ដោយ គី សុខលីម
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 19/10/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 20/10/2009 07:40 ម៉ោងសកល
ទំនាក់ទំនង កូរ៉េ-កម្ពុជា ផ្តោតលើបញ្ហាសេដ្ឋកិច្ចច្រើនជាងបញ្ហានយោបាយ។ប្រទេសទាំងពីរ មានទំនាក់ទំនងការទូតឡើងវិញក្នុងរយៈពេលខ្លីមែន ប៉ុន្តែនេះជាទំនាក់ទំនងប្រកបដោយផ្លែផ្កា។
ប្រធានាធិបតីកូរ៉េខាងត្បួងនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅក្នុងប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រខាងមុខនេះ។
ក្នុងដំណើរទស្សនកិច្ចនេះ ប្រទេសកម្ពុជានិងប្រទេសកូរ៉េ គ្រោងនឹងចុះហត្ថលេខាលើឯកសារចំនួន៥។ ឯកសារទីមួយគឺទាក់ទងទៅនឹងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកូរ៉េនិងសភាពាណិជ្ជកម្មខ្មែរ។ ឯកសារទីពីរនិងទីបីគឺ ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការលើវិស័យធនធានរ៉ែនិងការរុករកធនធានរ៉ែរួមគ្នានិងមានឯកសារមួយចំនួនផ្សេងទៀត។
ក្រៅអំពីកិច្ចព្រមព្រៀងថ្មីៗទាំងនេះគេសង្កេតឃើញប្រទេសទាំងពីរ បានពង្រីកពង្រឹងចំណងសេដ្ឋកិច្ចជាមួយគ្នាយ៉ាងរឹងមាំ។ ជាក់ស្តែង
ប៉ុន្មានថ្ងៃមុនការអញ្ជើញមកដល់នៃប្រធានាធិបតីកូរ៉េខាងត្បូង ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា បានធ្វើសន្និសីទកាសែតនិយាយប្រាប់ថានៅឆ្នាំ២០០៧ការវិនិយោគរបស់កូរ៉េនៅកម្ពុជាមានទឹកប្រាក់ ២៧០០ ដុល្លារអាមេរិកនិង ១២០០ដុល្លារនៅឆ្នាំ ២០០៨កន្លងមក។ រីឯសម្រាប់៦ខែដើមឆ្នាំ ២០០៩នេះ កូរ៉េទើបបោះទុនវិនិយោគតែ ១០០លានដុល្លារប៉ុណ្ណោះដោយសារតែវិបត្តិសេដ្ឋកិច្ចពិភពលោក។
ប្រទេសកូរ៉េខាងត្បូង បានបោះទុនវិនិយោគលើវិស័យមួយចំនួននៅក្នុងប្រទេសកម្ពុជាដូចជាវិស័យកាត់ដេរ វិស័យធនធានរ៉ែកសិកម្មនិងអចលនទ្រព្យ។ នៅក្នុងវិស័យអចលនទ្រព្យនេះ អ្នកវិនិយោគទុនកូរ៉េបានបោះទុនច្រើនជាងគេនៅកម្ពុជា។ ដូចគ្នាដែរសម្រាប់វិស័យទេសចរណ៍ចាប់តាំងពីឆ្នាំ ២០០៦ដល់ឆ្នាំ ២០០៨ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរជនជាតិកូរ៉េច្រើនជាងគេ។
លើសពីនេះទៅទៀត ក្រុមហ៊ុនរថយន្តកូរ៉េ Hyundai កំពុងបង្កើតក្រុមហ៊ុនតម្លើងរថយន្តរួមគ្នាមួយជាមួយអ្នកវិនិយោគខ្មែរនៅក្នុងខេត្តកោះកុង។ គម្រោងនេះ មានទឹកប្រាក់ប្រមាណជា ៦០លានដុល្លារហើយការសាងសង់ត្រូវគេរំពឹងថានឹងបញ្ចប់នៅឆ្នាំក្រោយ។
បើផ្អែកលើសមិទ្ធិផលទាំងនេះ គេពិតជាអាចនិយាយបានថា
ចំណងការទូតឡើងវិញរវាងប្រទេសកូរ៉េខាងត្បូងនិងប្រទេសកម្ពុជាមានរយៈពេលខ្លីមែនប៉ុន្តែវាជាចំណងការទូតដែលពោរពេញទៅដោយផ្លែផ្កា។
ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងប្រទេសកូរ៉េខាងត្បូង ត្រូវបានភ្ជាប់ឡើងវិញនៅឆ្នាំ ១៩៩៧ពោលគឺទើបតែមានអាយុ១២ឆ្នាំប៉ុណ្ណោះ។
តាមរយៈទំនាក់ទំនងដ៏ស្អិតល្មួតនេះ អ្នកវិភាគមួយចំនួនបានទាញសេចក្តីសន្និដ្ឋានថា ប្រទេសអាស៊ីទាំងពីរនេះ ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាសេដ្ឋកិច្ចច្រើនជាងបញ្ហានយោបាយ។ នេះគឺជាសេចក្តីសន្និដ្ឋានមួយដែលគេពន្យល់ថា គឺវាខុសគ្នាដាច់ស្រឡះជាមួយនឹងទំនាក់ទំនងជាមួយប្រទេសដទៃទៀត។ ទំនាក់ទំនងកម្ពុជានិងប្រទេសដទៃទៀតច្រើនមានចរិតនយោបាយផងនិងសេដ្ឋកិច្ចផង។ ដូចជាករណីសហរដ្ឋអាមេរិកនិងកម្ពុជាជាដើម។ សហរដ្ឋអាមេរិក ទិញសម្លៀកបំពាក់ពីប្រទេសកម្ពុជាប៉ុន្តែព្រមពេលជាមួយគ្នា ប្រទេសនេះតែងតែជំរុញអោយប្រទេសកម្ពុជាគោរពសិទ្ធិមនុស្ស។
ក្រៅអំពីបញ្ហាសេដ្ឋកិច្ច គេកត់សម្គាល់ឃើញថាប្រទេសទាំងពីរមានទំនាក់ទំនងផ្នែកសង្គមកិច្ចកាន់តែជិតស្និទ្ធ។ ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនកូរ៉េមករស់នៅកម្ពុជាកាន់តែច្រើនហើយប្រជាជនខ្មែរវិញក៏ទៅរស់នៅក្នុងប្រទេសកូរ៉េកាន់តែច្រើនឡើងផងដែរ។ បច្ចុប្បន្ន ប្រជាជនខ្មែរចំនួន ៨៤០០នាក់កំពុងរស់នៅក្នុងប្រទេសកូរ៉េដោយស្របច្បាប់ ក្នុងនោះស្រ្តីខ្មែររៀបការជាមួយបុរសកូរ៉េមានចំនួន ២៩០០នាក់។ ក្រៅពីនោះពួកគេជាពលករនិងជានិស្សិត។ ចំណែកឯប្រជាជនកូរ៉េវិញពួកគេមានចំនួន ៤០០០នាក់កំពុងរស់នៅក្នុងប្រទេសកម្ពុជា។
សរុបសេចក្តីមកតាមរយៈទស្សនកិច្ចពីរថ្ងៃរបស់លោកប្រធានាធិបតីកូរ៉េ Lee Myung Bak គេសង្ឃឹមថា ទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែរីកធំធាត់ជាងមុន។ ម្យ៉ាងដោយសារមេដឹកនាំនៃប្រទេសទាំងពីរស្គាល់គ្នាច្បាស់។ លោកប្រធានាធិបតីកូរ៉េ Lee Myung Bak ធ្លាប់ជាទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនទទួលបន្ទុកផ្នែកសេដ្ឋកិច្ចពីឆ្នាំ ២០០០ដល់ឆ្នាំ ២០០៧និងម្យ៉ាងទៀតដោយសារតែផលប្រយោជន៏ទៅវិញទៅមក៕
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល