ដោយ លី ម៉េងហួរ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 26/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 26/11/2009 12:06 ម៉ោងសកល
ការកំណត់យ៉ាងដូច្នេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់យ៉ាងច្បាស់នៅក្នុងច្បាប់ថវិកាជាតិឆ្នាំ២០១០។ នោះគឺការកំណត់ពន្ធលើមធ្យោបាយដឹកជញ្ជូន និង យានជំនិះ គ្រប់ប្រភេទ នៅឆ្នាំ២០១០ បានចែងយ៉ាងច្បាស់អំពីតម្លៃពន្ធផ្លូវ ដោយចែកពីកម្លាំងម៉ាស៊ីន។ ពោលគឺ រថយន្តមួយគ្រឿងធ្លាប់តែបង់ពន្ធផ្លូវតែ ២៥ ដុល្លារ នៅឆ្នាំនេះ នឹងត្រូវបង់ពន្ធផ្លូវរហូតដល់ ៣០០ ដុល្លារនៅឆ្នាំ២០១០។ ចំណែករថយន្តទំនើបៗ ដូចជា Landcruiser ធ្លាប់តែបង់ពន្ធ ២៥០ ដុល្លារ នៅឆ្នាំក្រោយនឹងត្រូវបង់ពន្ធផ្លូវទ្វេដង គឺ ៥០០ ដុល្លារ។
នៅក្នុងសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១០ ក៏បានកំណត់ពីការយកពន្ធ ០.១ % លើអចលនទ្រព្យ រួមមាន៖ ដីធ្លី ផ្ទះ អគារ និង សំណង់ផ្សេងៗ ដែលមានតម្លៃលើសពី ១០០ លានរៀល ស្មើប្រមាណ ២៤០០០ ដុល្លារឡើងទៅ។ ក៏ប៉ុន្តែ ការយកពន្ធលើដី ផ្ទះ អគារ និងសំណង់នៅឆ្នាំ២០១០ ត្រូវបានលើកលែងចំពោះដីកសិកម្ម ដីអគាររបស់រដ្ឋាភិបាល អគារបម្រើសាសនា ឬ សប្បុរសធម៌ និងផ្ទះស្នាក់នៅរបស់ប្រជាជនសាមញ្ញ និងផ្ទះអ្នកការទូត។
ការតម្លើងពន្ធផ្លូវ និងការកំណត់យកពន្ធលើដីធ្លី ផ្ទះសម្បែងនេះ មិនទាន់មានអត្ថាធិប្បាយពន្យល់ពីរដ្ឋាភិបាលទេ ដោយអ្នកនាំពាក្យរដ្ឋាភិបាល និងគណៈកម្មការជំនាញរដ្ឋសភា ដែលកាន់សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១០ មិនអាចទាក់ទងបានទេ នៅមុននេះ។
ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពន្យល់ក្នុងលិខិតផ្ញើជូនរដ្ឋសភាថា ការតាក់តែងច្បាប់ថវិកាជាតិឆ្នាំ ២០១០ ដែលមានការបង្កើនពន្ធផ្លូវ និង ការយកពន្ធលើដីផ្ទះនេះ រៀបចំឡើងក្នុងបរិការណ៍ នៃវិបត្តិសេដ្ឋកិច្ច ហើយកម្ពុជា ក៏ជួបនឹងវិបត្តិដ៏ធ្ងន់ធ្ងរនេះដែរ។ ដូច្នេះច្បាប់ថវិកាជាតិនេះ ជាឧបករណ៍គោលនយោបាយដ៏សំខាន់ សម្រាប់បន្តអនុវត្តផែនការអភិវឌ្ឍន៍ជាតិ។
ចំណែកលោកតំណាងរាស្ត្រ សុន ឆៃ បានសម្តែងការព្រួយបារម្ភចំពោះការបង្កើនចំណាយរបស់រដ្ឋាភិបាល តាមរយៈការបន្ថែមយកពន្ធលើអចលនៈវត្ថុ ដីធ្លី ផ្ទះ និង ពន្ធផ្លូវ នៅឆ្នាំក្រោយ ក្នុងពេលដែលដីធ្លីនៅកម្ពុជា ធ្លាក់តម្លៃ និងជីវភាពប្រជាជនជួបការលំបាក។
ទោះជាយ៉ាងណា ច្បាប់ថវិកាឆ្នាំ២០១០ ដែលមានចំនួនសរុបជាង ២ ពាន់ លានដុល្លារ នឹងត្រូវរដ្ឋសភា បើកកិច្ចប្រជុំ អនុម័តនៅព្រឹកថ្ងៃច័ន្ទ ទី៣០ វិច្ឆិកា ឆ្នាំ២០០៩។ រដ្ឋាភិបាលបានបង្កើនការចំណាយលើវិស័យការពារជាតិ និង សន្តិសុខ រហូតដល់ ២៧៤ លានដុល្លារ ខណៈដែលការចំណាយសរុបលើវិស័យសង្គមកិច្ច រួមមាន វិស័យអប់រំ សុខាភិបាល និង អភិវឌ្ឍន៍ជនបទ ជាដើម មានចំនួនប្រមាណ ៤៤៦ លានដុល្លារ៕
21/06/2009 15:30 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល