ដោយ គី សុខលីម
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 16/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 16/11/2009 12:52 ម៉ោងសកល
អ្នកប្រើប្រាស់ខ្មែរស្គាល់ឈ្មោះផលិតផលបរទេសច្រើនជាងផលិតផលខ្មែរ។ តើនេះបណ្តាលមកពីមូលហេតុអ្វីទៅ ?
សូមចុចខាងក្រោមនេះ ដើម្បីស្តាប់៖
ប្រទេសកម្ពុជាបានបើកចំហទីផ្សាររបស់ខ្លួនទៅកាន់ពិភពលោកពិតប្រាកដនៅដើមទសវត្សរ៍ឆ្នាំ៩០។ ចាប់ពីពេលនោះមក ទំនិញបរទេសបានហូរចូលមកទីផ្សារប្រទេសកម្ពុជារហូតមកទល់នឹងសព្វថ្ងៃនេះតែម្តង។ មុនដំបូងឡើយ ផលិតផលប្រទេសថៃមានវត្តមានច្រើនជាងគេនៅលើទីផ្សារនៃប្រទេសកម្ពុជា ប៉ុន្តែក្រោយមកផលិតផលនៃប្រទេសវៀតណាមត្រូវបានគេនាំចូលហូរហៀរមកទីផ្សារកម្ពុជាដែរ។ ក្រោយមកទៀតគឺមានវត្តមាននៃផលិតផលរបស់ប្រទេសចិនប្រជាមានិត។
ក្រៅអំពីផលិតផលនៃប្រទេសទាំងបីនេះ គេសង្កេតឃើញមានវត្តមានផលិតផលនៃប្រទេសដទៃៗទៀតនៅលើទីផ្សារនៃប្រទេសកម្ពុជា។ ដោយសារតែផលិតផលបរទេសធ្វើចរាចរណ៍នៅលើទីផ្សារកម្ពុជាច្រើនជាងផលិតផលរបស់ខ្មែរនោះ មតិមួយចំនួនតែងតែនិយាយថាផលិតផលបរទេសខ្ចីទីផ្សារកម្ពុជាដើម្បីប្រកួតប្រជែងគ្នា។ ម្យ៉ាងវិញទៀត ដោយសារតែទីផ្សារនៃប្រទេសកម្ពុជាគ្របដណ្តប់ជោគជាំដោយផលិតផលបរទេសនោះ ទើបអ្នកប្រើប្រាស់ខ្មែរមួយចំនួនធំមិនបានស្គាល់ឈ្មោះផលិតផលខ្មែរនោះទេ។ ផ្ទុយទៅវិញ ពួកគេស្គាល់ឈ្មោះផលិតផលបរទេសច្រើនជាង និងច្បាស់ជាងផលិតផលខ្មែរ។
ឧទាហរណ៍ជាក់ស្តែង អ្នកប្រើប្រាស់ខ្មែរពិតជាស្គាល់ឈ្មោះមីម៉ាម៉ារបស់ប្រទេសថៃច្បាស់ជាងមីរបស់ខ្មែរឈ្មោះ « មីយើង »។ អ្នកប្រើប្រាស់ខ្មែរពិតជាស្គាល់ឈ្មោះទឹកសុទ្ធEvian របស់បារាំងច្បាស់ជាងឈ្មោះទឹកសុទ្ធរបស់ខ្មែរឈ្មោះOral។ ដូចគ្នាដែរសម្រាប់ផលិតផលដទៃមួយចំនួនផ្សេងទៀត។ និយាយជារួមគេពិតជាអាចនិយាយបានថា អ្នកប្រើប្រាស់ខ្មែរស្គាល់ឈ្មោះផលិតផលបរទេសច្រើនជាងផលិតផលខ្មែរ ឬស្គាល់ឈ្មោះផលិតផលបរទេសមុនផលិតផលខ្មែរ។ បញ្ហានេះបណ្តាលមកពីហេតុផលពីរយ៉ាងធំៗ៖
ទីមួយ៖គឺដោយសារផលិតផលរបស់ខ្មែរមានកំណើតក្រោយវត្តមានផលិតផលបរទេស។
ទីពីរ៖គឺដោយសារផលិតផលខ្មែរមិនទាន់ត្រូវបានគេផលិតតែម្តង។
ភាពយឺតយ៉ាវ និងអវត្តមាននៃផលិតផលខ្មែរនេះ បានធ្វើអោយប្រជាជនខ្មែរស្គាល់ផលិតផលបរទេសច្រើនជាងផលិតផលខ្លួនឯង។ ចំពោះចំនុចអវិជ្ជមាននេះ គេពិបាកនឹងធ្វើការរិះគន់អ្នកប្រើប្រាស់ណាស់ពីព្រោះល័ក្ខខ័ណ្ឌប្រទេសកម្ពុជាតម្រូវអោយអ្នកប្រើប្រាស់ធ្វើយ៉ាងដូច្នេះ។ ប្រទេសកម្ពុជាត្រូវបានគេរិះគន់ថាជាប្រទេសនាំទំនិញចូលច្រើនជាងការនាំចេញ។ ដូច្នេះចង់មិនចង់ប្រជាជនខ្មែរត្រូវតែស្គាល់ឈ្មោះផលិតផលបរទេសច្រើនជាងផលិតផលខ្លួនឯង។ ទាក់ទងនឹងបញ្ហានេះ អ្នកវិនិយោគជនជាតិកូរ៉េម្នាក់បាននិយាយរបៀបភ្ញាក់ផ្អើលថា ស្ថានភាពប្រទេសកម្ពុជាខុសពីស្ថានភាពប្រទេសកូរ៉េខាងត្បូង។ ប្រជាជនកូរ៉េភាគច្រើនស្គាល់តែម៉ាក ឬឈ្មោះផលិតផលកូរ៉េទេ។ ចំណែកឯម៉ាក ឬឈ្មោះផលិតផលបរទេសពួកគេមិនសូវស្គាល់នោះទេ ពីព្រោះផលិតផលភាគច្រើនផលិតដោយជនជាតិកូរ៉េ និងប្រើប្រាស់ដោយជនជាតិកូរ៉េ។
នៅក្នុងប្រទេសអឺរ៉ុបមួយចំនួន ប្រជាជនរបស់គេក៏អោយតម្លៃ និងគាំទ្រផលិតផលក្នុងស្រុកគេច្រើនជាងផលិតផលនាំចូលដែរ។ ជាគោលការណ៍ ប្រជាជនរបស់គេពិតជាស្គាល់ឈ្មោះផលិតផលក្នុងស្រុកច្បាស់ជាងផលិតផលបរទេស។
សរុបសេចក្តីមកវិញ ដើម្បីអោយប្រជាជនខ្មែរស្គាល់ឈ្មោះផលិតផលខ្មែរមុននឹងស្គាល់ឈ្មោះផលិតផលបរទេសនោះ។ កិច្ចការបីយ៉ាងត្រូវតែអនុវត្តអោយបានលឿនបំផុត។ ទីមួយ៖ ការងារផលិតកម្មត្រូវតែចាប់ផ្តើមធ្វើជាចាំបាច់។ ទីពីរ៖ ការពង្រឹងគុណភាពផលិតផលរបស់ខ្មែរ និងទីបី៖ តម្លៃត្រូវមានលក្ខណៈសមរម្យអាចទទួលយកបាន។ នៅពេលដែលការងារទំាងបីនេះធ្វើបានល្អហើយនោះ អ្នកប្រើប្រាស់ខ្មែរពិតជាគាំទ្រ និងចងចាំក្នុងបេះដូងនូវឈ្មោះផលិតផលរបស់ខ្មែរជាក់ជាពុំខាន។
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល