publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

ជម្លោះព្រំដែន

នាយក​រដ្ឋមន្ត្រី​ខ្មែរ​ដំឡើង​សាច់ដុំ​ដាក់​ថៃ​ក្នុង​ជម្លោះ​ព្រំដែន​ប្រាសាទ​ព្រះវិហារ

ដោយ លី ម៉េងហួរ

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 28/09/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  28/09/2009 13:10 ម៉ោងសកល

នៅ​ថ្ងៃ​ច័ន្ទ ទី ២៨កញ្ញា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​មិន​ទទួល​ស្គាល់​ដាច់​ខាត​នូវ​ការអះអាង​របស់​រដ្ឋាភិបាល​ថៃ អំពី​ដី​ជម្លោះ​ទំហំ ៤,៦​គីឡូម៉ែត្រ​ការ៉េ​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ។ កម្ពុជា​ក៏​ព្រមាន​ថា នឹង​ហែក​ចោល​នូវ​ផែនទី​ឯកតោ​ភាគី​របស់​ថៃ ប្រសិន​បើ​ថៃ​យក​មក​កាន់​តុ​ចរចា​បញ្ហា​ព្រំដែន​ជា​ថ្មី។

សេចក្តី​រាយការណ៍​របស់​លី ម៉េងហួរ​ពី​ទីក្រុង​ភ្នំពេញ

28/09/2009

លោក​ហ៊ុន សែន​នាយក​រដ្ឋមន្រ្តី​ប្រទេស​កម្ពុជា(រូបថត៖ សុវណ្ណារ៉ា)

លោក​ហ៊ុន សែន​នាយក​រដ្ឋមន្រ្តី​ប្រទេស​កម្ពុជា
(រូបថត៖ សុវណ្ណារ៉ា)

និយាយ​ដល់​បាតុករ​អាវ​លឿង​ថៃ ដែល​បាន​ប៉ុនប៉ង​តវ៉ា​នៅ​ប្រាសាទ​ព្រះវិហារ កាល​ពី​បុណ្យ​ភ្ជុំ​បិណ្ឌ​កន្លង​មក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​បញ្ជាក់​ឡើង​វិញ​ពី​បទ​បញ្ជា​ដល់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​គឺ​ត្រូវ​ប្រើប្រាស់​គ្រាប់​កាំភ្លើង (១២,៧ មីលី​ម៉ែត្រ) ដើម្បី​ទប់​ទល់​នឹង​ទាហាន និង​បាតុករ​ថៃ​ដែល​ឈ្លានពាន​ចូល​ដី​កម្ពុជា​ដោយ​ខុស​ច្បាប់។

ក្នុង​ពិធី​សម្ពោធ​អាគារ​ថ្មី​របស់​ក្រសួង​ទេសចរណ៍​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ក៏​បាន​ប្រកាស​បដិសេធ​ដាច់​អហង្ការ​មិន​ទទួល​ស្គាល់​តំបន់​ត្រួតស៊ី​គ្នា​ទំហំ ៤,៦ គីឡូម៉ែត្រ​ដែល​ភាគី​ថៃ​តែងតែ​លើក​ឡើង​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏​មិន​យល់ស្រប​ចំពោះ​ការលើក​ឡើង​របស់​ទីក្រុង​បាងកក​ក្នុង​ការទាមទារ​ប្រើប្រាស់​ផ្លូវ​ឡើង​ប្រាសាទ​ព្រះវិហារ ដែល​ស្ថិត​ក្នុង​ដី​ខ្មែរ​ថា ជា​ផ្លូវ​រួម​នោះ​ឡើយ។ អ្វី​ដែល​ថៃ​លើក​ឡើង​ទាំងនោះ គឺ​ស្ថិត​ក្នុង​ទឹកដី​កម្ពុជា។ នេះ​បើ​ផ្អែក​តាម​ផែនទី​បារាំង-សៀម​ឆ្នាំ ១៩០៤​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ។

ជា​សារ​នយោបាយ នៅ​ថ្ងៃ​នេះ បុរស​ខ្លាំង​របស់​កម្ពុជា​ក៏​បាន​ប្រើ​ពាក្យ​សម្តី​ខ្លាំងៗ ផ្តាំ​ទៅ​អ្នកនយោបាយ និង​រដ្ឋាភិបាល​ក្រុង​បាងកក​ដោយ​ព្រមាន​មិន​ឲ្យ​រដ្ឋាភិបាល​ថៃ លើក​យក​ផែនទី​ឯកតោ​ភាគី​ដាក់​លើ​តុ​ចរចា​ទៀត​ឡើយ។ បើ​ដូច្នោះ កម្ពុជា រួម​ទាំង​រូប​លោក​ផង​នឹង​ហែក​ផែនទី​ឯកតោគី​របស់​ថៃ​ចោល​ដូច​មេទ័ព​ខ្មែរ​ដែល​បាន​ហែក​ផែនទី​នោះ នៅ​ចំពោះ​មុខ​ភាគី​ថៃ​ក្នុង​កិច្ចចរចា​ព្រំដែន​កន្លង​មក។

ទោះ​ជា​យ៉ាងណា លោក​នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា គឺ​ចរចា​តាម​ផ្លូវ​ណា​ក៏​បាន​ជាមួយ​នឹង​ថៃ​ក្នុង​រឿង​ជម្លោះ​ព្រំដែន។ តែ​អ្វី​ដែល​កម្ពុជា​សំណូមពរ គឺ​បញ្ចៀស​ការប៉ះ​ទង្គិច​ដោយ​អាវុធ និង​ការប្រឈម​មុខ​ដោយ​យោធា ហើយ​ត្រូវ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី។

ជាមួយ​នឹង​ពាក្យ​សម្តី​ព្រមាន​ខ្លាំងៗ​ខាង​លើ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ប្រកាស​ត​តាំង​ជាមួយ​មេដឹកនាំ​ថៃ ពី​រឿង​ព្រំដែន​នៅ​ក្នុង​វេទិកា​ប្រមុខ​មេដឹកនាំ​អាស៊ាន នៅ​ហួរហ៊ីន។ វេទិកា​ក្នុង​ប្រទេស​ថៃ​នា​ពេល​ខាង​មុខ លោក​នាយក​រដ្ឋមន្ត្រី ក៏​ត្រៀម​ខ្លួន​ស្វាគមន៍​ការតវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​ដែល​នឹង​ធ្វើ​ឡើង​ដោយ​បាតុករ​ជ្រុល​និយម​អាវលឿង​ថៃ​ផង​ដែរ៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល