ដោយ គី សុខលីម
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 09/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 09/11/2009 14:00 ម៉ោងសកល
កម្ពុជានិងថៃនឹងបាត់បង់ផលប្រយោជន៏ច្រើនពាន់លានដុល្លារប្រសិនបើព្រំដែនត្រូវបិទ។ ប្រសិនបើមានការបិទព្រំដែនមែននោះ តើប្រទេសណាជាអ្នកខាតបង់ច្រើនជាងហើយថាតើនណាជាជនរងគ្រោះមុនគេ?
ជម្លោះការទូតរវាងប្រទេសកម្ពុជានិងប្រទេសថៃកាន់តែមានសភាពអាក្រក់ខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។
ជាក់ស្តែងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសនីមួយៗបានសម្រេចហៅឯកគ្គរាជទូតរៀងៗខ្លួនអោយត្រលប់មកកាន់មាតុប្រទេសវិញ។ បន្ទាប់មកទៀត មន្រ្តីជាន់ខ្ពស់នៃប្រទេសថៃមួយចំនួនបានប្រកាសគំរាមបិទព្រំដែន។
នេះជាដំណឹងមួយក្នុងចំណោមព័ត៌មានផ្សេងៗទៀតដែលជំរុញអោយលោកនាយករដ្ឋមន្ត្រី ហ៊ុនសែនប្រតិកម្មកាលពីម្សិលមិញបន្ទាប់ពីលោកវិលត្រលប់មកពីកិច្ចប្រជុំកំពូលនៅទីក្រុងតូក្យូប្រទេសជប៉ុន។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញជាមួយនឹងទឹកមុខមិនសប្បាយចិត្តជាមួយមេដឹកប្រទេសថៃនោះលោកនាយករដ្ឋមន្រ្តី ហ៊ុនសែនបាននិយាយខ្លាំងៗថាប្រសិនបើថៃប្រកាសបិទព្រំដែនមែននោះ ប្រទេសកម្ពុជាត្រូវតែសម្រេចចិត្តដូចគ្នាទៅនឹងប្រទេសថៃដែរ។ លើសពីនេះទៅទៀត លោក ហ៊ុនសែន ព្រមានថាប្រសិនបើថៃសម្រេចបិទព្រំដែនលោកនឹងប្រកាសបិទការចរាចរណ៍ទំនិញរវាងប្រទេសទាំងពីរហើយប្រទេសកម្ពុជានឹងទិញទំនិញពីប្រទេសផ្សេងវិញ។
លោក ហ៊ុនសែន បានបង្ហាញតួលេខថានៅឆ្នាំ ២០០៨កន្លងមក ប្រទេសថៃបាននាំទំនិញមកប្រទេសកម្ពុជាគិតជាទឹកប្រាក់ជាង ២ពាន់លានដុល្លាររីឯប្រទេសកម្ពុជានាំចេញទៅប្រទេស ថៃវិញក្នុងចំនួនទឹកប្រាក់តែ ៩០លានដុល្លារអាមេរិកប៉ុណ្ណោះ។ ទឹកប្រាក់របស់ថៃមានចំនួនច្រើនជាងប្រទេសកម្ពុជាជាង ២០ដង។
បើពិនិត្យលើតួលេខនេះ គេពិតជាអាចនិយាយបានថាប្រសិនបើមានការប្រកាសបិទព្រំដែនរវាងប្រទេសទាំងពីរនេះមែន ប្រទេសថៃជាអ្នកខាតបង់ប្រាក់ចំណូលខ្លាំងជាងប្រទេសកម្ពុជា។ ប្រសិនបើគិតជាកម្លាំងពលកម្មវិញ ប្រទេសថៃប្រើប្រាស់កម្លាំងពលកម្មច្រើនម៉ឺនសែននាក់ដើម្បីផលិតទំនិញក្នុងទឹកប្រាក់នេះ។ ចុះប្រសិនបើប្រទេសថៃខ្លួនឯងប្រកាសបិទព្រំដែននោះ តើកម្មករទាំងនោះនឹងទៅធ្វើអ្វីវិញ។
ជាលក្ខណៈឡូស៊ីក ពួកគេនឹងដើរទាត់ខ្យល់ជាក់ជាពុំខាន។ សម្រាប់ប្រទេសកម្ពុជាវិញ ស្ថានភាពក៏មិនសូវខុសគ្នាពីប្រទេសថៃប៉ុន្មាននោះទេ ពីព្រោះប្រជាជនកម្ពុជាមួយចំនួនដែលធ្លាប់ដាំដំណាំលក់អោយថៃនៅតាមព្រំដែនក៏នឹងត្រូវបាត់បង់អាជីពរបស់ខ្លួនដែរ។ និយាយអោយខ្លី គឺថាប្រទេសទាំងពីរខាតដូចគ្នាប៉ុន្តែ កម្រិតនៃការខាតបង់គឺវាខុសគ្នាបន្តិចមែន។
សូមបញ្ជាក់ថា ប្រទេសទាំងពីរ បាននិងកំពុងទទួលរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក ហើយកម្មករជាច្រើនម៉ឺនសែននាក់បាត់បង់ការងាររួចមកហើយ ដូច្នេះនៅពេលនេះប្រសិនបើមានកម្មករបាត់បង់ការងារធ្វើដោយសារការបិទព្រំដែនមកបូកបន្ថែមទៀតនោះ នោះមេដឹកនាំនៃប្រទេសទាំងពីរអាចនឹងឈឺក្បាលមួយកម្រិតបន្ថែមទៀតអំពីរឿងប្រជាពលរដ្ឋអត់ការងារធ្វើនាពេលអនាគត។
ឯាកមកនិយាយអំពីទំនាក់ទំនងផ្នែកទេសចរណ៍វិញព្រះរាជាណាចក្រទាំងពីរមានផលប្រយោជន៍នឹងគ្នាទៅវិញទៅមកយ៉ាងសន្ធឹកសន្ធាប់។ ជាក់ស្តែង ភ្ញៀវទេសចរបរទេសជាច្រើននាក់បានទិញដំណើរទេសចរណ៍ជាកញ្ចប់មកកាន់ប្រទេសថៃផងនិងប្រទេសកម្ពុជាផង។ សម្រាប់អ្នកទេសចរបរទេសខ្លះទៀតពួកគេមិនទិញជាកញ្ចប់ទេប៉ុន្តែពួកគេធ្វើដំណើរឆ្លងកាត់ពីប្រទេស ថៃមកកម្ពុជា ពីកម្ពុជាទៅប្រទេសវៀតណាមឬពីកម្ពុជាទៅប្រទេសឡាវ។
ដូច្នេះប្រសិនបើព្រំដែននៃប្រទេសកម្ពុជានិងប្រទេសថៃត្រូវបានបិទនោះ ខ្សែចង្វាក់ទេសចរណ៍នឹងត្រូវកាត់ផ្តាច់ហើយជាលទ្ធផល ចំនួនទេសចរបរទេសនឹងធ្លាក់ចុះជាក់ជាពុំខាន។ ចំនួនទេសចរបរទេសមិនមែនធ្លាក់ចុះសម្រាប់តែប្រទេសថៃនិងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែផលប៉ះពាល់អាចធ្លាក់ដល់ប្រទេសវៀតណាមឬប្រទេសឡាវបន្ថែមទៀត ពីព្រោះភ្ញៀវបរទេសមួយចំនួនធ្វើទស្សនកិច្ចតាមបណ្តាប្រទេសទន្លេមេគង្គតែម្តង។
សរុបសេចក្តីមកវិញ ការប្រកាសបិទព្រំដែន ទោះបីជាក្នុងលក្ខណៈឯកតោភាគីក្តីឬក្នុងលក្ខណៈទ្វេភាគីក្តី គឺជាប្រការដែលត្រូវតែជៀសវាងជាដាច់ខាតពីព្រោះវាប៉ះពាល់ដល់សេដ្ឋកិច្ចនៃប្រទេសទាំងពី។ មិនត្រឹមតែប៉ុណ្ណោះ ការបិទព្រំដែនជាយថាហេតុណាមួយ គឺជាការដាក់បន្ទុកបន្ថែមទៀតមកលើជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ ហើយប្រជាជនស្លូតត្រង់នៃប្រទេសទាំងពីរមិនគួរក្លាយជាជនរងគ្រោះនៃការដណ្តើមអំណាចរបស់អ្នកនយោបាយនៅក្នុងប្រទេសថៃនោះទេ៕
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល