ដោយ គី សុខលីម
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 02/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 02/11/2009 13:20 ម៉ោងសកល
បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានប្រជាជន ១៣លាន៣សែននាក់។ ក្នុងមួយឆ្នាំៗប្រជាជនកម្ពុជាមានអត្រាកំណើន ១,៥៤ភាគរយ។ប្រជារាស្ត្រកម្ពុជាបន្តកើនឡើងជាលំដាប់ប៉ុន្តែពួកគេនៅខ្វះសម្ភារៈប្រើប្រាស់ជាច្រើន។
សូមចុចខាងក្រោមដើម្បីស្តាប់ ៖
ជំរឿនចុងក្រោយបំផុតរបស់ក្រសួងផែនការ បានបង្ហាញថាប្រទេសកម្ពុជាមានចំនួនប្រជាជន ១៣លាន៣សែននាក់គិតត្រឹមខែមិនាឆ្នាំ ២០០៨កន្លងមក។
បើគិតក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានកំណើនប្រជាជនជិត២លាននាក់ពោលគឺអត្រាកំណើនប្រចាំឆ្នាំ ១,៥៤ភាគរយ។ ប៉ុន្តែបើគិតចាប់តាំងពីឆ្នាំ ១៩៦២មកកំណើនប្រជាជនកម្ពុជាមានចំនួនច្រើនគួរអោយកត់សម្គាល់។
ក្នុងឆ្នាំ ១៩៦២ប្រទេសកម្ពុជាមានប្រជាជនតែ៥,៧លាននាក់ប៉ុណ្ណោះ។
របាយការណ៏បានបញ្ជាក់ថាក្នុងចំណោមប្រជាជនទាំងជាង ១៣លាននាក់នេះស្រ្តីមានចំនួនច្រើនជាងបុរស ៣ភាគរយ។ របាយការណ៏ជំរឿនរបស់ក្រសួងផែនការ បានលម្អិតថាប្រទេសកម្ពុជាមានចំនួនស្រ្តី ៦លាន៨សែននាក់និងបុរសចំនួន ៦លាន៥សែននាក់។
របាយការណ៏ដដែល បានកត់សម្គាល់បន្តទៀតថាអត្រាកំណើនប្រជារាស្រ្តកម្ពុជាប្រចាំឆ្នាំមានអត្រាខ្ពស់ជាងប្រទេសថៃ ប្រទេសវៀតណាម ប៉ុន្តែទាបជាងអត្រាកំណើននៃប្រទេសឡាវ។
បើនិយាយពីដង់ស៊ីតេប្រជារាស្រ្តដែលរស់នៅក្នុងមួយគីឡូមែត្រក្រឡាវិញ ប្រទេសកម្ពុជាមានអត្រាទាបជាងគេនៅក្នុងភូមិភាគអាស៊ីភាគអាគ្នេយ៏នេះ។ នៅឆ្នាំ ២០០៨ ដង់ស៊ីតេប្រជារាស្រ្តកម្ពុជាមានចំនួន ៧៥នាក់ក្នុងមួយគីឡូម៉ែត្រក្រឡា រីឯកាលពីឆ្នាំ ១៩៩៨មានចំនួនតែ ៦៤នាក់ប៉ុណ្ណោះ។
បើគិតក្នុងរយៈពេលមួយទសវត្សរ៏ចុងក្រោយនេះ ប្រជាជនដែលរស់នៅក្នុងមួយគីឡូម៉ែត្រក្រឡា បានកើនឡើង ១១នាក់។
បើទោះបីជាយ៉ាងនេះក្តី ដង់ស៊ីតេប្រជារាស្រ្តកម្ពុជានៅតែតិចជាងប្រទេសថៃដែលមានរហូតដល់ទៅ ១២៩នាក់ក្នុងមួយម៉ែត្រក្រឡា ប្រទេសហ្វីលីពីន ៣០២នាក់ ប្រទេសម៉ាឡេស៊ី ៨៤នាក់និងប្រទេសវៀតណាម ២៦០នាក់។
សម្រាប់ប្រទេសឡាវ ដង់ស៊ីតេមានចំនួនតិចជាងប្រទេសកម្ពុជាច្រើនមែនទែន គឺមានតែ ២៥នាក់ក្នុងមួយគីឡូម៉ែត្រក្រឡាប៉ុណ្ណោះ។ ប្រទេសឡាវគឺជាប្រទេសដែលមានដង់ស៊ីតេទាបជាងគេនៅក្នុងតំបន់។
របាយការណ៏ផ្លូវការ បានបញ្ជាក់ថាប្រទេសកម្ពុជាមាន ៤តំបន់ខុសគ្នា។ តំបន់វាលរាបគឺជាតំបន់ដែលមានប្រជាជនរស់នៅច្រើនជាងគេ បន្ទាប់មកគឺតំបន់ទន្លេសាប តំបន់ឆ្នេរសមុទ្រនិងតំបន់ខ្ពង់រាបនិងតំបន់ភ្នំ។
របាយការណ៏ បានបន្តទៀតថា ក្នុងចំណោមប្រជាជនជាង ១៣លាននាក់នេះ ប្រជាជននៅជនបទមានចំនួនជិត ១១លាននាក់រីឯប្រជាជននៅតាមទីប្រជុំជនមានតែជាង ២លាននាក់ប៉ុណ្ណោះ។
របាយការណ៏ បាននិយាយថា ការទទួលទានទឹកស្អាតមានការកើនឡើងពីឆ្នាំ ១៩៩៨ដល់ឆ្នាំ ២០០៨។ កាលពីឆ្នាំ ១៩៩៨កន្លងមកមានគ្រួសារតែ ២១ភាគរយប៉ុណ្ណោះមានប្រភពទឹកស្អាតប្រើប្រាស់រីឯនៅឆ្នាំ ២០០៨ ចំនួនគ្រួសារមានប្រភពទឹកស្អាតប្រើប្រាស់បានកើនដល់ ៤៧ភាគរយ។
ទាក់ទងនឹងការប្រើប្រាស់គ្រឿងអេឡិចត្រូនិចវិញ របាយការណ៏បានបង្ហាញថាការប្រើប្រាស់របស់ប្រជាជនកម្ពុជានៅមានកម្រិតទាបណាស់។ តួលេខបានបង្ហាញថា ក្នុងចំណោមប្រជាជនសរុបចំនួន ២លាន៨សែនគ្រួសារនៅទូទាំងប្រទេសកម្ពុជាគឺ មានគ្រួសារចំនួន ៩៨,៩ភាគរយហើយគ្មានអ៊ិនធឺណែតប្រើប្រាស់។
បើគេធ្វើការប្រៀបធៀបគួ្រសារនៅទីប្រជុំជននិងគ្រួសារនៅជនបទ គេសង្កេតឃើញថា គ្រួសារនៅទីប្រជុំជន ៩៥,៥ភាគរយគ្មានអ៊ិនធឺណែតប្រើប្រាស់ ប៉ុន្តែចំនួនគ្រួសារនៅជនបទ ៩៩,៦ភាគរយឯណោះគ្មានអិនធឺណែតប្រើប្រាស់។
របាយការណ៏ បានកត់សម្គាល់ឃើញថា គ្រួសារខ្មែរតែ ០,១ភាគរយប៉ុណ្ណោះមានអិនធឺណែតប្រើប្រាស់នៅតាមផ្ទះ។
ចំពោះការប្រើប្រាស់ទូរស័ព្ទដៃវិញ តួលេខហាក់បីដូចជាល្អគ្រាន់បើ។ គ្រួសារនៅទីប្រជុំជន ៧៦ភាគរយមានទូរស័ព្ទដៃផ្ទាល់ខ្លួនប្រើប្រាស់រីឯនៅជនបទមានចំនួនតែ ២៩ភាគរយ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ អ្នកប្រើប្រាស់ប្រមាណជា ៤លាននាក់បានភ្ជាប់បណ្តាញទូរស័ព្ទដៃដើម្បីប្រើប្រាស់ជាមួយនឹងក្រុមហ៊ុនចំនួន ៩៕
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល