publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

ព្រះរាជវាំង

សម្តេចឪ​ខ្ញាល់​នឹង​កាដូ​បុណ្យ​ណូអែល

ដោយ ប៉ែន បូណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 27/12/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  27/12/2009 14:16 ម៉ោងសកល

សម្តេចឪ​នរោត្តម​សីហនុ​បាន​ក្រើន​រំលឹក​ដោយ​អាក់អន់​ព្រះទ័យ​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ដែល​ចូលចិត្ត​ផ្ញើ​សារ​ជូនពរ និង​ផ្ញើ​អំណោយ​ផ្សេងៗ​ដល់​ព្រះអង្គ​ក្នុង​ឱកាស​បុណ្យ​ណូណែល​នេះ។ អតីត​ព្រះមហាក្សត្រ​ព្រះជន្ម ៨៨​ព្រះវស្សា​ដែល​ចាត់ទុក​សារ​ជូនពរ និង​អំណោយ​ផ្សេងៗ​ក្នុង​ពេល​បុណ្យ​ម្តងៗ​ថា ជា​ការរំខាន​ដល់​ភាពស្ងប់ស្ងាត់​ក្នុង​ជីវិត​ចាស់​ជរា​របស់​ទ្រង់​នោះ​បាន​ប្រកាស​ហាមប្រាម​ជា​ញឹកញាប់​មិន​ឲ្យ​អ្នកណា​រំខាន​ព្រះអង្គ​ឡើយ។ ប៉ុន្តែ​ការហាមប្រាម​នេះ​ហាក់​មិន​ទទួល​បាន​លទ្ធផល​ឡើយ។

សូម​ចុច​ខាង​ក្រោម​នេះ​ដើម្បី​ស្តាប់៖

សេចក្តី​រាយការណ៍​របស់​ប៉ែន បូណា​ពី​ទីក្រុង​ភ្នំពេញ

27/12/2009

ព្រះបាទ​នរោត្តម​សីហនុ អឌិត​ព្រះមហាក្សត្រ​កម្ពុជា(រូបថត៖សុវណ្ណារ៉ា)

ព្រះបាទ​នរោត្តម​សីហនុ អឌិត​ព្រះមហាក្សត្រ​កម្ពុជា
(រូបថត៖សុវណ្ណារ៉ា)

ក្នុង​ព្រះរាជសារ​ជា​ភាសា​បារាំង​ដែល​ផ្សាយ​ក្នុង​គេហទំព័រ​របស់​ព្រះអង្គ នា​ចុង​សប្តាហ៍​នេះ សម្តេចឪ​នរោត្តម​សីហនុ​បាន​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​បុណ្យ​ណូអែល​នេះ ព្រះអង្គ​បាន​ទទួល​សារ​ជូនពរ និង​កាដូរ​ផ្សេងៗ​ពី​មនុស្ស​ជា​ច្រើន​រយ​នាក់។

ប៉ុន្តែ សម្តេចឪ​មិន​បាន​សប្បាយ​ព្រះទ័យ​នឹង​សារ​ជូនពរ និង​កាដូ​ទាំង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​បាន​សម្តែង​ព្រះទ័យ​នឿយណាយ​យ៉ាង​ខ្លាំង​ចំពោះ​ម្ចាស់​កាដូ និង​អ្នក​ផ្ញើ​សារ​ជូនពរ​ទាំង​នោះ។ សម្តេចឪ​បាន​ក្រើន​រំលឹក​ពួកគេ​ថា ទ្រង់​មាន​វ័យ​ចាស់​ជរា​ណាស់​ទៅ​ហើយ និង​ថែម​ទាំង​មាន​បញ្ហា​សុខភាព​ទៀតផង។ ដូច្នេះ​ព្រះង្គ​សូម​អង្វករ​អ្នក​ទាំង​នោះ​ឲ្យ​ឈប់​រំខាន​ភាពស្ងប់ស្ងាត់​របស់​ទ្រង់​ទៀត ទោះ​ជា​ក្នុង​ឱកាស​អ្វី​ក៏​ដោយ។

រយៈ​ពេល​ចុង​ក្រោយ​នេះ សម្តេចឪ​តែងតែ​ចេញ​ផ្សាយ​ព្រះរាជសារ​បែប​នេះ​ជា​ញឹកញាប់​ដោយ​ពេល​ខ្លះ ព្រះអង្គ​បាន​សម្តែង​ព្រះទ័យ​ក្រេវក្រោធ​យ៉ាង​ខ្លាំង​ទៀត​ផង។ គេ​នៅ​ចាំ​បាន​ថា ពេល​ខ្លះ​សម្តេចឪ​បាន​ចោទ​ប្រកាន់​អ្នក​ផ្ញើ​សារ និង​អំណោយ​ទាំង​នោះ​ថា មិន​ចង់​ឲ្យ​ព្រះអង្គ​មាន​ព្រះជន្ម​យឺនយូរ​ឡើយ ពីព្រោះ ពួកគេ​តែងតែ​រំខាន និង​ធ្វើ​ឲ្យ​ព្រះអង្គ​នឿយហត់​ក្នុង​ការឆ្លើយ​តប​ទៅ​ពួកគេ​វិញ។

មាន​ម្តង​នោះ សម្តេចឪ​បដិសេធ​មិន​ទទួល​អំណោយ​អ្វី​ទាំង​អស់ ពីព្រោះ​តែ​គ្មាន​កន្លែង​ទុក​ដាក់​ដោយសារ​តែ​ឃ្លាំង​សម្រាប់​ដាក់​អំណោយ​បាន​ពេញ​អស់​ទៅ​ហើយ។ ពេល​ខ្លះ​ទៀត ព្រះអង្គ​បាន​ព្រមាន​ថា ទ្រង់​នឹង​មិន​ឆ្លើយតប​ទៅ​នឹង​សារ​លិខិត​ទាំង​នោះ​ទៀត​ទេ ក៏​ប៉ុន្តែ ព្រះអង្គ​ត្អូញត្អែរ​ថា គ្មាន​អ្នកណា​ស្តាប់​តាម​ព្រះអង្គ​ឡើយ។ គេ​មិន​ដឹង​ថា តើ​អ្នកណា​ខ្លះ​ដែល​តែងតែ​ផ្ញើ​សារ​ជូនពរ និង​អំណោយ​គួរ​ឲ្យ​រំខាន​បែប​នេះ​ឡើយ។

សូម​បញ្ជាក់​ថា អតីត​ព្រះមហាក្សត្រ​ខ្មែរ​បាន​អវត្តមាន​ពី​ប្រទេស​តាំង​ពី​ច្រើន​ខែ​មក​ហើយ ដើម្បី​ចេញ​ទៅ​សម្រាក​ព្យាបាល​ព្រះកាយ នៅ​ឯ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។ ព្រះអង្គ​តែងតែ​ចេញ​ផ្សាយ​ជា​រឿយៗ​នូវ​ស្ថានភាព​សុខភាព​របស់​ទ្រង់​តាម​រយៈ​ព្រះរាជ​សំណេរ​ផ្ទាល់​ព្រះហស្ត និង​ភាគច្រើន​ជា​ភាសា​បារាំង។

កាល​ពី​ខែ​មុន ព្រះអង្គ​បាន​ជូន​ដំណឹង​ថា ទ្រង់​នឹង​យាង​ត្រឡប់​មក​ប្រទេស​វិញ នៅ​មុន​រដូវ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។ សម្តេចឪ​បាន​រំលឹក​ម្តង​ទៀត​ថា នឹង​មិន​ឲ្យ​មាន​អ្នករំខាន​ឡើយ​រាប់​ទាំង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​របស់​ទ្រង់ និង​ជា​ពិសេស​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​សកល​ខាង​មុខ​នេះ៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល