publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

ចិន​-​អាមេរិក

ថ្ងៃ​ចុង​ក្រោយ​នៃ​ទស្សនកិច្ច​របស់​លោក ​បារ៉ាក់ ​អូបាម៉ា​ នៅចិន

ដោយ អៀង សុខម៉ិញ

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 18/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  18/11/2009 13:37 ម៉ោងសកល

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ត្រូវ​ជួប​សន្ទនា​ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​ចិន​ លោក វេន ជាបាវ នៅ​ថ្ងៃ​ពុធ​នេះ មុន​នឹង​អញ្ជើញ​ទៅ​ទស្សនា​មហាកំពែង​ចិន។ ដំណើរ​ទស្សនកិច្ច​របស់​​លោក​អូបាម៉ា​ នៅ​ប្រទេស​ចិន ​នឹង​​ត្រូវ​បញ្ចប់​ដោយ​គ្មាន​​ប្រកាស​លទ្ធផល​​​​អ្វី​ជា​ផ្លូវ​ការ​​ និង​គ្មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​អ្វី​មួយ​ទេ។ ប៉ុន្តែ​​កម្មវត្ថុ​នៃ​ទស្សនកិច្ច​នេះ​​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ ចិន​ និង​អាមេរិក ព្រោះ​គេ​អាច​និយាយ​បាន​ថា​ ទំនាក់​ទំនង​ប្រទេស​ទាំង​ពី​រ​​បាន​ជួប​នឹង​ភាព​ល្អក់​កករ​យ៉ាង​ខ្លាំង​នារយៈ​ប៉ុន្មាន​ខែ​​ចុង​ក្រោយ​នេះ។
សូម​ចុច​ខាង​ក្រោម​ដើម្បី​ស្តាប់​សេចក្តី​រាយការណ៍​របស់ Marc Lebeaupin ពី​ទីក្រុង​ប៉េកាំង ៖

សេចក្កី​ប្រែ​សម្រួល​របស់ អៀង សុខម៉ិញ

18/11/2009

លោក បារ៉ាក់ អូបាម៉ា និង​លោក វេន ជាបាវ ថ្ងៃ​ទី​១៨ វិច្ឆិកា ២០០៩(រូបថត : Reuters)

លោក បារ៉ាក់ អូបាម៉ា និង​លោក វេន ជាបាវ ថ្ងៃ​ទី​១៨ វិច្ឆិកា ២០០៩
(រូបថត : Reuters)

ពុំ​មាន​នរណា​ម្នាក់​ហ៊ាន​លេង​ភ្នាល់​គ្នា​ថា ​ដំណើរ​ទស្សនកិច្ច​របស់​លោក​បារ៉ាក់​ អូបាម៉ា​ នៅ​ប្រទេស​ចិន​​នា​ពេលនេះ​​អាច​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ចិន​អាមេរិក​ល្អូក​ល្អើន​ឡើង​វិញ​បាន​ឡើយ។ លទ្ធផល​នៃ​ទស្សនកិច្ច​នេះ​ហុច​ផ្លែ​ផ្កា​តិច​តួច​ណាស់។ សេចក្តី​ថ្លែង​ការណ៍​រួម​ដែល​​បាន​ធ្វើ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ មាន​ត្រឹម​តែ​ការ​សន្យា​ប៉ុណ្ណោះ។ ការ​សន្យា​នោះ​ទៀត​សោត​ គឺ​ផ្តោត​ជា​សំខាន់​លើ​តែ​វិស័យ​សេដ្ឋកិច្ច​ទៀត។

ដើម្បី​កុំ​ឲ្យ​ចិន​ ​រស់​ពឹង​ផ្អែក​អាស្រ័យ​លើ​តែ​ការ​នាំ​ចេញពេក ចិន​​ត្រូវ​តែ​​បង្កើន​ការ​ចាយ​វាយ​ក្នុង​ស្រុក និង​បង្កើន​ប្រាក់​ចំណូល​របស់​បណ្តា​ជន​។ ហើយ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ សហរដ្ឋ​អាមេរិក បាន​សន្យាថា​នឹង​កាត់​បន្ថយ​បំណុល​ និង​ឱនភាព​ថវិកា​របស់​ខ្លួនដែរ។ សរុប​សេចក្តី​មក​ ប្រមុខ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ​ មាន​បំណង​ប្រាថ្នា​តែ​មួយ​រួម​គ្នា​ គឺ​​សម្រេច​អភិវឌ្ឍ​សេដ្ឋកិច្ចមួយ​ដ៏​​​ស្មើ​ភាព​គ្នា និង​យូរអង្វែង។

ផ្ទុយ​ទៅវិញ​ បញ្ហា​ប្រាក់​យ័ន​ចិន​ ថោក​ជ្រុល​ពេល​ដែល​ក្រុង​វ៉ាស៊ិនតោន​ចង់​ឲ្យ​ចិន​សិក្សា​ឡើង​វិញនោះ​ មិន​ត្រូវ​បាន​លើក​យក​មក​និយាយ​សោះ​ ព្រោះ​ក្រុង​ប៉េកាំង​បដិសេធ​។

ទាក់ទង​នឹង​ជម្លោះ​រ៉ាំរ៉ៃ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​វិញ គេ​គ្រាន់​តែ​បាន​ឮ​ប្រមុខ​ដឹក​នាំ​ទាំង​ពីរ​អំពាវនាវ​ឲ្យ​មាន​ការ​​​​ខិតខំ​​​ពិគ្រោះ​គ្នា និង​យល់​ពី​ភាព​ចាំបាច់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​នយោបាយ​ឧបត្តម្ភ​និយម។

ក្នុង​វិស័យ​ការទូត​វិញ លទ្ធផល​រឹត​តែ​តិច​តួច​ស្តួច​ស្តើង​ទៅ​ទៀត។ នៅព្រឹក​ថ្ងៃ​ពុធ​នេះ សារព័ត៌មាន​ហុងកុង​បាន​ចំអក​ថា​ “​មិន​មែន​ជា​ពេល​វេលា​ដែល​ត្រូវ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ឯណា ?! ទស្សនកិច្ច​របស់​លោក​អូបាម៉ា​នៅ​ចិន​នេះ គឺ​ដើម្បី​ស្វែង​រក​ការ​ចរចា​​ជា​យុទ្ធសាស្រ្ត​មួយ​ក្នុង​សំណុំ​រឿង​ធំៗ​ មាន​ជា​អាទិ៍​ បញ្ហា​អាកាសធាតុ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​សាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ។

លោក​អូបាម៉ា​បាន​លើក​យក​បញ្ហា​សិទ្ធិ​មនុស្ស​ និង​បញ្ហា​ទីបេ មកនិយាយ​ម្តង​ ឬ​ពីរ​ដង​ដែរ ប៉ុន្តែ​នេះ​ប្រធានបទ​ដែល​អាច​នាំ​​ឲ្យ​ចិន​​មិន​សប្បាយ​ចិត្ត​ ដូច្នេះ​​ត្រូវ​បាន​គេ​បំបិទ​ទៅ​វិញ ចំណែក​​សំណុំ​រឿង​អាមេរិក​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​​ ក៏ត្រូវ​បាន​លោក​អូបាម៉ា​បដិសេធ​មិន​ឆ្លើយ​ដែរ។ ព្រោះ​ទាំងនេះ សុទ្ធ​សឹង​ជា​ប្រធានបទ​ដ៏​រសើប​បំផុត​ដែល​មិន​គួរ​មាន​ក្នុង​របៀបវីរៈ​នៃ​ទស្សនកិច្ច​បែប​នេះ​ឡើយ៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល