ដោយ គី សុខលីម
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 30/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 30/11/2009 13:41 ម៉ោងសកល
អ្នកសេដ្ឋកិច្ចមួយចំនួននិយាយថាវិបត្តិសេដ្ឋកិច្ចដែលកំពុងយាយីកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជានេះអាចជារឿងទុក្ខសោកផងនិងជាឱកាសផងសម្រាប់កម្ពុជា។តើអ្វីទៅជាទុក្ខសោកនិងអ្វីទៅជាឱកាសនិងមេរៀនសម្រាប់កម្ពុជានោះ?
សូមចុចខាងក្រោមនេះ ដើម្បីស្តាប់
ឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចពិភពលោកមកលើសេដ្ឋកិច្ចនៃប្រទេសកម្ពុជាបាននិងកំពុងស្តែងអោយឃើញកាន់តែច្បាស់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ មុនដំបូងឡើយ វិបត្តិនេះបានជះឥទ្ធិពលអាក្រក់ភ្លាមៗចំពោះមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់កម្ពុជាដូចជា៖វិស័យកាត់ដេរវិស័យ ទេសចរណ៍ វិស័យសំណង់ និងវិស័យអចលនទ្រព្យ។ ប៉ុន្តែសម្រាប់ពេលនេះ ឥទ្ធិពលអាក្រក់របស់វាបានធ្លាក់សង្កត់ទៅលើប្រជាជនក្រីក្រយ៉ាងពិតប្រាកដ។
របាយការណ៍សេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា កម្មករប្រមាណជាពី២០ទៅ៣០ភាគរយនៅក្នុងវិស័យកាត់ដេរ វិស័យទេសចរណ៍ និងវិស័យសំណង់បានបាត់បង់ការងារ។ ប៉ុន្តែរបាយការណ៍នេះមិនបានប្រាប់ពីចំនួនអ្នកបាត់បង់ការងារពិតប្រាកដនោះទេ។ បើទោះបីជាយ៉ាងណាក៏ដោយ នាពេលកន្លងមករបាយការណ៍របស់ធនាគារពិភពលោកបានបញ្ជាក់ថា ដោយសារតែវិបត្តិសេដ្ឋកិច្ចនេះ កម្មករប្រមាណជា២សែននាក់បានបាត់បង់ការងារ រីឯប្រជាជនប្រមាណជា១សែននាក់បានធ្លាក់ចូលទៅក្នុងរណ្តៅភាពក្រីក្រឡើងវិញ។
របាយការណ៍របស់អង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសកម្ពុជាបានបញ្ជាក់ថា ចាប់តាំងពីចុងឆ្នាំ២០០៨មក ទឹកប្រាក់ចំនួនពី៣៥ទៅ៤០លានដុល្លារអាមេរិកត្រូវបានបាត់បង់ដោយសារកម្មករអត់ការងារធ្វើ ហើយពួកគេមិនអាចផ្ញើទៅគេហដ្ឋានបាន។ របាយការណ៍របស់អង្គការសហប្រជាជាតិដដែលបានបញ្ជាក់ទៀតថា វិបត្តិសេដ្ឋកិច្ចនេះបានជះឥទិ្ធពលយ៉ាងធ្ងន់ធ្ងរទៅលើប្រជាជននៅក្រោមបន្ទាត់ភាពក្រីក្រ ប្រជាជនរស់នៅក្បែរបន្ទាត់ភាពក្រីក្រ ប្រជាជនជំពាក់បំណុលគេ ប្រជាជនគ្មានដីធ្លី។ល។ ប្រទេសកម្ពុជានៅមានប្រជាជន៣០ភាគរយទៀតកំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្រមានន័យថា ពួកគេរកប្រាក់ចំណូលបានតិចជាង១ដុល្លារក្នុងមួយថ្ងៃសម្រាប់មនុស្សម្នាក់។
របាយការណ៍របស់អង្គការសហប្រជាជាតិបានពន្យល់ថា វិបត្តិសេដ្ឋកិច្ចនេះមិនមែនជារឿងលេងសើចនោះទេ ប៉ុន្តែវាជាបន្ទុកសង្គមមួយបន្ថែមទៀតដ៏ស្មុគស្មាញ។ អ្នកសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិបាននិយាយថា វិបត្តិសេដ្ឋកិច្ចផ្តល់ផលវិបាកដល់សង្គមមួយចំនួនដូចជា៖ទីមួយ៖ ជំរុញអត្រាភាពក្រីក្ររបស់ប្រជាជនកម្ពុជាអោយកើនឡើងវិញ។ ទីពីរ៖ ទាញទម្លាក់នូវកម្រិតអាហារូបត្ថម្ភរបស់កុមារ។ ទីបី៖ វិបត្តិនេះអាចគំរាមកំហែងសុខភាពរបស់ប្រជាជនក្រីក្របន្ថែមទៀត ឬអាចជំរុញអោយមានកំណើនបទឧក្រិដ្ឋនានា។
បើផ្អែកលើរបាយការណ៍ខាងលើ គេពិតជាអាចនិយាយបានយ៉ាងច្បាស់ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងជួបបញ្ហាយ៉ាងធ្ងន់ធ្ងរដោយសារវិបត្តិសេដ្ឋកិច្ច។ ប៉ុន្តែសម្រាប់អ្នកសេដ្ឋកិច្ចមួយចំនួនពួកគេបាននិយាយថា បញ្ហាធ្ងន់ធ្ងរនេះក៏ជាមេរៀន និងជាឱកាសដ៏ល្អសម្រាប់ប្រទេសកម្ពុជាផងដែរ។ ជាមេរៀន និងជាឱកាសនៅត្រង់ថា ប្រទេសកម្ពុជាអាចដកស្រង់បទពិសោធន៍ពីអតីតកាលសម្រាប់ការកសាងសេដ្ឋកិច្ចមួយរឹងមាំនាពេលអនាគត។
គួរបញ្ជាក់ថា នាពេលកន្លងមក វិស័យកាត់ដេរ វិស័យសំណង់ និងវិស័យទេសចរណ៍គឺជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែវិស័យទាំងនេះពឹងផ្អែកលើទីផ្សារខាងក្រៅទាំងស្រុង ហើយនៅពេលដែលទីផ្សារខាងក្រៅជួបបញ្ហាភ្លាមនោះ សេដ្ឋកិច្ចកម្ពុជាក៏ជួបបញ្ហាផងដែរ។
ដូច្នេះ អ្វីដែលជាឱកាស និងជាមេរៀននោះគឺនៅត្រង់ថា ប្រទេសកម្ពុជាបានយល់យ៉ាងច្បាស់ថាខ្លួនគេមិនគួរពឹងផ្អែក ឬដកដង្ហើមតាមច្រមុះគេទាំងអស់នោះទេ។ វិធានការណ៍ដែលកម្ពុជាបាននិងកំពុងគិតគូរនោះ គឺការពង្រីកច្រកកំណើនសេដ្ឋកិច្ចរបស់ខ្លួនតាមវិស័យផ្សេងៗទៀត។ វិស័យដែលប្រទេសក្រីក្រមួយនេះកំពុងពង្រីកនិងពង្រឹងយ៉ាងខ្លាំងក្លានោះគឺវិស័យកសិកម្ម។
ក្រៅអំពីការពង្រីកសកម្មភាពសេដ្ឋកិច្ច ឬការពង្រីកច្រកកំណើនសេដ្ឋកិច្ចនោះ វិបត្តិនេះអាចជាឱកាសមួយជំរុញអោយរាជរដ្ឋាភិបាលខ្លួនឯងចាត់វិធានការណ៍កែទម្រង់លើវិស័យមួយចំនួនក្នុងនោះ មានការកែទម្រង់លើការប្រមូលពន្ធសម្រាប់ឆ្នាំ២០១០ខាងមុខ និងម្យ៉ាងទៀត វិបត្តិនេះក៏អាចជាស្នូរជួងប្រាប់រាជរដ្ឋាភិបាលថា ពេលវេលានៃការប្រឆាំងនឹងអំពើពុករលួយបានមកដល់ហើយ។ សរុបសេចក្តីមក ពេលវេលានេះគឺជាវិបត្តិមែន ប៉ុន្តែវាក៏ជាឱកាសសម្រាប់មេដឹកនាំកម្ពុជាក្នុងការកសាងយុទ្ធសាស្ត្រសេដ្ឋកិច្ចថ្មី និងកែទម្រង់ថ្មី។
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល