ដោយ គី សុខលីម
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 12/10/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 12/10/2009 11:53 ម៉ោងសកល
ធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៤ ពោលគឺមួយឆ្នាំក្រោយពេលដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពីបារាំងសេស។ ក្នុងចន្លោះឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣ ប្រទេសកម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលបារាំងអស់រយៈពេល៩០ឆ្នាំ ទាំងអំណាចនយោបាយ និងសេដ្ឋកិច្ច។
ធនាគារជាតិនៃកម្ពុជាកាលនោះ ត្រូវបានបង្កើតឡើងក្រោមរូបភាពក្រុមហ៊ុនចម្រុះ ហើយចាប់ពីពេលនោះមក ធនាគារជាតិនៃកម្ពុជាបានបោះផ្សាយប្រាក់រៀលសម្រាប់ធ្វើចរាចរដោយខ្លួនឯង។
បើយោងតាមប្រវត្តិនៃការបង្កើតធនាគារជាតិនៃកម្ពុជាដែលត្រូវបានគេផ្សព្វផ្សាយជាសាធារណៈកាលពីចុងសប្តាហ៍ មុនក្នុងទិវាខួបទី៣០ឆ្នាំនៃការបង្កើតធនាគារជាតិឡើងវិញក្រោយរបបប៉ុលពតនោះ នៅឆ្នាំ១៩៦៣រដ្ឋបានធ្វើការកែទម្រង់ដោយបង្កើតធនាគារមួយចំនួនដែលគ្រប់គ្រងដោយរដ្ឋ រីឯធនាគារឯកជនជាតិនិងបរទេសត្រូវបិទទ្វារ។ ប៉ុន្តែ៧ឆ្នាំក្រោយមក ពោលគឺនៅចន្លោះឆ្នាំ១៩៧០និងឆ្នាំ១៩៧៥ រដ្ឋបានធ្វើសេរីភាវូបនីយកម្មជាថ្មីទៅលើប្រព័ន្ធធនាគារដោយអនុញ្ញាតិអោយធនាគារឯកជនធ្វើសកម្មភាពទន្ទឹមគ្នានិងធនាគាររដ្ឋ។ នៅក្នុងចន្លោះឆ្នាំ១៩៧៥និង១៩៧៩ប្រព័ន្ធហិរញ្ញវត្ថុ និងធនាគារទូទាំងប្រទេសត្រូវបានបិទទ្វារ និងកំទេចចោលទាំងស្រុង។ របបប៉ុលពតយល់ថាលុយជាប្រភពនៃការជិះជាន់និងការកេងប្រវ័ញ្ច។ នៅឆ្នាំ១៩៧៩ធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងវិញ។ រូបិយវត្ថុជាតិ ប្រាក់រៀលថ្មីត្រូវបានគេបោះផ្សាយឡើងវិញ និងដាក់អោយចរាចរនៅឆ្នាំ១៩៨០។
បើគិតត្រឹមឆ្នាំ១៩៧៩ធនាគារជាតិនៃកម្ពុជាមានអាយុ៣០ឆ្នាំ ប៉ុន្តែបើគេគិតពីឆ្នាំ១៩៥៤មក ធនាគារជាតិមានអាយុ៥៥ឆ្នាំ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថាក្រោយរបបប៉ុលពតអ្នកដែលទទួលបានក្រដាស់ប្រាក់ចាយមុនគេ គឺកម្មាភិបាល បុគ្គលិក កម្មករ និងកងកម្លាំងប្រដាប់អាវុធនៅទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្តធំៗនៃប្រទេសកម្ពុជា។ លោក ហ៊ុន សែន បានរំលឹកថាប្រហែលជានៅចុងឆ្នាំ១៩៨១ ទើបប្រជាជនសាមញ្ញបានប្រើប្រាស់ប្រាក់រៀលក្នុងចំនួនតិចឬច្រើន។
ពីមួយឆ្នាំទៅមួយឆ្នាំប្រព័ន្ធធនាគារមានការរីកចម្រើនគួរជាទីកត់សម្គាល់ជាពិសេសចាប់តាំងពីឆ្នាំ១៩៩៣មក។ មកដល់ឆ្នាំ១៩៩៨ធនាគារពាណិជ្ជមានចំនួន៣២នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែតាមរយៈនៃយុទ្ធសាស្ត្រកំណែទម្រង់ប្រព័ន្ធធនាគារដោយផ្តល់អាជ្ញាប័ណ្ណជាថ្មីនោះ ធនាគារចំនួន១៦ត្រូវបានបិទទ្វារលែងអោយធ្វើអាជីវកម្ម។
សម្រាប់ពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានធនាគារពាណិជ្ជចំនួន២៦ ធនាគារឯកទេសចំនួន៦ និងស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួន១៨។ ដើមទុននៃការបង្កើតធនគារត្រូវបានរាជរដ្ឋាភិបាលបង្កើនជាលំដាប់។ មុនដំបូងធនាគារពាណិជ្ជត្រូវមានដើមទុនចំនួន៥លានដុល្លារអាមេរិក ក្រោយមកដើមទុនត្រូវបានគេដំឡើងដល់១៣លានដុល្លារអាមេរិក និងបន្ទាប់មកទៀតដើមទុននឹងត្រូវគេដំឡើងរហូតដល់៣៦លានដុល្លារនាពេលអនាគត។
អ្វីដែលជាការកត់សម្គាល់មួយទៀតនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាគឺការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក។ បច្ចុប្បន្នប្រាក់ដុល្លារអាមេរិកត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។ ជាង៩០%នៃប្រតិបត្តិការរបស់ធនាគារធ្វើឡើងជាប្រាក់ដុល្លារអាមេរិក។ ម៉្យាងវិញទៀតការនាំចេញ និងនាំចូលក៏ត្រូវទូទាត់ជាប្រាក់ដុល្លារដែរ។ ប៉ុន្តែនៅតាមព្រំដែនកម្ពុជានិងវៀតណាម ប្រាក់ដុងវៀតណាមត្រូវបានគេប្រើប្រាស់ដើម្បីទូទាត់តម្លៃទំនិញ។ រីឯនៅតាមព្រំដែនកម្ពុជាថៃ ប្រាក់បាតថៃត្រូវបានគេប្រើប្រាស់ដើម្បីទូទាត់។
សូមរំលឹកថា ចាប់តាំងពីការបង្កើតធនាគារជាតិនៃកម្ពុជាក្នុងរយៈពេល៥៥ឆ្នាំកន្លងមកនេះ ទេសាភិបាលធនាគារចំនួន៩រូបធ្លាប់ដឹកនាំស្ថាប័នសេដ្ឋកិច្ចមួយនេះ។ ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាមុនគេគឺ ៖
លោក សឺន សាន
លោក ទូច គឹម
លោក ហ៊ីង គន្ធែល
លោក សុខ ឆុង
លោក គឹម ងួនត្រាច
លោក ចាន់ ភិន
លោក ចា រៀង
លោក ថោ ប៉េងលាភ
និងលោក ជា ចាន់តូ។
ក្នុងចំណោមឥស្សរៈជនទាំង៩រូបនេះ លោក សឺន សាន ដឹកនាំធនាគារជាតិនៃកម្ពុជាមានរយៈពេលយូរជាងគេ ពោលគឺមានរយៈពេលរហូតដល់ទៅ១៥ឆ្នាំឯណោះ៕ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល