publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

សេដ្ឋកិច្ច - ទូរគមនាគមន៍

រាជរដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ប្រកួត​ប្រជែង​ដោយ​ស្មោះ​ត្រង់

ដោយ គី សុខលីម

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 05/10/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  05/10/2009 12:38 ម៉ោងសកល

រាជ​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រកួត​ប្រជែង​គ្នា​ដោយ​ស្មោះត្រង់។ ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ប្តឹង​ផ្តល់​គ្នា​។

បទវិភាគ​របស់​ គី សុខលីម ពី​ទីក្រុងភ្នំពេញ

05/10/2009

កម្ពុជា​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ប្រកួត​ប្រជែង​ដោយ​ស្មោះ​ត្រង់(រូបថត៖ ខឹម សុវណ្ណារ៉ា)

កម្ពុជា​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ប្រកួត​ប្រជែង​ដោយ​ស្មោះ​ត្រង់
(រូបថត៖ ខឹម សុវណ្ណារ៉ា)

ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​និង​ក្រសួង​ទូរគមនាគមន៍​និង​ទូរគមនាគមន៍​បាន​អំពាវនាវ​តាមរយៈ​លិខិត​មួយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បញ្ឈប់​ការ​ប្រកួត​ប្រជែង​មិន​ស្មោះ​ត្រង់​។ សារាចរ​អន្តរ​ក្រសួង​ស្តី​អំពី​វិធាន​ការ​ទប់ស្កាត់​ភាព​មិន​ស្មោះ​ត្រង់​នៃ​ការ​ប្រកួត​ប្រជែង​ក្នុង​វិស័យ​ទូរគមនាគមន៍​បាន​បញ្ជាក់​ថា នា​ពេល​កន្លង​មក​ថ្មីៗ​នេះ ប្រតិបត្តិការ​ទូរគមនាគមន៍​មួយ​ចំនួន​បាន​ខិត​ខំ​ទាក់​ទាញ​អតិថិជន​ដោយ​ប្រើ​ប្រាស់​រូបភាព​ផ្សព្វផ្សាយ​ផ្សេងៗ​គ្នា​ដូច​ជា​ការ​សន្ទនា​ក្នុង​ប្រព័ន្ធ​តែ​មួយ​មិន​គិត​ថ្លៃ​​​តម្លៃ​ហៅ​ឆ្លង​ប្រព័ន្ធ​ទាប​ជាង​ការ​កំណត់​របស់​រដ្ឋ ការ​បន្ថែម​ម៉ោង​សន្ទនា​ដោយ​ពុំ​គិត​ថ្លៃ​។ល។

សម្រាប់​ក្រសួង​ជំនាញ​​ការ​ឃោសនា​ផ្សព្វ​ផ្សាយ និង​អនុវត្ត​បែប​នេះ​គឺ​ជា​រូបភាព​នៃ​ការ​ប្រកួត​ប្រជែង​មិន​ស្មោះ​ត្រង់​ក្នុង​របរ​អាជីវកម្ម​។ ដើម្បី​ទប់​ស្កាត់​បច្ច័យ​អវិជ្ជមាន​នេះ ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​ទូរគមនាគមន៍​បាន​ចេញ​បទបញ្ជា​ឲ្យ​ប្រតិបត្តិការ​ទូរគមនាគមន៍​បញ្ឈប់​ជា​បន្ទាន់​យុទ្ធសាស្រ្ត​ប្រជែង​ដណ្តើម​ទីផ្សារ​គ្នា និង​ការ​រាំង​ខ្ទប់​បណ្តាញ​គ្នា​ទៅ​វិញ​ទៅ​មក​។ សារាចរ​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ការ​ប្រកួត​ប្រជែង​មិន​ស្មោះ​ត្រង់​គឺ​មិន​មែន​ខូច​ប្រយោជន៍​តែ​អ្នក​ប្រើ​ប្រាស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ប្រាក់​ចំណូល​របស់​រដ្ឋ​ទៀត​ផង​។ ហើយ​នៅ​ទី​បញ្ចប់​ការ​ប្រកួត​ប្រជែង​គ្នា​របៀប​នេះ​អាច​ដួល​រលំ​ទាំង​អស់​គ្នា​ពុំ​ខាន​ឡើយ​។

សារាចរ​អន្តរ​ក្រសួង​បាន​បន្ត​បញ្ជាក់​ទៀត​ថា គោល​នយោបាយ​បើក​ចំហ​វិស័យ​ទូរគមនាគមន៍​គឺ​មាន​គោល​បំណង​បួន​យ៉ាង​ធំៗ។ ទីមួយ៖ ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព ទីពីរ៖ ផ្តល់​សេវា​ល្អ និង​គុណភាព​ខ្ពស់ ទីបី៖ ថ្លៃ​ថោក​សមរម្យ និងទីបួន៖ បង្កើន​ចំណូល​ថវិកាជាតិ​។ រហូត​មក​ដល់​ពេល​នេះ ប្រទេស​កម្ពុជា​មាន​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ចំនួន​៩ និង​មាន​អតិថិជន​ប្រើ​ប្រាស់​ប្រមាណ​ជា​៤​លាន​នាក់​។ សារាចរ​របស់​រាជ​រដ្ឋាភិបាល​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​វិស័យ​ទូរគមនាគមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​រីក​ចម្រើន​យ៉ាង​លឿន និង​ពិបាក​គ្រប់​គ្រង​។ ពេល​ខ្លះ​ដោយ​សារ​ភាព​មិន​ចុះ​សម្រុង​រវាង​ក្រុមហ៊ុន និង​ក្រុមហ៊ុន​ការ​ហៅ​ឆ្លង​ប្រព័ន្ធ​មិន​អាច​ទំនាក់​ទំនង​គ្នា​បាន​ទេ​។

សូម​បញ្ជាក់​ថា​កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ការ​ប៉ះ​ទង្គិច​គ្នា​ខាង​ផ្លូវ​ច្បាប់​រវាង​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​បាន​កើត​ឡើង។ ការ​ប្តឹង​ផ្តល់​គ្នា​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​Beeline Cambodia បាន​សម្រេច​ផ្តល់​តម្លៃ​ពិសេស​ជូន​អតិថិជន​របស់​ខ្លួន​ក្នុង​អត្រា​ហៅ​ចេញ​ទៅ​កាន់​ប្រព័ន្ធ​ផ្សេង​ក្នុង​តម្លៃ​៥​សេន​ក្នុង​មួយ​នាទី​។ ការ​ទម្លាក់​តម្លៃ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​មួយ​ចំនួន​ផ្សេង​ទៀត​ក្នុង​នោះ​មាន​ក្រុនហ៊ុន​ទូរស័ព្ទ​ចល័ត​០១២​ផង​ដែរ បាន​ចោទ​ប្រកាន់​ថា​នេះ​គឺ​ជា​ការ​ទម្លាក់​តម្លៃ​ក្រោម​តម្លៃ​ដើម​ទៅ​ទៀត​។ អ្នក​ជំនាញ​មួយ​ចំនួន​និយាយ​ថា ការ​លក់​ក្រោម​តម្លៃ​ដើម​នេះ​គឺ​ជា​ការ​លក់​បង្ខូច​តម្លៃ​។

ត្រង់​ចំនុច​នេះ ក្រុមហ៊ុន Beeline Cambodia ធ្លាប់​បាន​ពន្យល់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ថា ការ​ផ្តល់​ជូន​តម្លៃ​ពិសេស​៥​សេន​ក្នុង​មួយ​នាទី​ដែល​បាន​ធ្វើ​កន្លង​មក​គឺ​មិន​មែន​ជា​ការ​រំលោភ​លើ​កិច្ច​ព្រមព្រៀង​តម្លៃ​ណា​មួយ​ឡើយ ហើយ​នេះ​ក៏​មិន​មែន​ជា​ការ​ទម្លាក់​ឲ្យ​ធ្លាក់​ថ្លៃ​ខ្លាំង​ណាស់​ណា​នោះ​ដែរ​។ នៅ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ​សេរី កត្តា​ទីផ្សារ​គឺ​ជា​កម្លាំង​ចលករ​មួយ​ដែល​ជំរុញ​ឲ្យ​តម្លៃ​មាន​ការ​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ដោយ​រក្សា​បាន​នូវ​ស្ថិរភាព​ផ្នែក​ហិរញ្ញវត្ថុ។​

សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន​Beeline ​ដដែល​បាន​បន្តទៀត​ថា​ក្រុមហ៊ុន​បានរៀបចំរចនា​សម្ព័ន្ធ​អាជីវកម្ម​មួយ​ដែលអាច​ផ្តល់​នូវអត្រា​តម្លៃ​ទាប​ត្រឹម​តែ​៥​សេន​ប៉ុណ្ណោះ​ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តែ​ទទួល​បាន​ប្រាក់​ចំណេញ​ដដែល​។ សូម​បញ្ជាក់​ថា​ដោយ​សារ​ការ​លំបាក​ក្នុង​ការ​ហៅ​ឆ្លង​ប្រព័ន្ធ និង​ដោយ​សារ​តម្លៃ​ហៅ​ឆ្លង​ប្រព័ន្ធ​ខ្ពស់​ជាង​ការ​ហៅ​ក្នុង​ប្រព័ន្ធ​នោះ អ្នក​ប្រើ​ប្រាស់​ខ្មែរ​មួយ​ចំនួន​នាំ​គ្នា​ប្រើ​ប្រាស់​ទូរស័ព្ទ​ម្នាក់​ពី​២​ទៅ​៣​គ្រឿង។ នេះ​គឺ​ជា​ការ​រំខាន​ផ្នែក​អារម្មណ៍​យ៉ាង​ខ្លាំង​ប៉ុន្តែ​ពួក​គេ​គ្មាន​ជម្រើស។

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល