publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

តុលាការ​ខ្មែរ​ក្រហម

ក្រុមអ្នកឃ្លាំមើល ចង់​ឲ្យ​បញ្ជាក់​ពី​សំណង​ដល់​ជន​រងគ្រោះ

ដោយ លី ម៉េងហួរ

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 20/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  20/11/2009 12:56 ម៉ោងសកល

ក្រុម​អ្នក​តាម​ដាន​ដំណើរការ​កាត់ទោស​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​ចង់​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហម ធ្វើការ​បញ្ជាក់ ​អំពី​ពាក្យ​ថា សំណង​សម្រាប់​​ជន​រង​គ្រោះ។ តើ​សំណង​ជា​សមូហភាព និង សំណង​ផ្លូវចិត្ត​នោះ នឹង​បាន​ថវិកា​ពី​ប្រភព​ណាខ្លះ ហើយ​ផ្តល់​ឲ្យ​ជន​រងគ្រោះ ជាដើម​បណ្តឹង​រដ្ឋប្បវេណី តាម​របៀប​ណា?។
សូម​ចុច​ខាង​ក្រោម​ដើម្បី​ស្តាប់ ៖

សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ​ ពីទីក្រុង​ភ្នំពេញ

20/11/2009

តើ​ខ្មែរ​ចង់​បាន​យុត្តិធម៌​មួយ​សមរម្យ​ល្មម ឬ​ក៏​ការ​រលាយ​សាប​សូន្យ​នៃ​តុលាការ​ខ្មែរ​ក្រហម ?(រូបថត ៖ RFI)

ក្នុង​សំណើ​របស់​ជន​រងគ្រោះ ដែល​បាន​ប្រកាស​ក្នុង​សន្និសីទ​កាសែត កាលពី​រសៀល​ថ្ងៃ​២០​វិច្ឆិកា ឆ្នាំ​២០០៩ ក្រុម​អង្គការ​សិទ្ធិមនុស្ស​ដែល​តាម​ដាន​លើ​ដំណើរការ​កាត់​ទោស​​មេ​ខ្មែរ​ក្រហម ចង់​ឲ្យ​មាន​ការ​បញ្ជាក់​ច្បាស់លាស់ ចេញ​ពី​តុលាការ​កាត់ទោស​មេដឹក​នាំ​ខ្មែរ​ក្រហម ចំពោះ​សំណង​សម្រាប់​ជន​រងគ្រោះ។ ថា​តើ​សំណង​នោះ បាន​មក​​ពី​ណា? ហើយ​ត្រូវ​បែង​ចែក​បែប​ណា​ដល់​ជន​រងគ្រោះ ដែល​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី?។

ក្រុម​អង្គការ​ឃ្លាំ​មើល​ដំណើរ​កាត់ទោស​មេ​ខ្មែរក្រហម ក៏​បាន​បញ្ជាក់​​ថា ក្រុម​ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម ក៏​ចង់​ឲ្យ​មាន​សំណង​ជា​ថវិកា ក្រៅតែ​ពី​សំណង​សមូហភាព។ ដូច្នេះ តុលាការ​ត្រូវ​គិតគូរ ស្វែង​រក​ថវិកា​សំណង តាម​មធ្យោបាយ បង្កើត​ខ្ទង់​ចំណាយ​មួយ ឬ​ក៏​រ៉ៃ​អង្គាស​ថវិកា ពី​ពលរដ្ឋ​តាម​សហគមន៍ មន្ត្រី​រាជការ និង អ្នក​ជំនួញ​ឯកជន​ដទៃ​ទៀត។

ការលើក​ឡើង​ដូច្នេះ ព្រោះថា​ជន​ជាប់​ចោទ ឌុច ក៏​ដូច​ជា​មេ​ខ្មែរក្រហម ៤ រូប​ទៀត ដែល​កំពុង​ជាប់​ឃុំឃាំង មិនមាន​លទ្ធភាព​ដើម្បី​ផ្តល់​សំណង សង​ដល់​ជន​រង​គ្រោះ​ទេ។

ទោះជាយ៉ាងណា លោក រាជ សម្បត្តិ ប្រធាន​អង្គភាព​កិច្ចការ​សាធារណៈ និង​ជា​មន្ត្រី​នាំ​​ពាក្យ​របស់​តុលាការ​ខ្មែរ​ក្រហម បាន​លើក​ឡើង​ថា ក្នុង​កាលៈទេសៈ​ពេល​នេះ តុលាការ​​កំពុង​មមាញឹក​នឹង​ការ​ជំនុំ​ជម្រះ​ក្តី​អតីត​មេ​គុក​ទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែល​ឈាន​ដល់​ទី​បញ្ចប់​នៅ​អាទិត្យ​ក្រោយ។

លោក រាជ សម្បត្តិ បាន​បញ្ជាក់​ថា សំណង​សម្រាប់​ជន​រងគ្រោះ ជាដើម​បណ្តឹង​រដ្ឋប្បវេណី ប្រសិន​បើ​មាន គឺ​ជា​សំណង​សមូហភាព និង សំណង​ផ្លូវ​ចិត្ត។ ជា​សំណង ដែល​មក​ទល់​ពេល​នេះ តុលាការ​មិន​ទាន់​ជជែក​ដល់​ឡើយ។

ការ​និយាយ​ពី​រឿង​សំណង សម្រាប់​ជន​រងគ្រោះ​របប​ខ្មែរ​ក្រហម គឺ​ធ្វើ​ឡើង​តែ​ ២ ថ្ងៃ​​ប៉ុណ្ណោះ មុន​ពេល​សវនាការ​កាត់ទោស ឌុច ត្រូវ​បិទ​បញ្ចប់ ដែល​ភាគី​និមួយៗ ត្រូវ​ធ្វើ​សេច​ក្តី​សន្និដ្ឋាន​ចុង​ក្រោយ​ជា​បន្តបន្ទាប់ មុនការ​ប្រកាស​សាលក្រម​លើ​ករណី ឌុច ដែល​នឹង​ត្រូវ​ធ្វើ​ឡើង នៅ​ដើម​ឆ្នាំ​២០១០។

ក្រុម​អង្គការ​ឃ្លាំ​មើល​ដំណើរ​កាត់ទោស​មេ​ខ្មែរ​ក្រហម ក៏​បាន​ចេញ​របាយការណ៍​លើ​សវនាការ​កាត់ទោស ឌុច ចាប់​តាំងពី​ថ្ងៃ ៣០ មិនា។ នោះ​គឺ​ការ​ជំនុំ​ជម្រះ​ក្តី ឌុច ទោះ​ជា​មាន​ខ្វះ​ចន្លោះ​បន្តិចបន្តួច ប៉ុន្តែ​បាន​ដំណើរ​ការ​ស្រប​តាម​បទដ្ឋាន​នីតិវិធី ដែល​អាច​ទទួល​យក​បាន​ជា​ទូទៅ នៅ​ក្នុង​ព្រហ្មទណ្ឌ​អន្តរជាតិ៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល