ដោយ គី សុខលីម
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 28/12/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 28/12/2009 10:47 ម៉ោងសកល
ប្រទេសកម្ពុជាបិទទំព័រឆ្នាំចាស់ឆ្នាំ ២០០៩ ដោយបន្សល់ទុកនូវការប្រឈមទាំងសេដ្ឋកិច្ចនិងទាំងនយោបាយ។
ឆ្នាំចាស់ឆ្នាំ ២០០៩ប្រទេសកម្ពុជាប្រឈមមុខនឹងបញ្ហាវិបត្តិសេដ្ឋកិច្ចផង សង្គមកិច្ចផង និង បញ្ហានយោបាយផង។
តើឆ្នាំ ២០១០ខាងមុខនេះ ស្ថានភាពសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសក្រីក្រមួយនេះនឹងទៅជាយ៉ាងណាទៅវិញ?
សូមចុចខាងក្រោមដើម្បីស្តាប់ ៖

វិបត្តិសេដ្ឋកិច្ចបានទាញទំលាក់ប្រជាជនខ្មែរមួយចំនួនអោយវិលទៅរកភាពក្រីក្រវិញនិងមួយចំនួនទៀតអត់ការងារធ្វើ។
នៅសល់តែបីថ្ងៃទៀតប៉ុណ្ណោះ ប្រទេសកម្ពុជានឹងបិទទំព័រឆ្នាំចាស់ឆ្នាំ ២០០៩ ហើយផ្លាស់ចូលឆ្នាំថ្មីឆ្នាំ ២០១០។ រយៈពេល ១២ខែឆ្នាំចាស់ បានកន្លងផុតទៅមែន ប៉ុន្តែឆ្នាំ ២០០៩បានបន្សល់ទុកនូវភាពចម្រូងចម្រាស់យ៉ាងច្រើនទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ។
តើ ១២ខែកន្លងមកនេះប្រទេសកម្ពុជាបានជួបប្រទះនឹងបញ្ហាសំខាន់ៗអ្វីខ្លះ?
ជាដំបូងប្រសិនបើគេចាំមិនភ្លេចទេនោះ គឺព្រឹត្តិការណ៏វិបត្តិសេដ្ឋកិច្ចពិភពលោកបានញាំញីប្រទេសកម្ពុជាពេញមួយឆ្នាំតែម្តង។ វិបត្តិនេះបានចាប់ផ្តើមតាំងពីចុងឆ្នាំ ២០០៨មកម្លេះនៅសហរដ្ឋអាមេរិកប៉ុន្តែវាបានវាយបំបាក់មូលដ្ឋានគ្រឹះសេដ្ឋកិច្ចកម្ពុជាខ្លាំងនៅឆ្នាំ ២០០៩។
ក្នុងមួយឆ្នាំ ២០០៩នេះមនុស្សស្ទើរតែទាំងអស់នៅក្នុងប្រទេសកម្ពុជាបាននាំគ្នានិយាយពីទុក្ខសោកដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ច។ វិបត្តិសេដ្ឋកិច្ចបានជំរុញអោយកម្មករបាត់បង់ការងារនិងប្រាក់ចំណូលសម្រាប់គ្រួសារ រីឯថៅកែវិញពួកគេបាត់បង់ប្រាក់ចំណូលនិងប្រាក់ចំណេញយ៉ាងច្រើនក្នុងអំឡុងវិបត្តិសេដ្ឋកិច្ចនេះ។
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗមួយចំនួនបានប្រកាសម្តងជាពីរដងហើយថា សេដ្ឋកិច្ចប្រទេសកម្ពុជានៅឆ្នាំ ២០០៩នេះមិនទទួលបានកំណើនទេពោលគឺកំណើនសេដ្ឋកិច្ចអវិជ្ជមាន។
ម៉្យាងវិញទៀតនៅក្នុងឆ្នាំ ២០០៩នេះ ប្រទេសកម្ពុជាមិនអាចបង្កើត ផ្សារភាគហ៊ុនដូចការគ្រោងទុកបានទេដោយសារឥទិ្ធពលវិបត្តិសេដ្ឋកិច្ចពិភពលោក។
ទាក់ទងនឹងបញ្ហាសង្គមវិញម្តង ឆ្នាំ ២០០៩នេះ គឺជាឆ្នាំដែលអ្នកសេដ្ឋកិច្ចព្រួយបារម្ភអំពីកំណើនជនក្រីក្រពីព្រោះប្រជាជនជាច្រើននាក់បានបាត់បង់ការងារដោយសារឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ច។ ប្រទេសកម្ពុជានៅមានប្រជាជន ៣០ភាគរយទៀតកំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។
អ្នកសេដ្ឋកិច្ចមួយចំនួនសម្តែងក្តីព្រួយបារម្ភថា ដោយសារវិបត្តិសេដ្ឋកិច្ច អត្រានៃចំនួនអ្នករស់នៅក្រោមបន្ទាត់ក្រីក្រអាចកើនខ្ពស់ជាងនេះទៅវិញ។
ព្រឹត្តិការណ៏សង្គមដែលត្រូវបានមតិសាធារណៈចាប់អារម្មណ៏ខ្លាំងដែរនោះគឺ ការបណ្តេញប្រជាជនចេញពីទីក្រុង ភ្នំពេញអោយទៅតាំងទីលំនៅនៅតំបន់ជាយក្រុង។ ការផ្លាស់ប្តូរទីតាំងសហគមន៏អ្នកក្រីក្រនៅទីក្រុង ភ្នំពេញនេះត្រូវបានប្រជាជនរងគ្រោះពិពណ៌នាថា គឺជាការដេញអ្នកក្រអោយចេញពីក្រុងដោយរក្សាទុកទីតាំងក្រុងសម្រាប់តែអ្នកមានប៉ុណ្ណោះ។
ប៉ុន្តែភាគីខាងរដ្ឋាភិបាលវិញ ពួកគេតែងតែពន្យល់ថា នេះគឺជាកាតព្វកិច្ចក្នុងការរៀបចំសោភ័ណភាពទីក្រុងភ្នំពេញ។
ក្រៅអំពីភាពចម្រូងចម្រាស់ក្នុងការផ្លាស់ប្តូរទីតាំងសហគមន៏អ្នកក្រីក្រនៅទីក្រុងភ្នំពេញ ព្រឹត្តិការណ៏សង្គមសំខាន់មួយទៀតគឺ ខ្យល់ព្យុះ កេតសាណា។
របាយការណ៏បានបញ្ជាក់ថា ខ្យល់ព្យុះដ៏កម្រនេះ បានសម្លាប់ប្រជាជនខ្មែរអស់ប្រមាណជា ៣០នាក់និងបំផ្លាញទ្រព្យសម្បត្តិប្រជាជនអស់ប្រមាណជា ៤០លានដុល្លារអាមេរិក។
ប្រជាជននៅតាមខេត្តមួយចំនួនដែលរងគ្រោះដោយសារខ្យល់ព្យុះកេតសាណា បានអំពាវនាវរកជំនួយសង្រ្គោះបន្ទាន់ពីព្រោះពួកគេបាត់បង់ទ្រព្យសម្បត្តិអស់ហើយ។
ចូរនិយាយអំពីបញ្ហានយោបាយវិញម្តង។
ឆ្នាំ ២០០៩ គឺជាឆ្នាំដែលត្រូវបានគេកត់សម្គាល់ថាមានលក្ខណៈពិសេសជាងឆ្នាំមុនៗបន្តិច។ ពិសេសនៅត្រង់ថា សមាជិកសភាគណបក្សប្រឆាំងចំនួនបីរូបត្រូវបានរដ្ឋសភាជាតិដកអភ័យឯកសិទ្ធិ ក្នុងនោះក៏មានលោក សមរង្ស៊ីប្រធានគណបក្សសមរង្ស៊ីផងដែរ។
លោក សមរង្ស៊ីត្រូវបានរដ្ឋសភាលើកអភ័យឯកសិទ្ធិទាក់ទងទៅនឹងបញ្ហាដកតម្រុយព្រំដែន កម្ពុជាវៀតណាមកាលពីខែតុលាកន្លងមក។
បច្ចុប្បន្នលោកកំពុងភៀសខ្លួននៅក្នុងប្រទេសបារាំងដើម្បីគេចចេញពីការប៉ុនប៉ងចាប់ខ្លួនរបស់អាជ្ញាធរនៃប្រទេសកម្ពុជា។
ទាក់ទងនឹងបញ្ហានយោបាយដដែលប៉ុន្តែម្តងនេះ ទាក់ទងនឹងនយោបាយក្រៅប្រទេស។ អស់រយៈពេលជាងមួយឆ្នាំមកហើយដែលជម្លោះពាក្យសម្តីដ៏ក្តៅគគុករវាងទីក្រុងបាងកកនិងទីក្រុងភ្នំពេញនៅមិនទាន់បានដោះស្រាយនៅឡើយទេ។
សរុបសេចក្តីមកវិញឆ្នាំ ២០០៩មើលទៅហាក់បីដូចជាស្មុគស្មាញបន្តិចទាំងទិដ្ឋភាពសេដ្ឋកិច្ចនិងនយោបាយ តើឆ្នាំថ្មី ២០១០ខាងមុខនេះ ស្ថានភាពអាចប្រសើរជាងឆ្នាំចាស់ឬទេ?
នេះគឺជាសំណួរដែលពិបាករកចម្លើយពិតប្រាកដណាស់។ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយក៏ចម្លើយពិតប្រាកដអាចនឹងស្តែងឡើងដោយខ្លួនឯងនៅឆ្នាំ ២០១០ខាងមុខនេះ៕ទាក់ទងនឹងប្រធានបទនេះ
02/11/2009 13:19 ម៉ោងសកល
26/10/2009 12:29 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល