ដោយ គី សុខលីម
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 14/12/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 14/12/2009 13:00 ម៉ោងសកល
គ្រោះមហន្តរាយដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុបាននិងកំពុងបង្អាក់ការរីកលូតលាស់កំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។ ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ទឹកជំនន់ ភាពរាំងស្ងួត ខ្យល់ព្យុះ រន្ទះបាញ់បានឆក់យកជីវិតប្រជាជននិងបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជាអស់ជាច្រើនរយលានដុល្លារអាមេរិក។
សូមចុចខាងក្រោមដើម្បីស្តាប់៖
កាលពីដើមឡើយ ប្រជាជនខ្មែរភាគច្រើនយល់ថាទឹកជំនន់ ភាពរាំងស្ងួត រន្ទះបាញ់និងខ្យល់ព្យុះគឺជាបាតុភូតធម្មជាតិដែលតែងតែកើតឡើងយ៉ាងដូច្នេះហើយពួកគេត្រូវតែដាក់ចិត្តទទួលទណ្ឌកម្មទាំងនេះ។ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំ គ្រោះមហន្តរាយទាំងនេះចេះតែកើតច្រើនជាងមុននិងមានលក្ខណៈខុសប្លែកពីមុន។ ការកើតឡើងច្រើនជាងមុននិងមានទម្រង់ខុសពីមុននេះ ជំរុញអោយអ្នកជំនាញផ្នែកបរិស្ថានមួយចំនួននិយាយថាបាតុភូតទាំងនេះកើតឡើងដោយសារការប្រែប្រួលអាកាសធាតុពិភពលោក។
ជាក់ស្តែងកាលពីពេលថ្មីៗកន្លងមកនេះ ខ្យល់ព្យុះកេតសាណាជាខ្យល់ព្យុះដែលកម្ពុជាមិនដែលជួបប្រទះផងនោះបានបោកបក់មកលើប្រទេសកម្ពុជាហើយបានសម្លាប់ប្រជាជនខ្មែរអស់ប្រមាណជា ៣០នាក់និងបំផ្លាញទ្រព្យសម្បត្តិប្រជាជនអស់ប្រមាណជា ៤០លានដុល្លារអាមេរិក។ ក្រៅអំពីខ្យល់ព្យុះកេតសាណានៅឆ្នាំនេះ ជារៀងរាល់ឆ្នាំ ភាពរាំងស្ងួត ទឹកជំនន់និងរន្ទះបាញ់តែងតែយាយីជីវិតប្រជាជនខ្មែរនិងរំខានដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់កម្ពុជា។
ផ្អែកលើការសង្កេតប្រចាំឆ្នាំ ភាពរាំងស្ងួតនិងទឹកជំនន់បានបំផ្លាញសំណាបស្រូវនិងដំណាំផ្សេងៗជាច្រើនហិកតារក្នុងមួយឆ្នាំៗនាពេលកន្លងមក។ ម្យ៉ាងវិញទៀត បាតុភូតរន្ទះបាញ់បានឆក់យកជីវិតប្រជាជនខ្មែរកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងនៅឆ្នាំ ២០០៩នេះ លោក ញឹមវ៉ាន់ដាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថាប្រជាជនប្រមាណជា ១៣០នាក់ត្រូវបានរន្ទះបាញ់ផ្តាច់ជីវិត។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ម៉ុកម៉ារ៉េត បានផ្តល់តួលេខសរុបថាក្នុងអំឡុងឆ្នាំ ១៩៨៧និងឆ្នាំ ២០០៧ពោលគឺក្នុងរយៈពេល ២០ឆ្នាំនេះ ប្រទេសកម្ពុជាបានបាត់បង់ប្រាក់កាសជាង ៣០០លានដុល្លារអាមេរិកដោយសារតែគ្រោះមហន្តរាយ។ តួលេខទឹកប្រាក់នេះត្រូវបានគេគិតគូរចំពោះតែការខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈប៉ុណ្ណោះ។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ម៉ុកម៉ារ៉េតបានបន្តបញ្ជាក់ទៀតថាក្នុងពេលដូចគ្នា គ្រោះមហន្តរាយបានផ្តាច់ជីវិតប្រជាជនកម្ពុជា ១១២៥នាក់។
តាមរយៈតួលេខខាងលើនេះ គេពិតជាអាចនិយាយបានយ៉ាងច្បាស់ថា គ្រោះមហន្តរាយបើទោះបីជាបណ្តាលមកពីការប្រែប្រួលអាកាសធាតុក្តីឬមិនបណ្តាលមកពីការប្រែប្រួលអាកាសធាតុក្តី វាបាននិងកំពុងគំរាមកំហែងជីវិតប្រជាជនខ្មែរស្លូតត្រង់និងបំផ្លាញការលូតលាស់សេដ្ឋកិច្ចរបស់ប្រទេសជាតិយ៉ាងពិតប្រាកដ។
ការប្រែប្រួលអាកាសធាតុ ដែលជំរុញអោយមានគ្រោះមហន្តរាយកាន់តែច្រើននេះគឺអាចជាហ្វ្រាំងបង្អាក់ល្បឿននៃការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនខ្មែរ។ ប្រទេសកម្ពុជានៅមានប្រជាជន ៣០ភាគរយទៀតកំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្រមានន័យថាពួកគេរកប្រាក់ចំណូលបានតិចជាង ១ដុល្លារក្នុងមួយថ្ងៃសម្រាប់មនុស្សម្នាក់។ គ្រោះមហន្តរាយអាចជាហ្រ្វាំងបង្អាក់ល្បឿននៃការកាត់បន្ថយភាពក្រីក្រគឺនៅត្រង់ថា ប្រជាជនខ្មែរជាង ៨០ភាគរយប្រកបរបរកសិកម្ម។ រីឯវិស័យនេះជារឿយៗ ទទួលរងផលប៉ះពាល់ពីគ្រោះមហន្តរាយ។ ពេលខ្លះគ្រោះមហន្តរាយបានសម្លាប់ជិវិតគ្រួសារផង បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះផងនិងដំណាំស្រែចម្ការផង។ គ្រួសារខ្លះជីវភាពទើបប្រសើរឡើងបន្តិចស្រាប់តែធ្លាក់ខ្លួនក្រទៅវិញដោយសារតែគ្រោះមហន្តរាយ។
អ្នកវិភាគមួយចំនួន បាននិយាយថាគ្រោះមហន្តរាយមិនមែនត្រឹមតែទាញគ្រួសារខ្មែរមួយចំនួនអោយធ្លាក់ទៅក្នុងភាពក្រីក្រប៉ុណ្ណោះទេ។ ប៉ុន្តែបាតុភូតនេះបានគំរាមកំហែងសុខុមាលភាពរបស់ប្រជាជនកម្ពុជាថែមទៀត។ ត្រង់ចំនុចនេះគេចង់បញ្ជាក់ថា គ្រោះមហន្តរាយគឺជាអ្នកបំផ្លាញចំណីអាហាររបស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀត បាតុភូតនេះបាននិងកំពុងរុញច្រានប្រជាជនខ្មែរមួយចំនួនអោយធ្វើចំណាកស្រុកពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀតនៅពេលដែលពួកគេមិនអាចធ្វើស្រែចម្ការបាន។
អ្នកវិភាគដដែលបានបន្តទៀតថា ការប្រែប្រួលអាកាសធាតុដែលបង្កអោយមានគ្រោះមហន្តរាយរបៀបនេះគឺជាគ្រោះថា្នក់ដ៏ធំសម្រាប់ប្រទេសដែលពឹងផ្អែកខ្លាំងលើវិស័យកសិកម្មដូចជាករណីកម្ពុជាជាដើម៕
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល