ដោយ លី ម៉េងហួរ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 18/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 18/11/2009 11:34 ម៉ោងសកល
ការដកអភ័យឯកសិទ្ធិសភាតំណាងរាស្ត្រលោក សម រង្ស៊ី ត្រូវបានមេបក្សប្រឆាំងរូប នេះលើកឡើងនៅថ្ងៃអង្គារម្សិលមិញ នៅក្នុងវេទិកា ចំពោះមុខសមាជិកសភាអឺរ៉ុប និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ។ លោក សម រង្ស៊ី ចាត់ទុក ការដកអភ័យឯកសិទ្ធិលោក ថាជាការរំលោភសិទ្ធិមនុស្សថ្មីមួយទៀតនៅកម្ពុជា។ ក៏ប៉ុន្តែទីប្រឹក្សារដ្ឋាភិបាល បានច្រានចោល និងថាវត្តមានរបស់លោក សម រង្ស៊ី នៅសភាអឺរ៉ុប គ្រាន់តែជាការបំប៉ោងព័ត៌មាន ដើម្បីតែប្រយោជន៍នយោបាយផ្ទាល់ខ្លួនប៉ុណ្ណោះ។
សូមចុចខាងក្រោមដើម្បីស្តាប់ ៖
វត្តមានរបស់លោក សម រង្ស៊ី ក្នុងវេទិកាសភាសហភាពអឺរ៉ុប នៅប្រ៊ុចសែល កាលពីថ្ងៃ១៧វិច្ឆិកាម្សិលមិញ គឺតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋសភាប្រទេសកម្ពុជា បានដកអភ័យឯកសិទ្ធិរបស់លោក។
ការដកអភ័យឯកសិទ្ធិលោក សម រង្ស៊ី ដើម្បីបើកផ្លូវឲ្យតុលាការខេត្តស្វាយរៀង ជាប់ព្រំដែនប្រទេសវៀតណាម កាត់ទោសលោក ក្នុងបទញុះញង់ និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ នេះក៏ដោយសារតែលោក សម រង្ស៊ី ដកបង្គោលតម្រុយ បណ្តោះអាសន្ន សម្រាប់កំណត់ព្រំដែនប្រទេសកម្ពុជា និងវៀតណាម កាលពីថ្ងៃ២៥តុលា។
វេទិកានៅទីក្រុងប្រ៊ុចសែល ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក សម រង្ស៊ីបានប្រាប់សមាជិកសភាអឺរ៉ុប និងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ អំពីបញ្ហាដីធ្លី ប្រព័ន្ធតុលាការមិនឯករាជ្យ បញ្ហាការងារ និងជាពិសេស បញ្ហាដកអភ័យឯកសិទ្ធិរបស់លោក ដែលជាការរំលោភសិទ្ធិមនុស្ស និងសិទ្ធិតំណាងរាស្ត្រក្នុងប្រទេសកម្ពុជា។ លោក សម រង្ស៊ី ក៏មានគម្រោងជួបនឹងសហព័ន្ធសភាអន្តរជាតិ IPU នៅទីក្រុងហ្សឺណែវ នាពេលឆាប់ៗខាងមុខ។
សូមរំឮកថា វេទិកាសភាអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ម្សិលមិញ ក៏មានការចូលរួមពីតំណាងអង្គការសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាផងដែរ។ វេទិកានេះ ដើម្បីបង្កើនការយល់ដឹងពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា មុនពេលដែលក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ត្រូវជួបប្រជុំពិនិត្យមើលឡើងវិញពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាថ្ងៃទី១ធ្នូខាងមុខ។
ទោះជាយ៉ាងណា នៅទីក្រុងភ្នំពេញឯណេះ លោក ទិត សុធា ជាទីប្រឹក្សាម្នាក់របស់រដ្ឋាភិបាលកម្ពុជា បានហៅវត្តមានរបស់លោក សម រង្ស៊ី នៅសភាអឺរ៉ុបពេលនេះ ថាគ្រាន់តែជាការបំប៉ោងព័ត៌មាន និងដើម្បីប្រយោជន៍នយោបាយផ្ទាល់ខ្លួនប៉ុណ្ណោះ។
ចំពោះការដកអភ័យឯកសិទ្ធិសភាតំណាងរាស្ត្រលោក សម រង្ស៊ី ត្រូវបានលោក ទិត សុធា បញ្ជាក់ជាថ្មីថា រដ្ឋសភាធ្វើស្របតាមនីតិវិធីច្បាប់ និងដើម្បីទប់ស្កាត់ភាពអាណាធិបតេយ្យរបស់លោក សម រង្ស៊ី៕
ទាក់ទងនឹងប្រធានបទនេះ
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល