ដោយ គី សុខលីម
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 21/12/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 21/12/2009 10:07 ម៉ោងសកល
អ្នកជំនាញសម្តែងក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងៗចំពោះស្ថានភាពពលករចំណាកស្រុក។ ពលករខ្មែរជាច្រើនម៉ឺនសែននាក់បាននិងកំពុងធ្វើចំណាកស្រុកក្នុងប្រទេសនិងក្រៅប្រទេសដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ។
សូមចុចខាងក្រោមដើម្បីស្តាប់ ៖
អ្នកជំនាញសេដ្ឋកិច្ចមួយចំនួនបានសម្តែងក្តីបារម្ភជាបន្តបន្ទាប់ចំពោះស្ថានភាពពលករចំណាកខ្មែរទាំងនៅក្នុងប្រទេសនិងនៅក្រៅប្រទេស។ អ្នកជំនាញបានផ្តោតទៅលើបញ្ហាសំខាន់ពីរយ៉ាងរបស់ពលករចំណាកស្រុក។
ទី ១៖ ការបាត់បង់ប្រាក់ចំណូលក្នុងពេលមានវិបត្តិសេដ្ឋកិច្ចនិងទី ២៖ ការប្រឈមមុខទៅនឹងជំងឺសង្គមផ្សេងៗ។
របាយការណ៍នាពេលកន្លងមករបស់អង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសកម្ពុជា បានបង្ហាញករណីលំបាករបស់ជនចំណាកស្រុកក្នុងពេលមានវិបត្តិសេដ្ឋកិច្ច ថាគ្រាន់តែនៅក្នុងភូមិតូចមួយនៅក្នុងខេត្តកំពង់ចាម កម្មករប្រមាណជា៤០នាក់ដែលធ្លាប់ធ្វើការនៅក្នុងទីក្រុងភ្នំពេញនិងខេត្តសៀមរាបបានត្រលប់មកគេហដ្ឋានវិញដោយសារឥទ្ធិពលអាក្រក់នៃវិបត្តិសេដ្ឋកិច្ចពិពលោក។
និន្នាការប្រភេទនេះ មិនមែនកើតឡើងតែនៅក្នុងខេត្តកំពង់ចាមមួយប៉ុណ្ណោះទេប៉ុន្តែវាបាននិងកំពុងកើតឡើងជាបន្តបន្ទាប់នៅទូទាំងប្រទេសកម្ពុជាជាពិសេសក្នុងខណៈពេលដែលការវិនិយោគលើវិស័យសំណង់ថយចុះ ការបញ្ជាទិញសម្លៀកបំពាក់ថយចុះនិងចំនួនភ្ញៀវទេសចរធ្លាក់ចុះដែរនោះ។ របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ទឹកប្រាក់ក្នុងរង្វង់ប្រមាណជាពី ៣៥ទៅ ៤០លានដុល្លារអាមេរិកត្រូវបានបាត់បង់ដោយសារតែកម្មករមួយចំនួនធំបានបាត់បង់ការងារ។
រហូតមកដល់ពេលនេះ គេនៅមិនទាន់មានតួលេខពិតប្រាកដបញ្ជាក់ពីចំនួនពលករចំណាកស្រុកក្នុងប្រទេសនៅឡើយទេប៉ុន្តែបើពិនិត្យលើតថភាពជាក់ស្តែង កម្មករកម្មការិនីដែលកំពុងបម្រើការនៅទីក្រុងភ្នំពេញឬនៅតាមតំបន់ក្រុងដទៃៗទៀត គឺភាគច្រើនសុទ្ធតែធ្វើចំណាកស្រុកពីជនបទ។
ការធ្វើចំណាកស្រុកក្នុងប្រទេសនាពេលកន្លងមកត្រូវបានគេចែកចេញជាពីរប្រភេទធំៗ។
ទី ១ ៖ ការធ្វើចំណាកស្រុកពីជនបទទៅជនបទ ពោលគឺពីតំបន់ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ទៅតំបន់ដែលមានដង់ស៊ីតេប្រជាជនទាប។
ទី ២៖ ការធ្វើចំណាកស្រុកពីជនបទមកទីក្រុងនានាជាពិសេសមកទីក្រុងភ្នំពេញ កំពង់សោមនិងតំបន់អភិវឌ្ឍន៍តាមព្រំដែនដទៃទៀត។
ក្រៅអំពីការចំណាកស្រុកក្នុងប្រទេស ពលករខ្មែរជាច្រើនម៉ឺននាក់បាននិងកំពុងធ្វើចំណាកស្រុកទៅក្រៅប្រទេស។
អ្នកខ្លះទៅធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង អ្នកខ្លះទៀតនៅក្នុងប្រទេសម៉ាឡេស៊ីនិងអ្នកខ្លះទៀតនៅក្នុងប្រទេសថៃ។
បើយោងតាមតួលេខរបស់វិទ្យាស្ថានស្ថិតិជាតិនៃក្រសួងផែនការឆ្នាំ ២០០៨កន្លងមក ប្រជាជនកម្ពុជាចំនួន ២៦,៥ ភាគរយជាជនចំណាកស្រុកទាំងក្នុងប្រទេសនិងក្រៅប្រទេស។
អង្គការអន្តរជាតិអន្តោប្រវេសន៍ បានបញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួនកាលពីសប្តាហ៍មុនថា ប្រទេសថៃគឺជាប្រទេសមួយដែលទទួលពលករកម្ពុជាច្រើនជាងគេបំផុត។ គេបានប៉ាន់ស្មានថាជនចំណាកស្រុកកម្ពុជានៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្នមានចំនួនប្រមាណជា ២៥០០០០នាក់ ហើយនៅឆ្នាំ ២០១៨ខាងមុខនេះ ចំនួននឹងកើនដល់ជាង ៣សែននាក់។
តើមូលហេតុអ្វី បានជានាំអោយមានចរន្តចំណាកស្រុក?
លោក សូសុវណ្ណរិទ្ធ អ្នកស្រាវជ្រាវនៃវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា បានពន្យល់ថា មានកត្តាបួនយ៉ាងដែលជំរុញអោយមានចលនាចំណាកស្រុក។
ទី១ ៖ ការបង្កើតការងារមិនមានល្បឿនស្របជាមួយនឹងល្បឿនកំណើនប្រជាជន។
ទី ២ ៖ កំណើនសេដ្ឋកិច្ចខ្ពស់ប៉ុន្តែវាផ្តោតនៅតែទីក្រុងប៉ុណ្ណោះ។ ទី ៣ ៖ ភាពក្រីក្រនៅមានកម្រិតខ្ពស់និងទី ៤គឺដោយសារគ្រោះមហន្តរាយកើតឡើងញឹកញាប់ចាប់តាំងពីពាក់កណ្តាលទសវត្សឆ្នាំ ៩០មក។
ការធ្វើចំណាកស្រុកគឺជាជម្រើសដ៏លំបាកពីព្រោះវាបង្កផលលំបាកដល់សង្គមប៉ុន្តែវាអាចជួយបង្កើនប្រាក់ចំណូលដល់គ្រួសារ។
គ្មានតួលេខបញ្ជាក់ពីប្រាក់ចំណូលរបស់ពលករចំណាកស្រុកក្នុងប្រទេសនិងក្រៅប្រទេសពិតប្រាកដនោះទេប៉ុន្តែនាកន្លងមកមានការប៉ាន់ស្មានថាគ្រាន់តែពលករចំណាកស្រុកក្រៅប្រទេសពួកគេអាចរកប្រាក់ចំណូលបានប្រមាណជា ៣០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗហើយចំនួននេះគេមិនទាន់រាប់បញ្ចូលប្រាក់កាសរបស់ពលករចំណាកស្រុកក្នុងប្រទេសផង។
ជាការពិតការធ្វើចំណាកស្រុកគឺជាជម្រើសមួយក្នុងការបង្កើនប្រាក់ចំណូលជួយគ្រួសារមែន ប៉ុន្តែសកម្មភាពនេះអាចផ្តល់ផលអាក្រក់មកវិញចំពោះសង្គមជាតិប្រសិនបើសកម្មភាពនេះធ្វើឡើងមិនបានត្រឹមត្រូវនោះទេ។
បញ្ហាធំៗដែលអ្នកចំណាកស្រុកអាចប្រឈមមុខមានដូចជា ៖ ការឆ្លងដែនខុសច្បាប់ចូលប្រទេសជិតខាង ការប្រឈមមុខនឹងការឆ្លងជំងឺផ្សេងៗនិងការជួញដូរមនុស្ស។ល៕
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល