្នកកត់ត្រា ថា ចាន់។ ចាន់ ជាឈ្មោះបដិវត្តរបស់លោក ម៉ម ណៃ។ ឌុចពន្យល់ថា ការដាក់ឈ្មោះ ចាន់ លើបញ្ជីអ្នកទោស គឺជាការក្លែងបន្លំ ដែលធ្វើឡើង គ្រាន់តែបម្រើផ្នែករដ្ឋបាល ដើម្បីកំណត់ពីចំនួនអ្នកទោសនៅគុកទួលស្លែងប៉ុណ្ណោះ បង ម៉ម ណៃ មិនដឹងរឿងទេ។
លោក ម៉ម ណៃ ដែលចូលតុលាការពេលនេះ ក្នុងនាមជាសាក្សី បានត្រូវតុលាការអនុញ្ញាតឲ្យលោក ម៉ម ណៃ មានជំនួយពីមេធាវីខ្មែរម្នាក់ គឺលោកមេធាវី គង់ សំអុន។ លោកមេធាវី គង់ សំអុន ដែលជាអតីតមេធាវីការពារលោកស្រី មូរ សុខហួរ។
លោក ម៉ម ណៃ ហៅ ចាន់ អាយុ ៧៦ ឆ្នាំ បានបញ្ចប់ការសិក្សាផ្នែកបរិញ្ញាប័ត្រអក្សរសាស្ត្រខ្មែរ និងចេះភាសាបារាំងយ៉ាងស្ទាត់ជំនាញ។ លោក ជាមិត្តរួមថ្នាក់របស់ ឌុច នៅពេលរៀននៅសាលាគរុកោសល្យ មុនឆ្នាំ១៩៧០។ រហូតដល់ឆ្នាំ ១៩៧៣ លោក ម៉ម ណៃ បានរត់ចូលព្រៃតស៊ូបដិវត្តខ្មែរក្រហមជាមួយ ឌុច មុនពេលលោកទៅធ្វើការក្រោមបង្គាប់របស់ ឌុច នៅគុកអមលាំង ឬ ម ១៣ ក្នុងខេត្តកំពង់ស្ពឺ និងបន្តមកធ្វើជាមនុស្សជំនិតរបស់ឌុច នៅគុកទួលស្លែងក្នុងឆ្នាំ១៩៧៥៕
ទាក់ទងនឹងប្រធានបទនេះ
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល