ដោយ អ៊ឹង ចំរើន
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 07/09/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 07/09/2009 12:09 ម៉ោងសកល
កាលពីព្រឹកថ្ងៃច័ន្ទ ទី០៧ កញ្ញានេះ រដ្ឋាភិបាលកម្ពុជាបានផ្សព្វផ្សាយ ជាផ្លូវការនូវលទ្ធផលជំរឿនប្រជាពលរដ្ឋដែលបានធ្វើឡើងកាលពីឆ្នាំ២០០៨ កន្លងមក។ លទ្ធផលបានបង្ហាញថា ចាប់តាំងពីឆ្នាំ ១៩៩៨មក ប្រជាពលរដ្ឋកម្ពុជាមានការកើនឡើង ១,៩៦ភាគរយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា បើគ្មានការបង្រួបបង្រួមជាតិទេនោះ ការងារស្ថិតិថ្នាក់ជាតិនេះ មិនអាចសម្រេចជាផ្លែផ្កាបានឡើយ។ លោកក៏បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះតួលេខវិជ្ជមាននានា ទាក់ទងនឹងប្រជាពលរដ្ឋដែលបានរកឃើញតាមរយៈជំរឿននេះ។
អំណឹះតទៅ កម្ពុជាមានតួលេខថ្មីហើយទាក់ទងនឹងចំនួនប្រជាពលរដ្ឋ។ លទ្ធផលជំរឿនថ្នាក់ជាតិ លើកទីពីរនៅឆ្នាំ ២០០៨ បានបង្ហាញថា កម្ពុជាមានប្រជាពលរដ្ឋ ១៣,១៣៤ លាននាក់ ពោលគឺមានការកើនឡើង ១,៩៦ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ១៩៩៨ ដែលមានចំនួន ១១,៤លាននាក់។ កំពង់ចាមនៅតែជាខេត្ត ដែលមានចំនួនប្រជាពលរដ្ឋច្រើនជាងគេដដែល។
យោងតាមលទ្ធផលដែលទទួលបាន ប្រជាពលរដ្ឋប្រមាណ ៩៣ភាគរយមានលំនៅដ្ឋានផ្ទាល់ខ្លួន ដោយឡែកដង់ស៊ីតេប្រជាពលរដ្ឋកើនឡើង ពី៦៤នាក់ទៅ ៧៥នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ តែផ្ទុយទៅវិញ អត្រាកំណើនប្រចាំឆ្នាំមានការថយចុះពី ២,៤៩ភាគរយ នៅឆ្នាំ ១៩៩៨ មក ១,៥៤ ភាគរយនៅឆ្នាំ ២០០៨។
សម្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អត្រាកំណើនទាបនៃចំនួនប្រជាពលរដ្ឋ គឺជាជោគជ័យមួយរបស់រដ្ឋាភិបាលក្នុងការលើកម្ពស់សុខមាលភាពរស់នៅ និងសេដ្ឋកិច្ចគ្រួសារ។ លោកបន្ថែមថា កម្ពុជាជាប្រទេស ដែលពោរពេញទៅដោយសន្តិភាព ព្រោះថាគេអាចធ្វើជំរឿនលើប្រជាពលរដ្ឋទាំងអស់ ខណៈដែលប្រទេសមួយចំនួនមិនទាន់មានការបង្រួបបង្រួមជាតិនៅឡើយ ដែលជាលក្ខខណ្ឌមួយដ៏ពិបាកក្នុងការស្រង់ស្ថិតិប្រជាពលរដ្ឋ។
ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពទូទៅរបស់អ្នករស់នៅជនបទ និងអ្នករស់នៅទីប្រជុំជន នៅតែមានគម្លាតឆ្ងាយគ្នានៅឡើយនេះ បើពឹងផ្អែកលើសម្ភារៈប្រើប្រាស់ផ្សេងៗ និងការទទួលបាននូវវិស័យព័ត៌មានវិទ្យា។
លោក ហ៊ុន សែន អះអាងថារដ្ឋាភិបាលនឹងខិតខំកាត់បន្ថយជាអប្បបរិមានៃការធ្វើចំណាកស្រុក ពីជនបទមកទីប្រជុំជន ដើម្បីរកការងារធ្វើ តាមរយៈការអភិវឌ្ឍន៍ជនបទ ពិសេសវិស័យកសិកម្ម និងឧស្សាហកម្ម។
តំណាងអង្គការក្រៅរដ្ឋាភិបាលមួយរូប ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានបង្ហាញពីភាពមន្ទិលចំពោះការងារស្រង់ស្ថិតិនេះ ដោយលោកវាយតម្លៃថា ក្នុងចំណោមមនុស្សជាង ១៣លាន អាចមិនមែនជាប្រជាពលរដ្ឋខ្មែរទាំងអស់ឡើយ។
ប៉ុន្តែលោក ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការបានអះអាងពីសុក្រឹតភាពនៃការធ្វើជំរឿនថ្នាក់ជាតិនេះ ដែលមានការចូលរួមពីមន្រ្តីជំរឿនរាប់ពាន់នាក់ ដែលអនុវត្តការរាប់សម្ភាសន៍ជាក់ស្តែង។ ជំរឿននេះទទួលបានការឧបត្ថម្ភពីអង្គការ UNFPA JICA និងរដ្ឋាភិបាលអាឡឺម៉ង់៕
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល