publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

កម្ពុជា​-ថៃ

បុគ្គលិក​ជនជាតិ​ថៃ​នៅ​CATS ត្រូវ​បាន​បញ្ឈប់​បណ្តោះ​អាសន្ន

ដោយ លាង ដឺលុច

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 19/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  19/11/2009 11:41 ម៉ោងសកល

ប្រធាន​ក្រុមហ៊ុន​សេវាកម្ម​ចរាចរណ៍​ដែន​អាកាស​កម្ពុជា​ហៅ​កាត់​ថា CATS បាន​ថ្លែង​ប្រាប់​កាសែត​ថៃ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​បណ្តេញ​បុគ្គលិក​ជនជាតិ​ថៃ​ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​CATS​នេះ​ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។ ការ​ចេញ​ចំណាត់ការ​ថ្មី​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​វិស្វករ​ជនជាតិ​ថៃ​ម្នាក់​ដែល​ធ្វើការ​អោយ​ក្រុមហ៊ុន​CATS​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​បទ​សង្ស័យ​ក្នុង​អំពើ​ចារកម្ម។ តុលាការ​កម្ពុជា​បាន​រក​ឃើញ​សាក្សី​បន្ថែម ដែល​អះអាង​អំពី​ការងារ​ចារកម្ម​របស់​វិស្វករ​ជនជាតិ​ថៃ​នេះ។
សូម​ចុ​ចខាង​ក្រោម​ដើម្បី​ស្តាប់ ៖

សេចក្តី​រាយការណ៍​របស់ លាង ដឺលុច​ ពីទីក្រុង​ភ្នំពេញ

19/11/2009

មាន​ការ​បណ្តេញ​បុគ្គលិក​ថៃ​នៅ​​ក្រុមហ៊ុន​CATS(រូបថត ៖ សុវណ្ណារ៉ា)

មាន​ការ​បណ្តេញ​បុគ្គលិក​ថៃ​នៅ​​ក្រុមហ៊ុន​CATS
(រូបថត ៖ សុវណ្ណារ៉ា)

ប្រធាន​ក្រុមហ៊ុន​សាជីវកម្ម​ សាម៉ាត លោក ​វ៉ាតឆៃ វីឡៃឡាក់ Watchai Wilailuck បាន​អះអាង​ប្រាប់​កាសែត​ថៃ​បាងកក​ប៉ុស្ត​ថា រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​អោយ​បុគ្គលិក​ជនជាតិ​ថៃ​ដែល​ធ្វើការ​អោយ​ក្រុមហ៊ុន​សេវាកម្ម​ចរាចរ​ដែន​អាកាស​កម្ពុជា​ហៅកាត់​ថា CATS ពី​ក្រុមហ៊ុន​កាល​ពី​ថ្ងៃ​ពុធម្សិល​មិញ។ នាយក​ក្រុមហ៊ុន​សាម៉ាត​ដែល​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​ក្រុមហ៊ុន​CATS​ដែរ​នោះ បាន​បន្ត​ថា បុគ្គលិក​ជនជាតិ​ថៃ​ជិត​១០នាក់​ត្រូវ​បាន​ហាមឃាត់​មិន​អោយ​ចូល​កន្លែង​ធ្វើការ​វិញ​ទេ​រហូត​ដល់​សំណុំ​រឿង​ក្តីក្តាំ​របស់​ជនជាតិ​ថៃ​ឈ្មោះ​ស៊ីវ៉ារ៉ាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ ចប់​សព្វ​គ្រប់។

         មិន​អាច​ទាក់ទង​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អះអាង​បញ្ជាក់​អំពី​ការ​បណ្តេញ​បុគ្គលិក​ជន​ជាតិ​ថៃ​ពី​ក្រុមហ៊ុន​CATS​នេះ​បាន​ទេ​នៅ​ថ្ងៃ​នេះ។

         ក្រុមហ៊ុន​សេវាកម្ម​ចរាចរណ៍​ដែនអាកាស​កម្ពុជា​ហៅកាត់ថា ​CATS គឺ​ជា​ក្រុមហ៊ុន​ដែល​ធ្វើការ​លើ​ការ​ត្រួត​ពិនិត្យ​ចរាចរណ៍​ដែន​អាកាស​របស់​កម្ពុជា ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​សាម៉ាត​របស់​ថៃ។

         កាល​ពី​ថ្ងៃទី​១២​វិច្ឆិកា​សប្តាហ៍​កន្លង​ទៅ ក្នុង​អំឡុង​បេសកកម្ម​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ ថាក់ស៊ីន ស៊ីណាវ៉ាត ក្នុង​នាម​ជាទី​ប្រឹក្សា​រដ្ឋាភិបាល​កម្ពុជា នៅ​ប្រទេស​កម្ពុជា អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​វិស្វករ​ជនជាតិថៃ​ម្នាក់​ឈ្មោះ​ ស៊ីវ៉ារ៉ាក់ ជោធិពង្ស​ ដែល​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​CATS​នេះ ក្នុង​បទ​សង្ស័យ​ថា​បាន​លួច​ផ្តល់​ព័ត៌មាន​ស្តី​ពី​ជើង​ហោះហើរ​របស់​លោក​ ថាក់ស៊ីន និង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ផ្ញើ​ទៅ​អោយ​ក្រុង​បាងកក។ ក្រុង​បាងកក​ដែល​បាន​កំពុង​តាម​ប្រមាញ់​ចាប់​ខ្លួន​លោក​ថាក់ស៊ីន។

         កាល​ពី​ព្រឹក​ថ្ងៃពុធ​ម្សិលមិញ បុរស​ពីរ​នាក់ ដែល​ម្នាក់​ជាជន​ជាតិ​ថៃ និង​ម្នាក់​ទៀត​ជា​ជន​ជាតិ​​ខ្មែរ​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​CATS​នេះ​ដែរ បាន​ចូល​ឆ្លើយ​ផ្តល់​ព័ត៌មាន​បន្ថែម​ក្នុង​នាម​ជាសាក្សី​ទៅ​អោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយពួកគេ​បាន​សារភាព​ថា ពួកគេ​បាន​ទទួល​បញ្ជា​ពី​វិស្វករ​ជនជាតិ​ថៃ​ឈ្មោះ​ស៊ីវ៉ារ៉ាក់​នេះ អោយ​តាមដាន​ជើង​ហោះហើរ​របស់​លោក​ថាក់ស៊ីន។

         កាសែត​បាងកក​ប៉ុស្ត​បាន​ផ្សាយ​អោយ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​អោយ​ក្រុមហ៊ុន​CATS​ដាក់​បុគ្គលិក​កម្ពុជា​អោយ​ធ្វើការ​ជំនួស​កន្លែង​ជនជាតិ​ថៃ​ជា​បណ្តោះអាសន្ន។

         ពាក់ព័ន្ធ​នឹង​ករណី​វិស្វករ​ជនជាតិ​ថៃ​លោក ស៊ីវ៉ារ៉ាក់ លោក កៅ ស៊ូផា ដែល​ជា​មេធាវី​របស់​លោក​ ស៊ីវ៉ារ៉ាក់ បាន​អះអាង​អោយ​ដឹងថា ម្តាយ​របស់​កូន​ក្តី​របស់​លោក​មាន​គំរោង​ជួប​កូន​ប្រុស​គាត់​នៅ​រសៀល​ថ្ងៃទី​២៧​វិច្ឆិកា​ខាងមុខ​នេះ ដោយ​មាន​មន្ត្រី​ក្រសួង​ការបរទេស​ថៃ​មក​ជាមួយ​ផង។ បើតាម​លោក កុយ គួង ដែល​ជា​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ការ​សំរេច​អោយ​មាន​ការ​សួរ​សុខទុក្ខ​ជា​ថ្មី​លើ​លោក​វិស្វករ​ជនជាតិ​ថៃ​នោះ វា​អាស្រ័យ​លើ​ការ​ពិចារណា​របស់​តុលាការ៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល