publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

ជប៉ុន-សេដ្ឋកិច្ច

បន្ទាប់ពី​សេដ្ឋកិច្ច​ចាប់​មាន​កំណើន ជប៉ុន​ចាប់ផ្តើម​ជួបនឹង​បញ្ហា​បរិត្តផរណា

ដោយ សេង  ឌីណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 20/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  20/11/2009 12:19 ម៉ោងសកល

នៅ​​ថ្ងៃ​សុក្រ​នេះ​ រដ្ឋាភិបាល​ជប៉ុន​បាន​​ប្រកាស​ឲ្យ​ដឹង​ថា បញ្ហា​បរិត្តផរណា​បាន​ចាប់​កើត​មាន​ឡើងវិញ​ហើយ​នៅ​ជប៉ុន ហើយ​ថា​បញ្ហា​នេះ​អាច​នឹង​រារាំង​កំណើន​សេដ្ឋកិច្ច​ជប៉ុន ដែល​ទើប​នឹង​ងើប​ផុត​ពីវិបត្តិ​​សេដ្ឋកិច្ច​ពិភពលោក។ តើ​អ្វី​ទៅ​ជា​បរិត្តផរណា? តើ​វា​​អាចប៉ះពាល់​ដូចម្តេចខ្លះ​ដល់​សេដ្ឋកិច្ច​ជាតិ?

សូម​ចុច​ខាងក្រោម ដើម្បី​ស្តាប់៖

ការពន្យល់​របស់ សេង ឌីណា

20/11/2009

ទំនិញ​នៅ​លើ​ទីផ្សារ​ជប៉ុន​ធ្លាក់​ថ្លៃ​ជាទូទៅ គួរ​ឲ្យ​បារម្ភ(រូបថត៖ Reuters)

ទំនិញ​នៅ​លើ​ទីផ្សារ​ជប៉ុន​ធ្លាក់​ថ្លៃ​ជាទូទៅ គួរ​ឲ្យ​បារម្ភ
(រូបថត៖ Reuters)

វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​​បាន​ធ្វើ​សេដ្ឋកិច្ច​ជប៉ុន​ធ្លាក់​ចុះ​ដុនដាប ដល់​កម្រិត​មួយ​ទាប​បំផុត មិន​ធ្លាប់​មាន​ ចាប់​តាំង​ពី​សង្រ្គាម​លោក​លើក​ទី២​មក។ ក៏ប៉ុន្តែ ចាប់​ពីពាក់​កណ្តាល​ឆ្នាំ​២០០៩​នេះ​មក សេដ្ឋកិច្ច​ជប៉ុន​​បាន​ចាប់​មាន​កំណើន​ឡើង​វិញ ក្នុង​រយៈពេល​ពីរ​ត្រីមាស​ជាប់ៗ​គ្នា។

នៅ​ចន្លោះ​ពីខែ​កក្កដា ដល់​ខែ​កញ្ញា សេដ្ឋកិច្ច​ជប៉ុន​មាន​កំណើន​ដល់​ទៅ​ជិត​៥% ច្រើន​ជាង​ការ​ព្យាករ​ទុក​របស់​សេដ្ឋវិទូ។ ធនាគារ​កណ្តាល​របស់​ជប៉ុន​​បាន​សម្រេច​រក្សា​អត្រាការប្រាក់​ឲ្យ​នៅ​ទាប​ដដែល គឺ​​ត្រឹមតែ ០,១% ប៉ុណ្ណោះ ក្នុង​មួយ​ឆ្នាំ ដើម្បី​បន្ត​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ជប៉ុន​មាន​កំណើន​តទៅទៀត។

ក៏ប៉ុន្តែ ទន្ទឹម​នឹង​ដំណឹង​ល្អ​នេះ ស្រាប់​តែ​នៅ​ថ្ងៃ​សុក្រ​នេះ ក្រសួង​សេដ្ឋកិច្ច​ជប៉ុន​បាន​ប្រកាស​ឲ្យ​ដឹង​ថា ជប៉ុន​អាច​នឹង​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​បរិត្ត​ផរណា ដែល​ជា​ឧបសគ្គ​​ដ៏ធំ​នៃ​កំណើន​សេដ្ឋកិច្ច។

តើ​អ្វី​ទៅ​ជា​បរិត្តផរណា? បរិត្តផរណា គឺ​ផ្ទុយ​ពី​អតិផរណា។ អតិផរណា គឺ​តម្លៃ​ទំនិញ​ជាទូទៅ​កើន​ឡើង។ ចំណែក បរិត្តផរណា​​វិញ តម្លៃទំនិញ​ជាទូទៅ​ធ្លាក់ចុះ។ មិនមែន​ធ្លាក់ចុះ​តែ​តម្លៃ​ទំនិញ​មួយ​មុខ ឬ​ក៏ពីរមុខ​នោះទេ។ គឺ​តម្លៃ​ទំនិញ​​​ទូទៅ ស្ទើរតែ​គ្រប់មុខ ដែល​ធ្លាក់ចុះ ហើយ​​បន្តធ្លាក់ចុះ​ជា​លំដាប់ ក្នុងរយៈពេល​​មួយ​វែង។

បើ​ស្តាប់​មើល​ទៅ តម្លៃទំនិញ​ធ្លាក់​ចុះ​គួរ​តែ​ជា​ដំណឹង​ល្អ ជាពិសេស សម្រាប់​អ្នក​​ទិញ​។ ក៏ប៉ុន្តែ ការពិត​ បញ្ហា​បរិត្តផរណា​​​ជះ​ឥទ្ធិពលអាក្រក់​ដល់​សេដ្ឋកិច្ច​ជាតិ​​ទាំងមូល រួម​ទាំង​អ្នក​ទិញ​ទំនិញ​ផង​ដែរ។

នៅ​ពេល​ដែល​តម្លៃ​ទំនិញ​ជាទូទៅ​ធ្លាក់ចុះ ហើយ​បន្ត​ធ្លាក់ចុះ​ជាលំដាប់ អ្នក​ទិញ​ចាប់​ផ្តើម​ផ្អាក​ទិញ​ទំនិញ ដោយ​នាំ​គ្នាគិត​ថា ​ចាំ​ទំនិញ​​ធ្លាក់ចុះ​​បន្តិច​ទៀត ចាំ​ទិញ ទើប​ចំណេញ។ នៅ​ពេល​ដែល​គ្រប់​គ្នា​គិត​ដូច្នេះ ទំនិញ​នៅ​លើ​ទីផ្សារ​​ត្រូវ​សល់​លក់​មិនដាច់ ហើយ​អ្នក​លក់​​ត្រូវ​បង្ខំ​ចិត្ត​បញ្ចុះ​តម្លៃ​បន្ថែម​ទៀត។ បញ្ហា​បរិត្តផរណា​ក៏​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត។ ប៉ុន្តែ មក​ដល់​ត្រឹម​ណេះ បរិត្តផរណា​ នៅ​តែ​ជា​ដំណឹង​ល្អ​សម្រាប់​អ្នក​ទិញ​ ព្រោះ​ទំនិញ​មាន​តម្លៃ​ថោក។ ក៏ប៉ុន្តែ វាជារឿងល្អ​ តែ​នៅពេល​ដែល​អ្នក​ទិញ​​នៅ​មាន​ការងារ​ធ្វើ និង​នៅ​មាន​ប្រាក់​ចំណូល​តែ​ប៉ុណ្ណោះ។ ចុះ​បើ​អស់​ការងារ​ធ្វើ ហើយ​គ្មាន​ប្រាក់ចំណូលវិញ? បើ​ទោះជា​ ទំនិញ​មាន​តម្លៃ​ថោក​ប៉ុណ្ណា​ក៏ដោយ បើ​គ្មាន​លុយ​ទិញទេ​នោះ​ ក៏​វា​គ្មាន​ប្រយោជន៍​អ្វី​នោះដែរ!

ដំណឹង​ដែល​អាក្រក់ គឺថា បញ្ហា​បរិត្តផរណា នឹង​នាំ​ទៅរក​វិបត្តិ​អត់ការងារធ្វើ! នៅ​ពេល​ដែល​តម្លៃ​ទំនិញ​ធ្លាក់ចុះ អ្នក​លក់​ត្រូវ​​បាត់បង់​ចំណូល រោងចក្រ​ផលិត​ទំនិញ ក៏​បាត់បង់ចំណូល ហើយ​​ត្រូវ​​បង្ខំ​ចិត្ត​កាត់បន្ថយ​បុគ្គលិក ឬ​ក៏​អាច​ឈាន​ទៅ​ដល់​បិទ​រោងចក្រ​តែម្តង​ក៏មាន។ នៅ​ពេល​នោះ ​វិបត្តិ​អ្នក​អត់ការងារ​ធ្វើ​នឹង​កើត​មាន​ឡើង។ នៅ​ពេល​នោះ​ហើយ​ ដែល​បញ្ហា​បរិត្តផរណា​នឹង​ជះ​ឥទ្ធិពល​​អាក្រក់​ ចំពោះ​សេដ្ឋកិច្ច​ជាតិជាទូទៅ។ អ្នក​​ទិញ​ទំនិញ ដែល​ពីដំបូង គិតថា​ ខ្លួន​គួរ​តែ​ជា​អ្នក​ទទួល​ផល​​ចំណេញ​ពី​​ការ​ធ្លាក់ថ្លៃ​ទំនិញ​នោះ ក៏​នឹង​ត្រូវ​ក្លាយ​ជា​ជនរងគ្រោះ​វិញ​ដែរ ដោយ​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​អត់ការងារធ្វើ។

កន្លងមក គេ​ធ្លាប់​ឃើញ​បញ្ហា​នេះ​កើត​ឡើង​ជាច្រើន​លើក​ណាស់​មក​ហើយ។ នៅ​ក្រោយ​​វិបត្តិសេដ្ឋកិច្ច​ពិភព​ក្នុង​ទសវត្សរ៍​​ទី៣០ និង​នៅប្រទេស​ជប៉ុន កាល​ពីទសវត្សរ៍​ទី៩០។

លោក​ Hirohisa Fujii រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន បាន​ថ្លែង​ថា ថ្មីៗ​នេះ​ទំនិញ​នៅ​លើ​ទីផ្សារ​ជប៉ុន​បាន​ចាប់​ធ្លាក់ថ្លៃ​​ខ្លាំង​មិន​ធម្មតា ​គួរ​ឲ្យ​បារម្ភ គឺ​ជា​ការ​ធ្លាក់ថ្លៃ​ទំនិញ ដែល​ជប៉ុន​មិន​ធ្លាប់​ជួបប្រទះ ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក។ ថ្វីដ្បិត​តែ​ការ​ធ្លាក់ថ្លៃ​ទំនិញ​នៅ​ពេលនេះ មិន​ទាន់​ដល់​កម្រិត​​មួយ​ធ្ងន់ធ្ងរ ប៉ុន្តែ វា​អាច​ជា​ចំណុច​ចាប់​ផ្តើម​​នៃ​បញ្ហា​បរិត្តផរណា។

យោង​តាម​អ្នក​ជំនាញ​សេដ្ឋកិច្ច គេ​សង្កេត​ឃើញ​ថា បញ្ហា​បរិត្តផរណា​ច្រើន​តែ​កើត​មាន​ឡើង នៅ​ក្រោយ​ពី​​​​មាន​វិបត្តិ​សេដ្ឋកិច្ច។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​ការ​ធ្លាក់ថ្លៃ​ទំនិញ​ នៅ​ជប៉ុន នាពេលនេះ គឺ​ជា​រឿង​ដែល​​រដ្ឋាភិបាល​ជប៉ុន​​ត្រូវ​បារម្ភ ពីព្រោះ​ថា ជប៉ុន​ទើប​តែ​ងើប​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច​បាន​បន្តិច​ប៉ុណ្ណោះ។ ជំហាន​បន្ទាប់​មក​ទៀត ជប៉ុន​​អាច​នឹង​ត្រូវ​ប្រឈមមុខ​នឹង​​បញ្ហា​បរិត្តផរណា​។

រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​របស់​ជប៉ុន​បាន​ថ្លែង​ថា ការ​ទប់ទល់​នឹង​បញ្ហា​បរិត្តផរណា គឺ​ជា​​នយោបាយ​ចម្បង​របស់រដ្ឋាភិបាល​ជប៉ុន នៅ​ពេល​នេះ។ ក៏ប៉ុន្ត លោក​មិន​បាន​បញ្ជាក់​ថា តើ​រដ្ឋាភិបាល​របស់​លោក​នឹង​ចាត់​វិធានការ​អ្វី​ខ្លះ​នោះ​ទេ។ ទោះជា​យ៉ាងណា ជប៉ុន​គឺ​ជា​ប្រទេស​ដែល​ធ្លាប់​​ឆ្លង​កាត់​បញ្ហា​បរិត្តផរណា​ច្រើន​ជាងគេ។ ដូច្នេះ រដ្ឋាភិបាល​ជប៉ុន​ប្រហែល​ជា​អាច​ដក​បទពិសោធន៍​ពី​បញ្ហា​មុនៗ មក​ដើម្បី​ទប់ទល់​នឹង​​បញ្ហា​បរិត្តផរណា នៅ​ពេលនេះ​ទៀត។

ក៏ប៉ុន្តែ មេរៀន​ដែល​គេ​ធ្លាប់​រៀន​ពី​វិបត្តិ​មុនៗ បង្ហាញ​ថា គេ​គួរ​ទប់ស្កាត់​​ជាមុន កុំ​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​បរិត្តផរណា ពីព្រោះ​ថា បើ​សិន​ជា​ធ្លាក់​ចូល​ទៅ​ក្នុង​បញ្ហា​នេះ​ហើយ​ គឺ​ពិបាក​នឹង​​ចេញ​មក​វិញ​ខ្លាំងណាស់៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល