ដោយ លាង ដឺលុច
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 20/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 20/11/2009 12:16 ម៉ោងសកល
អង្គភាពអ្នកនាំពាក្យរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានប្រកាសនៅថ្ងៃនេះ ច្រានចោលការផ្សព្វផ្សាយចោទប្រកាន់ដែលថា កម្ពុជាបានបណ្តេញបុគ្គលិកជនជាតិដែលធ្វើការនៅក្នុងក្រុមហ៊ុនសេវាកម្មចរាចរណ៍ដែនអាកាសកម្ពុជា(CATS)។ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក តឹក រ៉េត សំរេច បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃសុក្រនេះថា កម្ពុជាបានគ្រប់គ្រងដំណើរការ ក្រុមហ៊ុនCATSនេះ ជាបណ្តោះអាសន្ន ហើយបុគ្គលិកជនជាតិថៃ ត្រូវតម្រូវអោយធ្វើការពីចំងាយ។
សូមចុចខាងក្រោមដើម្បីស្តាប់ ៖
លោក តឹក រ៉េត សំរេច បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានព្រឹកថ្ងៃទី ២០ វិច្ឆិកា ២០០៩
(រូបថត ៖ សុវណ្ណារ៉ា)
មិនមានការបណ្តេញបុគ្គលិកអ្នកបច្ចេកទេសជនជាតិថៃពីក្រុមហ៊ុនសេវាកម្មចរាចរណ៍ដែនអាកាសដូចការផ្សព្វផ្សាយតាមបណ្តាសារព័ត៌មានថៃ និងកម្ពុជានោះឡើយ។ អង្គភាពអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំសន្និសីទកាសែតនៅរសៀលថ្ងៃសុក្រនេះ ដើម្បីពន្យល់អំពីបញ្ហានេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក តឹក រ៉េត សំរេច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានអះអាងអោយដឹងថា បុគ្គលិកជនជាតិថៃចំនួន៩នាក់ដែលជាអ្នកបច្ចេកទេសនោះ គ្រាន់តែត្រូវហាមឃាត់មិនអោយចូលជិតបន្ទប់ប្រព័ន្ធបច្ចេកទេស ប៉ុន្តែពួកគេនៅបន្តមានវត្តមាននៅក្នុងក្រុមហ៊ុន។ បើតាមការបញ្ជាក់របស់លោក តឹក រ៉េតសំរេច រដ្ឋាភិបាលកម្ពុជាបានដាក់ជំនួសអនុរដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលម្នាក់ដើម្បីគ្រប់គ្រងជាបណ្តោះអាសន្នដំណើរការនៃក្រុមហ៊ុនត្រួត ពិនិត្យចរាចរណ៍ដែនអាកាសកម្ពុជាដែលហៅកាត់ថា CATSនេះ។
ការសំរេចផ្អាកការងារទទួលខុសត្រូវដោយផ្ទាល់របស់ក្រុមអ្នកបច្ចេកទេសថៃយ៉ាងនេះ ដោយសារតែអាជ្ញាធរកម្ពុជាត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពនៃការធ្វើដំណើរតាមផ្លូវអាកាសរបស់ថ្នាក់ដឹកនាំកម្ពុជា។ ការបង្កើនការប្រុងប្រយ័ត្ននេះ ធ្វើឡើងក្រោយពីសមត្ថកិច្ចរបស់កម្ពុជាបានរកឃើញភស្តុតាងស្តីពីការធ្វើចារកម្មរបស់ជនជាតិថៃទៅលើពេលវេលាហោះហើររបស់អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន។ ជាក់ស្តែង វិស្វករជនជាតិថៃលោក ស៊ីវ៉ារ៉ាក់ ជោធិពង្ស របស់ក្រុមហ៊ុនCATSត្រូវបានចាប់ខ្លួនដោយសារតែ គាត់បានលួចចំលងពេលវេលាជើងហោះហើរផ្ញើអោយមន្ត្រីស្ថានទូតថៃ។ ជនជាតិថៃម្នាក់ និងកម្ពុជាម្នាក់ដែលជាបុគ្គលិករបស់ក្រុមហ៊ុនCATSនេះដែរនោះបានព្រមធ្វើជាសាក្សី សារភាពថា ពួកគេត្រូវបានស៊ីវ៉ារ៉ាក់ ជោធិពង្ស ប្រើប្រាស់អោយតាមដានជើងហោះហើររបស់លោក ថាក់ស៊ីន។
នៅក្នុងសន្និសីទកាសែតនៅរសៀលថ្ងៃសុក្រនេះ លោកឧត្តមសេនីយ ឆាយ ស៊ីណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានអះអាងថា លោក ស៊ីវ៉ារ៉ាក់ ជោធិពង្ស ពិតជាបានសារភាពអំពីសកម្មភាពរបស់ខ្លួន។ ហើយរហូតមកដល់ពេលនេះ ក្រៅពីសាក្សីពីររូប មិនមានការបង្គាប់អោយតាមចាប់ខ្លួនជនសង្ស័យណាផ្សេងទៀតឡើយ។
លោក កៅ ស៊ូផា មេធាវីរបស់លោក ស៊ីវ៉ារ៉ាក់ ជោធិពង្ស បានអោយដឹងថា ចៅក្រមស៊ើបអង្កេតបានបញ្ចប់ការស៊ើបអង្កេតលើសំណុំរឿងនេះហើយ។ តែទោះយ៉ាងណាលោកក៏នឹងនៅតែដាក់ពាក្យស្នើសុំអោយកូនក្តីរបស់លោកអាចនៅក្រៅឃុំបណ្តោះអាសន្នដែរ៕
ទាក់ទងនឹងប្រធានបទនេះ
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល