ដោយ គី សុខលីម
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 11/01/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 11/01/2010 12:00 ម៉ោងសកល
បើទោះបីជាវិស័យព័ត៌មានវិទ្យានៅកម្ពុជាមានការរីកចម្រើនខ្លាំងយ៉ាងណាក៏ដោយក៏ទីផ្សារការងារក្នុងវិស័យនេះនៅមិនទាន់អាចស្រូបយកនិស្សិតជំនាញក្នុងវិស័យនេះបានច្រើននៅឡើយទេ។តើនេះបណ្តាលមកពីមូលហេតុអ្វី?
សូមចុចខាងក្រោមដើម្បីស្តាប់ ៖
នៅសតវត្សរ៍ទី២១នេះ គេមិនសូវនិយាយអំពីរឿងអនក្ខរកម្មអក្សច្រើនប៉ុន្មានទេ ប៉ុន្តែគេបែរជានិយាយអំពីរឿងអនក្ខរកម្មកុំព្យូទ័រទៅវិញ។ អ្នកមិនចេះកុំព្យូទ័រនៅសម័យនេះ អាចមានការលំបាកក្នុងកិច្ចការប្រចាំថ្ងៃរបស់ខ្លួន និងកិច្ចការទំនាក់ទំនងជាមួយអ្នកដទៃ ឬជាមួយពិភពលោកទាំងមូល។
សម្រាប់ប្រទេសកម្ពុជា បើទោះបីជាវិស័យព័ត៌មានវិទ្យាមិនទាន់រីកចម្រើនដូចប្រទេសអភិវឌ្ឍន៍ដទៃទៀតក៏ដោយ ក៏វិស័យនេះបាននឹងកំពុងរីកធំធាត់ពីមួយឆ្នាំទៅមួយឆ្នាំយ៉ាងឆាប់រហ័ស។ ជាក់ស្តែងចំនួនបណ្តាញប្រព័ន្ធអ៊ីនធឺណែតកាន់តែរីកស្គុះស្គាយគ្រប់ទីកន្លែងជាពិសេសនៅតំបន់ទីប្រជុំជន។ ចំនួនអ្នកភ្ជាប់បណ្តាញប្រព័ន្ធអ៊ីនធឺណែតអាចមានចំនួនរាប់ម៉ឺននាក់ហើយ រហូតមកដល់ពេលនេះ។
សម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រវិញ ពួកគេមានចំនួនកាន់តែច្រើនជាងមុន ទាំងនៅតាមស្ថាប័នឯកជន ស្ថាប័នរដ្ឋ និងតាមគ្រួសារនីមួយៗ។ លទ្ធផលសិក្សារបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រព័ន្ធព័ត៌មានវិទ្យាបានបង្ហាញថានៅឆ្នាំ២០០៩កន្លងមក ក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាលបានប្រើប្រាស់កុំព្យូទ័រប្រមាណជា៤ម៉ឺន៦ពាន់គ្រឿង។ រីឯនៅឆ្នាំ២០១០នេះ ចំនួនកុំព្យូទ័រប្រើប្រាស់នឹងកើនដល់៥ម៉ឺន៦ពាន់គ្រឿង។ ប៉ុន្តែសូមបញ្ជាក់ថា តួលេខនេះមិនទាន់រាប់បញ្ចូលកុំព្យូទ័រដែលប្រើប្រាស់ដោយស្ថាប័នរដ្ឋាភិបាល និងដោយបុគ្គលជាលក្ខណៈគ្រួសារនៅឡើយទេ។
ក្នុងវិស័យទូរស័ព្ទវិញ ចំនួនអ្នកប្រើប្រាស់ក៏បានកើនឡើងមិនឈប់ឈរដែរ ពីមួយឆ្នាំទៅមួយឆ្នាំ។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានក្រុមហ៊ុនទូរស័ព្ទចល័តចំនួន៩ និងមានអ្នកប្រើប្រាស់ទូរស័ព្ទចល័តក្នុងរង្វង់៤លាននាក់។
សរុបសេចក្តីមកវិញ គេអាចនិយាយបានថាវិស័យព័ត៌មានវិទ្យានៅកម្ពុជា មានការរីកចម្រើនគួរអោយកត់សម្គាល់ ប្រសិនបើគេមិនធ្វើការប្រៀបធៀបជាមួយប្រទេសដទៃទៀត។ ការរីកចម្រើនវិស័យនេះបានជំរុញអោយនិស្សិតជាច្រើនសម្រុកចូលរៀនក្នុងវិស័យព័ត៌មានវិទ្យា។
ប៉ុន្តែអ្វីដែលជាការកត់សម្គាល់នៅពេលនេះ គឺនៅត្រង់ថា នៅពេលដែលនិស្សិតរៀនផ្នែកនេះ កាន់តែច្រើនឡើង ពួកគេប្រឈមនឹងការអត់ការងារធ្វើទៅវិញ។ មូលហេតុ គឺដោយសារតម្រូវការទីផ្សារក្នុងវិស័យព័ត៌មានវិទ្យានេះមានចំនួនតិចជាងចំនួននិស្សិត ដែលបញ្ចប់ការសិក្សាក្នុងវិស័យនេះជារៀងរាល់ឆ្នាំ។
លទ្ធផលអង្កេតរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រព័ន្ធព័ត៌មានវិទ្យាដែលបានសម្ភាសន៍ជាមួយក្រុមហ៊ុន និងអង្គការក្រៅរដ្ឋាភិបាលជាង២០០ បានបង្ហាញកាលពីប៉ុន្មានសប្តាហ៍មុននេះ ថាក្នុងឆ្នាំ២០០៩ មាននិស្សិតបញ្ចប់ការសិក្សាផ្នែកព័ត៌មានវិទ្យាចំនួន២៣០០នាក់ ប៉ុន្តែមាននិស្សិតតែ១០០០នាក់ប៉ុណ្ណោះ ដែលអាចរកការងារធ្វើបានក្នុងវិស័យនេះ។ ចំពោះនិស្សិតដទៃទៀត អ្នកខ្លះអាចរកការងារបានធ្វើដែរ ប៉ុន្តែក្នុងវិស័យផ្សេងៗ ក្រៅពីវិស័យព័ត៌មានវិទ្យាមានន័យថា ពួកគេធ្វើការខុសជំនាញតែម្តង។ សម្រាប់អ្នកខ្លះទៀតពួកគេកំពុងប្រឈមមុខនឹងភាពអត់ការងារធ្វើ។
បើយោងតាមការទស្សន៍ទាយក្នុងលទ្ធផលអង្កេតចំនួននិស្សិតរៀនផ្នែកព័ត៌មានវិទ្យានឹងបន្តកើនឡើងជាលំដាប់ក្នុងឆ្នាំ២០១០ ២០១១ និងឆ្នាំ២០១២ខាងមុខនេះ។
ជាការពិតចំនួននិស្សិតចេញពីសាលាមានចំនួនច្រើនលើសលុបមែន បើប្រៀបធៀបទៅនឹងតម្រូវការទីផ្សារ ប៉ុន្តែក្រុមហ៊ុននានាបាននិយាយថាពួកគេនៅតែពិបាកជ្រើសរើសបុគ្គលិកក្នុងវិស័យនេះដដែល។ ការលំបាកគឺដោយសារចំណេះដឹងរបស់និស្សិតមិនឆ្លើយតបទៅនឹងចំណេះធ្វើពិតប្រាកដនៅលើទីផ្សារការងារ។
លោក Vincent Drouillard នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រព័ន្ធព័ត៌មានវិទ្យាបានពន្យល់ថានិស្សិតរៀនផ្នែកព័ត៌មានវិទ្យានៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ មានគុណវិបត្តិបីចំណុចធំៗ។ ទី១ ពួកគេខ្វះខាតការសិក្សាអនុវត្តន៍ផ្ទាល់ មានន័យថាពួកគេសិក្សាទ្រឹស្តីច្រើនជាងការអនុវត្តន៏។ ទី២ ពួកគេខ្វះជំនាញពិតប្រាកដ។ និងទី៣ ពួកគេមានកង្វះខាតផ្នែកភាសាបរទេស។
ដោយសារបញ្ហាទាំងបីនេះ និស្សិតផ្នែកព័ត៌មានវិទ្យាពិបាករកការងារធ្វើនៅក្នុងវិស័យព័ត៌មានវិទ្យា។
បើផ្អែកលើតថៈភាពជាក់ស្តែង មិនមែនមានតែវិស័យព័ត៌មានវិទ្យាទេ ដែលជួបប្រទះបញ្ហានេះ តាមពិតក្នុងវិស័យផ្សេងៗទៀត និស្សិតបញ្ចប់ការសិក្សាក៏ពិបាករកការងារធ្វើដែរ ជាពិសេសនៅក្នុងបរិបទវិបត្តិសេដ្ឋកិច្ចពិភពលោកនេះតែម្តង៕ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល