ដោយ គី សុខលីម
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 26/10/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 26/10/2009 12:29 ម៉ោងសកល
ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ប្រជាជនក្រីក្រកម្ពុជារស់នៅក្នុងស្ថានភាពគ្មានលំនឹងទាល់តែសោះ។ មុនដំបូងឡើយ ពួកគេទទួលរងគ្រោះពីការឡើងថ្លៃទំនិញ បន្ទាប់មកពួកគេរងគ្រោះនឹងវិបត្តិសេដ្ឋកិច្ចពិភពលោកនិងនៅពេលចុងក្រោយនេះ ពួកគេរងគ្រោះដោយសារខ្យល់ព្យុះកេតសាណា។
របាយការណ៍ចុងក្រោយរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា បើគិតត្រឹមឆ្នាំ២០០៨ កន្លងមកប្រទេសកម្ពុជា នៅមានប្រជាជន ៣០ ភាគរយទៀតក្នុងចំនួនប្រជាជនសរុបជាង ១៣លាននាក់កំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។
ប្រជាជន រស់នៅក្រោមបន្ទាត់ភាពក្រីក្រ មានន័យថា ពួកគេរកប្រាក់ចំណូលបានតិចជាងមួយដុល្លារក្នុងមួយថ្ងៃសម្រាប់មនុស្សម្នាក់។
បើផ្អែកលើចំនួននេះគេពិតជាអាចនិយាយបានថា ប្រទេសកម្ពុជានៅមានចំនួនប្រជាជនក្រីក្រច្រើនពិតប្រាកមែន។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់នៅពេលនេះគឺថា ប្រជាជនក្រីក្រកម្ពុជាកំពុងទទួលរងគ្រោះផ្ទួនៗគ្នាពីវិបត្តិផ្សេងៗគ្នា។
វិបត្តិទី១ដែលប្រជាជនកម្ពុជាក្រីក្រទទួលរងគ្រោះនោះ គឺវិបត្តិស្បៀងអាហារឡើងថ្លៃកាលពីឆ្នាំ២០០៨កន្លងមក។ ពេលនោះ ប្រជាជនក្រីក្រច្រើនម៉ឺនគ្រួសារបានកាត់បន្ថយគុណភាពអាហារហូបចុករបស់ខ្លួនដោយសារតែតម្លៃម្ហូបអាហារបានឡើងថ្លៃកប់ពពក។ កាលនោះ តួលេខមួយចំនួនបានបញ្ជាក់ថា អត្រាអតិផរណាតម្លៃទំនិញបានកើនដល់២៥ភាគរយឯណោះ។
ធនាគារពិភពលោក ធ្លាប់បានប្រកាសថាដោយសារតែតម្លៃស្បៀងអាហារកើនឡើងខ្ពស់ក្នុងឆ្នាំ២០០៨នោះ ពលរដ្ឋខ្មែរ ១ សែននាក់បានធ្លាក់ខ្លួនទៅក្នុងភាពក្រីក្រវិញ។
នៅពេលដែលវិបត្តិស្បៀងអាហារហាក់បីដូចជាបានបន្ថយឥទ្ធិពលរបស់វាបន្តិចមក ស្រាប់តែវិបត្តិសេដ្ឋកិច្ចពិភពលោកបានចាប់ផ្តើម។ វិបត្តិនេះ ក៏បានរុញច្រានសេដ្ឋកិច្ចកម្ពុជាឲ្យស្រុតចុះក្នុងកម្រិតមួយគួរព្រួយបារម្ភ។ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំ បានប្រកាសថាសេដ្ឋកិច្ចនៃប្រទេសកម្ពុជានៅឆ្នាំ២០០៩នេះ ស្ថិតនៅក្នុងអត្រាអវិជ្ជមានមានន័យថាមិនមានកំណើននោះទេ។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាមួយនឹងគំនិតសុទិដ្ឋិនិយមបន្តិចថា នៅឆ្នាំ២០០៩ នេះប្រទេសកម្ពុជានឹងទទួលបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ២ភាគរយ។
ទាំងអស់នេះជាតួលេខដែលអ្នកជំនាញគិតគូរតាមលក្ខណៈវិទ្យាសាស្រ្តសេដ្ឋកិច្ចដែលមានទម្រង់អរូបីបន្តិច។ ប៉ុន្តែបើពិនិត្យលើតួលេខជាក់ស្តែងវិញ ធនាគារពិភពលោកធ្លាប់បានប៉ាន់ស្មានថា កម្មករប្រមាណជា ២សែននាក់បានបាត់បង់ការងារដោយសារវិបត្តិហិរញ្ញវត្ថុពិភពលោក។ កម្មករទាំងនោះ ភាគច្រើនធ្វើការនៅក្នុងវិស័យកាត់ដេរ វិស័យសំណង់និងវិស័យទេសចរណ៍។
វិបត្តិសេដ្ឋកិច្ច ហាក់បីដូចជាមិនទាន់ត្រូវបានបញ្ចប់ស្រួលបួលផងនោះស្រាប់តែព្យុះកេតសាណា បានបោកបក់មកលើសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត។ ខ្យល់ព្យុះកំបុតត្បូងនេះ បានបំផ្លាញគេហដ្ឋានប្រជាពលរដ្ឋរាប់ពាន់ខ្នង ស្រូវរាប់ម៉ឺនហិកតារនិងហេដ្ឋារចនាសម្ព័ន្ធដទៃៗទៀត។ របាយការណ៍ខូចខាតបណ្តោះអាសន្ន បានឲ្យដឹងថា មានប្រជាជនជិត ៤០នាក់បានបាត់បង់ជីវិត ហើយការខូចខាតមានតម្លៃជាទឹកប្រាក់ប្រមាណជា ៤០លានដុល្លារអាមេរិក។
អង្គការ Oxfam បានប្រកាសថាប្រជាជនប្រមាណជា ១ម៉ឺន៥០០០គ្រួសារដែលរងគ្រោះពីខ្យល់ព្យុះកេតសាណាកំពុងរង់ចាំជំនួយបន្ទាន់ពីសប្បុរសជន។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការ Oxfam បាននិយាយថា ខ្យល់ព្យុះកេតសាណាបានធ្វើឲ្យប៉ះពាល់កសិករដែលជាម្ចាស់ស្រែចំការផងនិងកសិករដែលលក់កម្លាំងពលកម្មផលពីព្រោះខ្យល់ព្យុះនេះបានបំផ្លាញអ្វីៗទាំងអស់។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការ Oxfamដដែលបានកត់សម្គាល់ថា ជាទូទៅនៅពេលមានបញ្ហាយ៉ាងដូច្នេះនៅជនបទនោះ គ្រួសាររងគ្រោះនីមួយៗគួរតែឡើងមករកការងារធ្វើនៅទីក្រុង។ ប៉ុន្តែជាអកុសល នៅពេលនេះទីក្រុងភ្នំពេញពោរពេញទៅដោយប្រជាជនអត់ការងារធ្វើ។ ភាពអត់ការងារធ្វើនេះ បានបង្កឡើងដោយខ្យល់ព្យុះ វិបត្តិសេដ្ឋកិច្ចយាយីមូលដ្ឋានគ្រឹះសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។
របាយការណ៍របស់កម្មវិធីស្បៀងអាហារពិភពលោកដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បាននិយាយថាប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេស ៣៦ដែលមានប្រជាជនរាប់ម៉ឺននាក់អាចប្រឈមមុខនឹងការខ្វះស្បៀងអាហារនៅឆ្នាំ ២០០៩នេះ។
កាលពីឆ្នាំ ២០០៨កន្លងមក កម្មវិធីស្បៀងអាហារពិភពលោកបានផ្តល់ស្បៀងអាហារដល់ពលរដ្ឋខ្មែរក្រីក្រចំនួន ១លាននាក់និងឆ្នាំនេះក្នុងចំនួនដូចគ្នាដែរ។
សូមបញ្ជាក់ថា បើទោះបីជាមានការព្រួយបារម្ភអំពីកង្វះខាតស្បៀងអាហារសម្រាប់ជនក្រីក្រយ៉ាងណាក៏ដោយ ក៏លោកនាយករដ្ឋមន្រ្តី ហ៊ុនសែនធ្លាប់បានប្រកាសធានាអះអាងថា លោកមិនបណ្តោយឲ្យប្រជាជនខ្មែរណាម្នាក់ស្លាប់ដោយសារការអត់បាយនោះទេ៕
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល