publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

សង្គម-សេដ្ឋកិច្ច

គុណ​ភាព​មន្រ្តី​រាជការ​​មាន​​សារៈ​សំខាន់​ជាង​បរិមាណ

ដោយ គី សុខលីម

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 23/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  23/11/2009 14:48 ម៉ោងសកល

រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្អាក​ជ្រើសរើស​មន្រ្តី​រាជការ​បន្ថែម​និង​ផ្អាក​ដំឡើង​ឋានន្តរសក្តិ​មន្ត្រី​រាជការ​សម្រាប់​ឆ្នាំ ២០១០​ខាង​មុខ​នេះ។ តើ​នេះ​ជា​មធ្យោបាយ​ត្រឹមត្រូវ​ដែរ​ឬ​ទេ?

សូមចុចខាងក្រោម​ដើម្បីស្តាប់ ៖

បទ​រាយការណ៍របស់ គី សុខលីម ពីទីក្រុងភ្នំពេញ

23/11/2009

ក្រុម​ប្រឹក្សាភិបាលខ្មែរ

ក្រុម​ប្រឹក្សាភិបាលខ្មែរ

កាល​ពី​ពេល​ថ្មីៗ​កន្លង​មកនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្អាក​ការ​ជ្រើសរើស​មន្ត្រី​រាជការ​បន្ថែម​និង​ផ្អាក​ដំឡើង​ឋានន្តរសក្តិ​មន្ត្រី​រាជការ​នៅ​ឆ្នាំ ២០១០​ខាង​មុខ​នេះ។

ការ​សម្រេច​ផ្អាក​ជ្រើសរើស​មន្ត្រី​រាជការ​និង​ការ​ផ្អាក​ដំឡើង​ឋានន្តរសក្តិ​នេះ ត្រូវ​បាន​មន្រ្តី​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ពន្យល់​ថា​គឺ​ដើម្បី​រួម​ចំណែក​សន្សំ​សំចៃ​ថវិកា​​ជាតិ​សម្រាប់​ឆ្នាំ ២០១០​ខាង​មុខ​នេះ​។ អ្នក​ជំនាញ​មួយ​ចំនួន​បាន​និយាយ​ថា ការ​ប្រកាស​សន្សំ​សំចៃ​ថវិកា​នេះ​គឺ​បាន​ធ្វើ​ឡើង​ចំ​ពេល​ដែល​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​បាន​និង​កំពុង​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​យ៉ាង​ធ្ងន់ធ្ងរ។ ស្ថាប័ន​ហិរញ្ញវត្ថុ​មួយ​ចំនួន​បាន​ទស្សន៍ទាយ​ថា សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ២០០៩​នេះ​នឹង​ពុំ​ទទួល​បាន​កំណើន​ទេ​ពោល​គឺ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ​ស្ថិត​ក្នុង​អត្រា​អវិជ្ជមាន​តែម្តង។

តើ​ការ​សម្រេច​ផ្អាក​ជ្រើសរើស​មន្រ្តី​រាជការ​បន្ថែម​និង​ផ្អាក​ដំឡើង​ឋានន្តរសក្តិ​មន្ត្រី​រាជការ​សម្រាប់​ឆ្នាំ ២០១០​ខាង​មុខ​នេះ​ជា​មធ្យោបាយ​ត្រឹមត្រូវ​ដែរ​ឬ​ទេ?

ឆ្លើយតប​ទៅ​នឹង​សំនួរ​នេះ​មតិ​ខ្លះ​បាន​សម្តែងក្តី​ព្រួយបារម្ភ​​អំពី​កង្វះខាត​ចំនួន​មន្រ្តី​នៅ​ក្នុង​ក្រសួង​មួយ​ចំនួន​ដោយសារ​មន្ត្រី​ចូល​និវត្តន៍​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង​ៗ។ ប៉ុន្តែ​សម្រាប់​មតិ​ខ្លះ​ទៀត ពួក​គេ​បាន​ឆ្លើយ​ភ្លាម​ៗ​ថា រាល់​ការ​ផ្អាក​ខាង​លើ​នេះ​គឺ​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​បំផុត ពីព្រោះ​ការ​ជ្រើសរើស​មន្រ្តី​រាជការ​បន្ថែម​និង​ការ​ដំឡើង​ឋានន្តរសក្តិ​គឺ​សុទ្ធតែ​ជា​គោលដៅ​នៃ​ការ​ចំណាយ​បន្ថែម​ថវិកា​

រដ្ឋ​ទាំង​អស់ រីឯ​រដ្ឋ​វិញ​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​លំបាកលំបិន​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​កាលៈទេសៈ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក។

ម្យ៉ាងវិញទៀត ការ​ផ្អាក​ជ្រើសរើស​មន្រ្តី​រាជការ​បន្ថែម​ឬ​ការផ្អាក​តែងតាំង​នេះ​ក៏​អាច​ជា​ឱកាស​មួយ​សម្រាប់​រាជរដ្ឋាភិបាល​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​មតិ​រិះគន់​ចំពោះ​ចំនួន​សមាសភាព​គណៈរដ្ឋមន្រ្តី​ក្បាល​ធំ​ជាង​ខ្លួន ដែល​ជា​ប្រការ​ធ្វើ​អោយ​រដ្ឋ​ចំណាយ​ថវិកា​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។

បើយោង​តាម​ទស្សនៈ​របស់​អ្នក​វិភាគ​មួយ​ចំនួន រាជរដ្ឋាភិបាល​គួរ​បន្ថែម​ពេល​វេលា​នៃ​ការ​ផ្អាក​ជ្រើសរើស​មន្រ្តី​រាជការ​ឬ​ដំឡើង​ថានន្តរសក្តិ​មន្រ្តី​រាជការ​បន្ត​ទៀត ពីព្រោះ​បើ​ពិនិត្យ​លើ​តថភាព​ជាក់ស្តែង បច្ចុប្បន្ន​នេះ​មន្រ្តី​រាជការ​មាន​ចំនួន​ច្រើន​ល្មម​អាច​បំពេញ​ការងារ​បាន រីឯ​មន្រ្តី​មាន​តំណែង​ក៏​មាន​ចំនួន​ច្រើន​ណាស់​ដែរ។

អង្គការ​សង្គម​ស៊ីវិល​និង​គណបក្ស​ប្រឆាំង​តែងតែ​រិះគន់​ថា ក្រសួង​នីមួយៗ​មាន​មន្រ្តី​រាជការ​ច្រើន​ជ្រុលពេក រីឯ​ចំនួន​មន្រ្តី​ដែល​មក​ធ្វើការ​ពិតប្រាកដ​ឬ​ចំនួន​មន្រ្តី​ដែល​ធ្វើការ​ប្រកប​ដោយ​ប្រសិទ្ធិភាព​នោះ​មាន​ចំនួន​តិចតួច​ពេក។ ដូច្នេះ​តាម​រយៈ​ការ​រិះគន់​នេះ គេ​ពិត​ជា​អាច​និយាយ​បាន​ថា ចំនួន​មន្រ្តី​រាជការ​នៅ​តាម​ក្រសួង​នីមួយៗ​នៅ​មិនទាន់​ចោទ​ជា​បញ្ហា​នៅឡើយ​ទេ ពោល​គឺ​រដ្ឋាភិបាល​អាច​មិន​បាច់​រើស​មន្រ្តី​រាជការ​បន្ថែម​ទៀត​ក្នុង​រយៈពេល​វែង​ក៏​បាន​ដែរ។

ចំនួន​មន្រ្តី​រាជការ​មិនទាន់​ចោទ​ជា​បញ្ហា​ទេ​នៅ​ពេលនេះ ប៉ុន្តែ អ្វី​ដែល​ជា​ក្តី​កង្វល់​គឺ​ទាក់ទង​ទៅនឹង​ប្រសិទ្ធិភាព​ការងារ​របស់​មន្ត្រី​រាជការ។ អ្នក​វិភាគ​ដដែល​បាន​អត្ថាធិប្បាយ​ថា រដ្ឋាភិបាល​គួរ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ទៅ​លើ​សមត្ថភាពការងារ​របស់​មន្ត្រី​រាជការ​អោយ​បាន​ខ្លាំង​ជាង​ចំនួន​មន្រ្តី​រាជការ។

អ្នក​វិភាគ​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា រដ្ឋាភិបាល​គួរ​ទទួល​យក​មន្ត្រី​រាជការ​ក្នុង​ចំនួន​តិច​ប៉ុន្តែ​ធ្វើការ​បាន​ច្រើន​និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​ហើយ​ចំនុច​នេះ វា​ប្រសើរ​ជាង​ការ​ទទួល​យក​មន្រ្តី​ក្នុង​ចំនួន​ច្រើន​ប៉ុន្តែ​ធ្វើការ​បាន​តិច​និង​គ្មាន​ប្រសិទ្ធិភាព។ និយាយ​បែបផ្សេង គុណភាព​ឬ​សមត្ថភាព​របស់​មន្ត្រី​រាជការ​គួរតែ​ត្រូវ​បាន​គេ​យក​ចិត្តដាក់​ជាង​ចំនួន​ឬ​បរិមាណ​នៃ​មន្រ្តី​រាជការ។

អ្នក​វិភាគ​ដដែល​បាន​កត់សម្គាល់​ថា មន្រ្តី​រាជការ​បច្ចុប្បន្ន​មួយ​ចំនួន​មាន​សមត្ថភាព​ខ្ពស់ ប៉ុន្តែ​ដោយសារ​ប្រាក់ខែ​មាន​ចំនួន​តិចតួច​ពេក​អ៊ីចឹង​ហើយ​បាន​ជា​ការងារ​មិនសូវ​មាន​គុណភាព​និង​ប្រសិទ្ធិភាព។ ពេលខ្លះ​មន្រ្តី​មាន​សមត្ថភាព​បាន​ចាកចេញ​ពី​ការងារ​រដ្ឋ​ទៅ​ធ្វើការ​នៅ​តាម​អង្គការ​ឬ​នៅ​តាម​ក្រុមហ៊ុន​ដែល​មាន​ប្រាក់ខែ​ខ្ពស់។

សរុប​សេចក្តីមក រាជរដ្ឋាភិបាល​គួរតែ​រិតត្បិត​ចំនួន​មន្រ្តី​រាជការ​ក្នុង​ចំនួន​តិចល្មម​ប្រកប​ដោយ​ប្រសិទ្ធិភាព​ខ្ពស់ វា​ប្រសើរ​ជាង​ការ​ជ្រើសរើស​មន្រ្តី​រាជការ​បន្ថែម​ច្រើន​ជ្រុលពេក​ហើយ​គ្មាន​គុណភាព​នោះ៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល