publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

សហភាព​អឺរ៉ុប

អឺរ៉ុប​នឹង​មាន​ប្រធាន​អចិន្ត្រៃយ៍​នៅថ្ងៃ​ព្រហស្បតិ៍​នេះ

ដោយ អៀង សុខម៉ិញ

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 19/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  19/11/2009 09:51 ម៉ោងសកល

សន្ធិសញ្ញា​ក្រុង​ Lisbonne បាន​បង្កើត​តួនាទី​ថ្មី​ពីរ​​នៅ​សហភាព​អឺរុប នោះ​គឺ​កៅអី​ជា​ប្រធានអចិន្ត្រៃយ៍ និង​រដ្ឋមន្ត្រី​ការបរទេស​។ នៅ​ល្ងាច​ថ្ងៃព្រហស្បតិ៍​ទី ១៨ វិច្ឆិកា​នេះ​ សមាជិក​​ សហភាព​អឺរ៉ុប ទាំង​២៧​​ ត្រូវ​ជួប​ប្រជុំ​គ្នា​ ដើម្បី​ធ្វើ​ការ​ជ្រើសរើស​ប្រធានទីមួយ​​របស់​ខ្លួន។ ​ក៏​ប៉ុន្តែ​​ជា​ការ​សម្រេច​ចិត្ត​មួយ​ដ៏​លំបាក ព្រោះ​​សន្ធិសញ្ញា​មិន​បាន​ចែង​ អំពី​តួនាទី​របស់​ប្រមុខ​ដឹក​នាំ​​របស់​ខ្លួន ឲ្យ​ច្បាស់​លាស់​​សោះ។

ក្រុម​ប្រឹក្សា​អឺរ៉ុប

ក្រុម​ប្រឹក្សា​អឺរ៉ុប

ក្នុង​ដំណាក់កាល​ចុងក្រោយ​ មុន​នឹង​សន្ធិស​ញ្ញា​ក្រុង​Lisbonne ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ទី​១ ធ្នូ​ ២០០៩ នេះ តួនាទី​ថ្មី​ពីរ​នឹង​ត្រូវ​បង្កើត​ឡើង​ នៅ​ថ្ងៃ​នេះ នោះ​គឺ​ ​ប្រធានអចិន្ត្រៃយ៍​ របស់​សហភាព​អឺរ៉ុប និង​តំណាង​ជាន់​ខ្ពស់​ទទួល​បន្ទុកនយោបាយ​ការបរទេស​ ដែល​យើង​អាច​ហៅ​បាន​ថា​រដ្ឋមន្ត្រី​ការបរទេស​សហភាពអឺរុប។ ហេតុដូច្នេះ​ហើយ​បាន​ជា​មេដឹកនាំ​ប្រទេស​ជា​សមាជិក​ទាំង​២៧ ​ត្រូវ​មក​ជួប​ប្រជុំ​គ្នា​ នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក ដើម្បី​សម្រេច​អារកាត់​នៅ​ល្ងាច​នេះ​ ​ តែងតាំង​ប្រធានម្នាក់​ តាម​រយៈ​ការ​បោះឆ្នោត​រក​សំឡេង​ភាគ​ច្រើនគាំទ្រ។ ការ​តែង​តាំង​​នឹង​ត្រូវ​ជួប​ការ​លំបាក​ច្រើន​ព្រោះ​​ក្នុង​នាម​ជា​អ្នក​តំណាង​ឲ្យ​សហភាព​អឺរ៉ុប​លើ​ឆាក​អន្តរជាតិ បេក្ខភាពប្រធានអចិន្ត្រៃយ៍ ត្រូវ​ឆ្លើយ​តប​ទៅ​នឹង​លក្ខខណ្ឌ​ជា​ច្រើន​ ដូច​ជា ចេះ​ឈរ​លើ​ចរន្ត​នយោបាយ​ អភិរក្សនិយម​ និង សង្គម​​-​ប្រជាធិបតេយ្យ​ដែល​ជា​ចរន្ត​ពី​រខ្វែងគ្នា  ប៉ុន្តែ​ក៏​ត្រូវចេះ​បែង​ចែក​ទម្ងន់​នយោបាយ​​រវាង​​ប្រទេស​តូច និង​ប្រទេស​ធំ​ សមភាព​រវាង​ស្ត្រី​និង​បុរស ។ល។ និង​។ល។ ​និង​ត្រូវស្វែង​រក​សំឡេង​គាំទ្រ​ឲ្យ​បាន​យ៉ាង​ណោច​ណាស់ ២៥៥​សំឡេង លើ​៣៤៥សំឡេង។

បើតាម​សន្ធិសញ្ញា​ក្រុង Lisbonne អាណត្តិ​របស់​ប្រធាន​​អចិន្ត្រៃយ៍​នេះ មាន​រយៈ​ពេលពីរ​ឆ្នាំកន្លះ ហើយ​ប្រធាន​ម្នាក់​អាច​កាន់​តំណែង​បាន​ត្រឹម​តែពីរ​អាណត្តិ​ប៉ុណ្ណោះ​យ៉ាង​យូរ។ ​

ចំណែក​អនាគត​រដ្ឋមន្ត្រី​ការបរទេស​ ដែល​ជា​តំណាង​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ច​ការនយោបាយ​ការ​ទូតផង​ និង​ទំនាក់ទំនង​ការ​​បរទេសផង ​នឹងមាន​ថានៈស្មើ​នឹង​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប ហើយ​​មាន​​ភារៈ​ធំទូលាយ​ជា​ង​​តំណាង​ការទូត​សហភាព​អឺរ៉ុប​ចាស់៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល