publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

សេដ្ឋកិច្ច

ថ្នាំ "គីណាល់" ខ្មែរ ចំណាយពេល​កន្លះសតវត្សរ៍

ដោយ គី សុខលីម

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 04/01/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  04/01/2010 13:52 ម៉ោងសកល

ថ្នាំ​គីណាល់​គឺ​ជា​ថ្នាំ​ដែល​ផលិត​ដំបូង​គេបង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ស្នាដៃ​កូន​ខ្មែរ​សុទ្ធសាធ។ គិតត្រឹម​ឆ្នាំ ២០១០​នេះ​ថ្នាំ​គីណាល់​មាន​អាយុ​៥០​ឆ្នាំ​។ ថ្នាំ​គីណាល់​បាន​ចំណាយ​ពេល​កន្លះសតវត្សរ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ថ្នាំ​បរទេស​នៅ​លើ​ទីផ្សារ​កម្ពុជា​ដែល​មាន​ទំហំ​ទឹកប្រាក់ ១៥០​លាន​ដុល្លារ​អាមេរិក​នាពេលបច្ចុប្បន្ន​នេះ។

សូមចុចខាងក្រោមដើម្បីស្តាប់​ ៖

សេចក្តី​អត្ថាធិប្បាយ​របស់ គី សុខលីម ពីទីក្រុង​ភ្នំពេញ

04/01/2010

លោក​ កុក​ សុខគីម អនុ​ប្រធាន​សហគ្រាស​ផលិត​ឧសថ PPM(រូបថត ៖ គី សុខលីម)

លោក​ កុក​ សុខគីម អនុ​ប្រធាន​សហគ្រាស​ផលិត​ឧសថ PPM
(រូបថត ៖ គី សុខលីម)

ការប្រកួត​ប្រជែង​រវាង​ឧសថ​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ឧសថ​បរទេស​នាំចូល​កំពុង​មាន​សកម្មភាព​យ៉ាង​ខ្លាំងក្លា​ប៉ុន្តែ​បើទោះបីជាយ៉ាង​នេះ​ក្តី​ក៏​ផលិតផល​ឧសថ​បរទេស​នៅតែ​គ្របដណ្តប់​ទីផ្សារ​របស់​កម្ពុជា​ដដែល។

ក្នុង​ចំណោម​ឧសថ​ខ្មែរ​ដាក់​លក់​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន​​នេះ​គេ​សង្កេត​ឃើញ​ថ្នាំ​គីណាល់​គឺ​ជា​ថ្នាំ​ដែល​បាន​តស៊ូ​ដណ្តើម​ទីផ្សារ​ជាមួយ​ថ្នាំ​បរទេស​យ៉ាង​ស្វិតស្វាញ​នៅ​លើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា។

មិនត្រឹមតែប៉ុណ្ណោះ​ថ្នាំនេះ​បាន​និង​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ចំនួន ១៥​ប្រទេស​ផ្សេង​ទៀត​ជាពិសេស​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក។ វាមិនមែន​ជា​ការ​ចៃ​ដន្យ​​ទេ​ដែល​ថ្នាំ​គីណាល់​មាន​ឈ្មោះ​បោះ​សម្លេង​យ៉ាងដូច្នេះ។ អ្នក​មាន​វ័យ​ចំណាស់​បន្តិច អាច​នៅ​ចងចាំ​ឈ្មោះ​ថ្នាំ​គីណាល់​បាន​ច្បាស់​ជាង​យុវវ័យ​ជំនាន់​ថ្មី។

ថ្នាំ​គីណាល់​របស់​ខ្មែរ​មាន​ប្រវត្តិ​របស់​វា​ពិតប្រាកដ។ ឧសថ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ​សុទ្ធសាធ​កាលពី ៥០​ឆ្នាំ​មុន​ពោល​គឺ​នៅ​ឆ្នាំ ១៩៦០។ បើគិត​ត្រឹម​ឆ្នាំ ២០១០​នេះ គីណាល់​មាន​អាយុ ៥០​ឆ្នាំ​រីឯ​អ្នក​ផលិត​ថ្នាំ​នេះ​វិញ​គាត់​មាន​អាយុ ៧៩​ឆ្នាំ​នៅ​ឆ្នាំ​ថ្មី​ឆ្នាំ ២០១០​នេះ។

លោក កុក​សុខគីម​ក្នុង​ទសវត្សរ៍​ឆ្នាំ ៦០​គឺ​ជា​ឧសថ​ការី​ដ៏​ឆ្នើម​ម្នាក់​បន្ទាប់ពី​ទទួល​បាន​សញ្ញាបត្រ​នៅ​ក្នុង​ប្រទេស​បារាំង។ នៅ​ឆ្នាំ ១៩៦០​តែម្តង​លោក​សុខគីម បាន​សម្រេចចិត្ត​បង្កើត​ថ្នាំ​គីណាល់​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការសម្រេចចិត្ត​ផលិត​ថ្នាំ​គីណាល់​កាលនោះ​គឺ​មិនមែន​ធ្វើឡើង​តាមការ​ស្រមើស្រមៃ​នោះទេ​តាមពិត​វាបាន​ស្តែងឡើង​តាម​តថភាព​ជាក់ស្តែង​របស់​ប្រទេស​កម្ពុជា​តែម្តង។ លោក​ឧសថ​ការី កុក​សុខគីម បាន​និយាយ​ប្រាប់​ថា ៦​ឆ្នាំ​ក្រោយពី​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​បារាំង​កម្ពុជា​គ្មានអ្វី​ទាំងអស់។ កង្វះខាត​ទាំងអស់​នេះ​ជំរុញ​អោយ​រូប​លោក​ផលិត​ថ្នាំ​គីណាល់​ដើម្បី​ព្យាបាល​ជំងឺ​ចុកចាប់​និង​គ្រុនក្តៅ​ជូន​ដល់​ប្រជាជន​ខ្មែរ​នាសម័យ​នោះ។

ថ្នាំ គីណាល់(រូបថត ៖ គី សុខលីម​)

ថ្នាំ គីណាល់
(រូបថត ៖ គី សុខលីម​)

ក្រោយពី​ការ​ផលិត​បាន​រយៈ ១០​ឆ្នាំ​ពោល​គឺ​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ៧០​ថ្នាំ​គីណាល់​បាន​ក្លាយ​ទៅ​ជា​ថ្នាំ​ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​មួយ​ដែល​គាំទ្រ​ដោយ​ប្រជាជន​ខ្មែរ​ហើយ​សូម្បីតែ​ថ្នាំ​បារាំង​ក៏​មិន​អាច​ប្រកួត​ប្រជែង​ឈ្នះ​ដែរ។

ប៉ុន្តែ​ជាអកុសល​នៅ​ក្នុង​របប​ប៉ុលពត សហគ្រាស​ផលិត​ថ្នាំ​គីណាល់​ត្រូវ​បាន​បិទ​ទ្វារ​ទាំងស្រុង។ ក្នុង​ទសវត្សរ៍​ឆ្នាំ ៨០​ថ្នាំ​នេះ​មាន​កំណើត​ឡើងវិញ​ដែរ​ប៉ុន្តែ​មិន​សូវ​មាន​ឈ្មោះ​បោះ​សម្លេង​ប៉ុន្មានទេ។

ក្នុង​ឆ្នាំ ១៩៩៦​ថ្នាំ​គីណាល់​ត្រូវ​បាន​ផលិត​ឡើង​វិញ​ដោយ​ម្ចាស់​ដើម​គឺ​លោក​កុក​សុខគីម​ដែល​បច្ចុប្បន្ន​លោក​ជា​អនុប្រធាន​សហគ្រាស​ផលិត​ឧសថ​PPM។ សព្វថ្ងៃ​នេះ ថ្នាំ​គីណាល់​ បាន​និង​កំពុង​ប្រកួត​ប្រជែង​ជាមួយ​ថ្នាំ​បរទេស​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​ផង​និង​កំពុង​ពង្រីក​ខ្លួន​ទៅ​លើ​ទីផ្សារ​បរទេស​ផង។ សម្រាប់​ទីផ្សារ​ក្រៅ​ប្រទេស​គីណាល់​ហាក់បីដូច​ជា​កំពុង​ទទួល​បាន​ការ​គាំទ្រ​យ៉ាងពេញ​ទំហឹង​ប៉ុន្តែ​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​វិញ គីណាល់​នៅ​មិនទាន់​អាច​ឈាន​ទៅ​កាន់​តំណែង​លេខ​មួយ​ដូច​ក្នុង​ទសវត្សរ៍​ឆ្នាំ ៧០​នោះទេ។

បើនិយាយ​ជា​លក្ខណៈ​ទូទៅ ទីផ្សារ​ឧសថ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​រវាង​ឧសថ​នាំ​ចូល​និង​ឧសថ​ផលិត​ក្នុង​ស្រុក។

បើ​ផ្អែក​លើ​តួ​លេខ​មួយ​ចំនួន ទីផ្សារ​ឧសថ​ក្នុង​ប្រទេស​កម្ពុជា​មាន​ទឹកប្រាក់​ប្រមាណ​ជា ១៥០​លាន​ដុល្លារ​អាមេរិក។ ប៉ុន្តែ​សហគ្រាស​ឧសថ​ចំនួន ៦​នៅ​កម្ពុជា​សព្វថ្ងៃ​អាច​ផលិត​និង​លក់​បាន​តែ ១០​លានដុល្លារ​ប៉ុណ្ណោះ​ពោលគឺ​លក់​បាន​តែ ៨​ភាគរយ​នៃ​ទីផ្សារ​សរុប​ប៉ុណ្ណោះ។

តាមរយៈ​តួលេខ​នេះ​គេពិត​ជាអាច​និយាយ​បាន​ថា​ឧសថ​បរទេស​នាំ​ចូល​កំពុង​កាន់កាប់​ទីផ្សារ​កម្ពុជា រីឯ​ឧសថ​ផលិត​ក្នុង​ស្រុក​មាន​ចំណែក​តិចតួច​បំផុត​នៅ​ក្នុង​ទីផ្សារ​របស់​ខ្លួន។

និន្នាការ​នេះ​គឺ​វា​ខុស​គ្នា​ដាច់​ស្រឡះ​កាលពី​ទសវត្សរ៍​ឆ្នាំ ៦០​និង ៧០។​កាលនោះ​ប្រទេស​កម្ពុជា​មាន​សហគ្រាស​ផលិត​ឧសថ​ចំនួន ១៥​ដែល​អាច​គ្រប​ដណ្តប់​ទីផ្សារ​របស់​ខ្លួន​បាន ៦០​ភាគរយ​ឯណោះ។

ក្រៅអំពី​ការ​ប្រកួត​ប្រជែង​ស្មើភាព​អ្នក​ជំនាញ​ខាង​ឧសថ​មួយ​ចំនួន​នៅតែ​សម្តែងក្តី​ព្រួយបារម្ភ​​អំពី​ឥទ្ធិពល​អាក្រក់​នៃ​ឧសថ​ក្លែងក្លាយ​មួយ​ចំនួន​ដែល​កំពុង​យាយី​ដល់​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា។

ជាក់ស្តែង កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ប្រទេស​ក្នុង​សមាគម​អាស៊ាន​ចំនួន ៦​បាន​បើក​សន្និសិទ​រួមគ្នា​មួយ​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​រិះរក​មធ្យោបាយ​ប្រយុទ្ធប្រឆាំង​និង​ឧសថ​ក្លែងក្លាយ៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល