ដោយ លាង ដឺលុច
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 18/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 18/11/2009 13:41 ម៉ោងសកល
លោក ថាក់ស៊ីន បានសរសេរនៅក្នុងគេហទំព័រអ៊ីនថឺនែតរបស់លោកថា លោកបានទាក់ទងជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ ដើម្បីស្នើសុំអោយអាជ្ញាធរកម្ពុជាមើលថែបុរសជនជាតិថៃអោយបានសមរម្យនៅក្នុងមន្ទីរឃុំឃាំង។ ទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថាលោកមិនបានដឹងអំពីការទាក់ទងគ្នារវាងលោក ថាក់ស៊ីន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។
សូមចុចខាងក្រោមដើម្បីស្តាប់ ៖
កាសែតថៃបាងកកប៉ុស្តបានផ្សាយនៅថ្ងៃពុធនេះអោយដឹងថា លោកអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ បានសរសេរនៅលើគេហទំព័រអ៊ីនថឺនែតរបស់លោក ដោយអះអាងថាលោកបានទាក់ទងជាមួយអាជ្ញាធរនៃប្រទេសកម្ពុជារួចហើយ ដើម្បីស្នើសុំអោយមានការមើលថែអោយបានសមរម្យ បុរសជនជាតិថៃនៅក្នុងមន្ទីរឃុំឃាំងព្រៃសនោះ។ បុរសជនជាតិថៃឈ្មោះស៊ីវ៉ារ៉ាក់ ជោធិពង្ស ដែលត្រូវបានឃុំខ្លួនក្រោមបទសង្ស័យថាបានធ្វើចារកម្មលួចព័ត៌មានស្តីពីពេលវេលាហោះហើររបស់លោក ថាក់ស៊ីន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅអោយក្រុងបាងកកកាលពីសប្តាហ៍មុន។
មិនមានការបញ្ជាក់ពីខាងកម្ពុជា អំពីទំនាក់ទំនងរវាងលោក ថាក់ស៊ីន និងលោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន ដូចការផ្សព្វផ្សាយរបស់កាសែតថៃនោះឡើយ។ លោក ប្រាក់ សុខុន ទីប្រឹក្សារបស់លោកប្រមុខរដ្ឋាភិបាលកម្ពុជាបានអះអាងថា លោកមិនបានដឹង ថាតើមានការទាក់ទងពីលោក ថាក់ស៊ីន មកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញសំណុំរឿងឃុំខ្លួនវិស្វករថៃនេះទេ។ ទាក់ទងនឹងសំណុំរឿងក្តីនេះ លោក ប្រាក់ សុខុន គ្រាន់តែអត្ថាធិប្បាយថា វាស្ថិតនៅក្នុងសមត្ថកិច្ចរបស់តុលាការ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង វិញបានថ្លែងថា ក្រសួងការបរទេសមិនបានទទួលការទាក់ទងអ្វីថ្មីពីរដ្ឋាភិបាលក្រុងបាងកកឡើយ។ ហើយលោកក៏មិនបានទទួលព័ត៌មានពីស្ថាប័នកម្ពុជាណាមួយ"ដែលនិយាយអំពីការយល់ព្រមដោះលែងបុរសជនជាតិថៃ" ដូចការផ្សាយរបស់កាសែតថៃនោះដែរ។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានថ្លែងនៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយកាសែតបាងកកប៉ុស្តថា វានឹងមិនមានការដោះលែងវិស្វករជនជាតិថៃក្នុងពេលឆាប់ៗខាងមុខនេះទេ។ ហើយបុរសជនជាតិថៃនេះត្រូវតែអនុវត្តទៅតាមនីតិវិធីតុលាការកម្ពុជា។
ព័ត៌មានស្តីពីការដោះលែងបុរសជនជាតិថៃនេះ បានកើតមានឡើងក្រោយពីម្តាយវិស្វករជនជាតិថៃនេះ បានថ្លែងអំពាវនាវរកលោក ថាក់ស៊ីន អោយប្រើប្រាស់មិត្តភាពដែលលោកមានជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្វែងរកការដោះលែងកូនប្រុសរបស់លោកស្រី។
មិនមែនមានតែលោកអតីតនាយករដ្ឋមន្ត្រីថៃទេ រដ្ឋាភិបាលក្រុងបាងកកសព្វថ្ងៃក៏បានកំពុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីរកផ្លូវសុំអោយកម្ពុជាព្រមដោះលែងលោកស៊ីវ៉ារ៉ាក់ដូចគ្នា។ យោងតាមសារព័ត៌មានថៃ មន្ត្រីជាន់ខ្ពស់យោធារបស់ប្រទេសថៃ ព្រមទាំងរដ្ឋមន្ត្រីការពារប្រទេសលោក ប្រាវីត វង្សស៊ូវុន ផងបានព្យាយាមទាក់ទងជាមួយរដ្ឋមន្ត្រីការពារជាតិខ្មែរលោក ទៀ បាញ់ដើម្បីរកផ្លូវជួយវិស្វករជនជាតិថៃដែលកំពុងនៅក្នុងមន្ទីរឃុំឃាំងព្រៃស៕
ទាក់ទងនឹងប្រធានបទនេះ
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល