publicite publicite
 
Chargement en cours...
ស្វែងរក

/ languages

Choisir langue
 

គ្រោះមហន្តរាយ

អាជ្ញាធរ​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​ទឹកជំនន់

ដោយ អ៊ឹង ចំរើន

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 08/09/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  08/09/2009 12:36 ម៉ោងសកល

កាល​ពី​ថ្ងៃ​ទី ០៧ កញ្ញា ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ ពិសេស​កំណាត់​ផ្លូវជាតិ​លេខ ៤ បាន​ទទួល​រងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ទឹក​ជំនន់ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​បី-បួន​ថ្ងៃ​ជាប់​គ្នា​មក។ តួលេខ​ដំបូង​បង្ហាញ​ថា បុរស​ពីរ​នាក់​បាន​ស្លាប់ ហើយ​ទ្រព្យសម្បត្តិ​មួយ​ចំនួន​រង​ការ​ខូចខាត និង​បាត់បង់។ មួយ​ថ្ងៃ​ក្រោយ​មក លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​កន្លែង​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត។ ក្រសួង​ធនធានទឹក​បាន​ណែនាំ​ជា​ពិសេស​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ទន្លេ​មេគង្គ ទន្លេ​សាប ទន្លេ​បាសាក់ និង​តំបន់​ទន្លេ​នៅ​ភូមិភាគ​ឦសាន្ត ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​រាល់​គ្រោះថ្នាក់​នានា។

សេចក្តី​រាយការណ៍​របស់​ អ៊ឹង ចំរើន ពី​ទី​ក្រុង​ភ្នំពេញ​

08/09/2009

ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ​កំពុង​ទទួល​រងគ្រោះ​ដោយ​ទឹក​ជំនន់(រូបថត៖ ខឹម សុវណ្ណារ៉ា)

ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ​កំពុង​ទទួល​រងគ្រោះ​ដោយ​ទឹក​ជំនន់
(រូបថត៖ ខឹម សុវណ្ណារ៉ា)

បុរស​ពីរ​នាក់​ត្រូវ​បាន​រាយការណ៍​ថា​ស្លាប់ ហើយ​ផ្ទះសម្បែង ទីផ្សារ អាគារសាធារណៈ រួម​ទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន ទទួល​រង​ការ​លិច​លង់ និង​ខូចខាត​ដោយសារ​ទឹក​ជំនន់​ដែល​បង្ក​ឡើង​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី ០៧ កញ្ញា។ ស្ថានភាព​នេះ​បាន​ជំរុញ​ឲ្យ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះ​ពិនិត្យ​ដល់​កន្លែង​ផ្ទាល់​ត្រង់​ចំណុច​ស្ពាន​ព្រះ​ពន្លា​ខេត្ត​កំពត។ ដោយសារ​តែ​ការ​លិច​លង់ ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​បាន​ទទួល​នូវ​ការ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ប៉ុន្តែ​មិន​ទាន់​មាន​របាយការណ៍​ណា​មួយ​បញ្ជាក់​ឲ្យ​ដឹង​ពី​ទំហំ​នៃ​ការ​ខូចខាត​នេះ​ឡើយ។

នៅ​ឯ​ខេត្ត​ព្រះសីហនុ ផ្ទះ​ប្រជាពលរដ្ឋ​រាប់​រយ​ខ្នង​បាន​លិច​លង់ ហើយ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ៤ ពិសេស​ត្រង់​ស្ពាន​សំរោង និង​ស្ពាន​កំពង់​សិលា​ត្រូវ​បាន​កាត់​ផ្តាច់។ ប៉ុន្តែ​នៅ​ថ្ងៃ អង្គារ៍​ទី ០៨ កញ្ញា​នេះ លោក​អភិបាល​ខេត្ត ស្បោង សារ៉ាត់​បាន​ឲ្យ​វិទ្យុបារាំង​អន្តរជាតិ​ដឹង​ថា ស្ថានភាព​មាន​ការ​ធូរស្រាល​បន្តិច​ហើយ។ បើ​តាម​ប្រសាសន៍​របស់​លោក ទឹក​មាន​ការ​ស្រក​ចុះ​ច្រើន ដែល​អនុញ្ញាត្តិ​ឲ្យ​ចរាចរណ៍​នៅ​លើ​ផ្លូវជាតិ​លេខ​៤ វិល​ទៅ​រក​ភាព​ប្រក្រតី។

ទោះ​យ៉ាង​ណា លោក​នៅ​តែ​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​បាតុភូត​ធម្មជាតិ​មួយ​នេះ ដោយ​ពង្រឹង​កិច្ច​សហប្រតិការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​កង​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​ត្រៀម​សង្គ្រោះ​បន្ទាន់។ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម បាន​ប្រកាស​ឲ្យ​ដឹង​ថា ឥទ្ធិពល​សម្ពាធ​ទាប​មក​លើ​អាង​ទន្លេ​មេគង្គ​បាន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ភាគ​ឦសាន្ត​នៃ​ប្រទេស។ ក្រសួង​បាន​ធ្វើ​ការ​អំពាវនាវ​ជាទូទៅ ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ ទន្លេសាប ទន្លេបាសាក់ ស្រែ​ពក សេកុង និង​សេសាន​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។

បើ​តាម​លោក ម៉ៅ ហាក់ ប្រធាន​នាយកដ្ឋាន​ធនធានទឹក កន្លែង​មួយ​ចំនួន ទឹក​បាន​ឡើង​ដល់​កម្ពស់​ជាង​១២​ម៉ែត្រ ប៉ុន្តែ​លោក​វាយ​តម្លៃ​ថា ស្ថានភាព​មិន​ទាន់​ដូច​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ​មុន​ឡើយ។ យោង​តាម​សេចក្តី​ជូន​ដំណឹង​មួយ​ទៀត​របស់​ក្រសួង​ធនធានទឹក សម្ពាធ​ទាប​មួយ​ទៀត​នឹង​អាច​កើត​មាន​ចំ​ថ្ងៃ​ទី ០៩ និង​ទី​១០​កញ្ញា ខាង​មុខ​នេះ ដែល​បង្ក​ឲ្យ​មាន​ភ្លៀង​ផ្គរ​រន្ទះ​ច្រើន ហើយ​ខ្លាំង​នៅ​ភាគ​ពាយ័ព្យ រួម​ទាំង​តំបន់​មាត់​សមុទ្រ ហើយ​ជំនន់​ទឹក​ភ្លៀង​នឹង​អាច​កើត​ឡើង​នៅ​តំបន់​ភ្នំ៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល