publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

សេដ្ឋកិច្ច

ចិន​​វិនិយោគ​ច្រើន​​ជាង​​គេ​នៅ​កម្ពុជា​

ដោយ គី សុខលីម

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 18/01/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  18/01/2010 09:51 ម៉ោងសកល

នៅ​​ក្នុង​​រយៈ​ពេល ​​១៥​​ឆ្នាំ​ចុង​ក្រោយ​​នេះ​​ ប្រទេស​​ចិន​​វិនិយោគ​​ច្រើន​​ជាង​គេ​​នៅ​​កម្ពុជា​ ​រីឯ​​ប្រទេស​​ជប៉ុន​​វិញ​​​​បាន​​បោះទុន​​តិច​​ជាង​គេ​​ក្នុង​ចំណោម​​ប្រទេស​​ចំនួន ​១០។ ​​​តើ​​ប្រទេស​​ចិន​​ចាប់​​អារម្មណ៍​​លើ​​វិស័យ​អ្វី​ខ្លះ?​​​

សូមចុច​​ខាងក្រោម​ដើម្បីស្តាប់​ ៖

បទ​អត្ថាធិប្បាយ​របស់ គី សុខលីម ពីទីក្រុង​ភ្នំពេញ

18/01/2010

កម្ពុជា​និងចិន​ចុះ​ហត្ថលេខា​លើ​កិច្ច​សហ​ប្រតិបត្តិ​ការទ្វេភាគី (រូបថត ៖ វណ្ណារ៉ា)

កម្ពុជា​និងចិន​ចុះ​ហត្ថលេខា​លើ​កិច្ច​សហ​ប្រតិបត្តិ​ការទ្វេភាគី
(រូបថត ៖ វណ្ណារ៉ា)

ប្រទេស​ចិន​ កំពុង​មាន​តួនាទី​យ៉ាង​សំខាន់​នៅក្នុង​ប្រទេស​កម្ពុជា​ទាំង​​ទំនាក់​ទំនង​​នយោបាយ​ការទូត​និង​ទំនាក់ទំនង​សេដ្ឋកិច្ច សង្គមកិច្ច។

ដោយ​ពិនិត្យ​តែ​ទៅ​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច សង្គមកិច្ច តួលេខ​មួយ​ចំនួន​បាន​បង្ហាញ​យ៉ាង​ច្បាស់ថា ប្រទេស​ចិន​បាន​បោះទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ច្រើន​ជាង​គេ​បំផុត។

ឯកសារ​​របស់​​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា បាន​បង្ហាញ​ថា ក្នុង​រយៈពេល ១៥​ឆ្នាំ​ពោល​គឺ​ពីឆ្នាំ ១៩៩៤​មក​ដល់​ចុង​ខែ​កញ្ញា​ឆ្នាំ ២០០៩​​កន្លង​​​មក​​នេះ ​ប្រទេស​​ចិន​​ប្រជាមានិត​​បាន​បោះទុន​​វិនិយោគ​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​​ជាមួយ​​នឹង​​ទឹក​​ប្រាក់ ​៦​​៥០០​លាន​​ដុល្លារ​​​អាមេរិក។ បន្ទាប់ពី​​ប្រទេស​ចិន​​គឺ​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​ពីរ ​ជាមួយ​នឹង​ទឹកប្រាក់​វិនិយោគ ​២៨០០​លាន​ដុល្លារ​​អាមេរិក។​

ប្រទេស​ម៉ាឡេស៊ី​ ស្ថិត​នៅ​ក្នុង​លំដាប់​លេខ​រៀង​ទី​បី​ជាមួយ​នឹង​ទុន​​វិនិយោគ ២១០០​​លាន​​ដុល្លារ​​អាមេរិក។

ប្រទេស​​នៃ​​សហភាពអឺរ៉ុប​ ​ស្ថិតនៅ​ក្នុង​លំដាប់​លេខ​រៀង​ទី ៤​ជាមួយ​​នឹង​​ទឹកប្រា​ក់​វិនិយោគ ១៣០០​លាន​ដុល្លារ​អាមេរិក។ សហរដ្ឋអាមេរិក​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី ៥ ​ជាមួយ​នឹង​ទឹកប្រាក់​វិនិយោគ ១២០០​លាន​ដុល្លារ​អាមេរិក។

បើគិត​ក្នុង​ចំណោម ១០​​ប្រទេស ​ប្រទេស​ជប៉ុន​ស្ថិត​នៅ​ក្នុង​លំដាប់​​លេខ​រៀង​ក្រោយ​គេ​ ជាមួយ​នឹង​ទុ​ន​​វិនិយោគ ​១៤៨​​លាន​ដុល្លារ។

របាយការណ៍​​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា ក្នុង​រយៈ​ពេល ១៥​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​​ខ្លាំង​ទៅ​លើ​វិស័យ​ទេសចរណ៍។

វិស័យ​នេះ​ ​តំណាង​អោយ ៤៨​ភាគ​រយ​នៃ​ទុន​វិនិយោគ​បរទេស​ទាំងអស់។ បន្ទាប់មក​គឺ វិស័យ​ឧស្សាហកម្ម​និង​សេវាកម្ម​ដែល​វិស័យ​នីមួយៗ​តំណាង​អោយ ២៣​ភាគ​រយ​នៃ​ទុន​វិយោគ​បរទេស​សរុប។

ចំពោះ​វិស័យ​កសិកម្ម​វិញ អ្នក​វិនិយោគ​បរទេស​ហាក់បី​ដូច​ជា​មិន​​សូវ​ចាប់​អារម្មណ៍​ប៉ុន្មាន​នោះ​ទេ ​ពីព្រោះ​ក្នុង​ចំណោម​ទុន​វិនិយោគ​​បរទេស​​ទំាងអស់​ វិស័យ​​កសិកម្ម​​តំណាង​​អោយតែ​ ៦​ភាគ​រយ​ប៉ុណ្ណោះ។

ប្រទេស​កម្ពុជា​ ​មាន​​សក្តានុពល​​ខ្លាំង​​លើ​វិស័យ​កសិកម្ម​​ប៉ុន្តែ​ជា​អកុសល វិស័យ​នេះ​មិនទាន់​ត្រូវបាន​គេ​ចាប់អារម្មណ៍​ច្រើន​នោះទេ​។ មូលហេតុ​គឺ​ដោយសារ​​វិស័យ​​កសិកម្ម​​ខ្មែរ​​នៅ​​ពឹងផ្អែក​លើ​​អាកាសធាតុ​​ច្រើន​ពេក។

និយាយ​​បែបផ្សេង​ វិស័យ​​នេះ​​អាច​​ប្រឈម​​នឹង​​ហានិភ័យ​​​​​ខ្ពស់​ ហើយ​​ការ​​ទាញ​​យក​​ប្រាក់​​ចំណេញ​​មក​​វិញ​​មាន​​រយៈ​ពេល​​យូរ។​បើផ្អែកលើ​តួលេខ​ខាងលើ ប្រទេស​ចិន​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី ១​ រីឯ​ប្រទេស​កូរ៉េ​ខាងត្បូង​ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី​ពីរ។

 តើ​​ប្រទេស​ទាំង​ពីរ​នេះ​​បាន​បោះទុន​​វិនិយោគ​ច្រើន​លើ​វិស័យ​អ្វីខ្លះ?

ប្រទេស​ចិន​ប្រជាមានិត​ក្រៅ​អំពី​ការ​ផ្តល់​ជំនួយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​​មក​អោយ​ប្រទេស​កម្ពុជា​នោះ ប្រទេស​ចិន​បាន​បោះទុន​វិនិយោគ​យ៉ាងច្រើន​ទៅ​លើ​វិស័យ​វារីអគ្គិសនី​និង​វិស័យកាត់ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

បើពិនិត្យ​លើ​និន្នាការ​រួម ប្រទេស​ចិន​មិនមែន​សម្លឹង​មើល​តែ​ប្រទេស​កម្ពុជា​នោះទេ​តាមពិត ប្រទេស​មហាយក្ស​មួយ​នេះ ​បាន​នឹង​កំពុង​សម្លឹង​មើល​ទីផ្សារ​នៃ​ប្រទេស​អាស៊ាន​ទាំងមូល​តែម្តង។

ថ្មីៗ​នេះ​ប្រទេស​ចិន​និង​ប្រទេស​អាស៊ាន​ចាស់​ចំនួន ៦ បាន​សម្រេច​លុប​ចោល​ពន្ធគយ​រវាង​សមាជិក​អាស៊ាន​និង​ប្រទេស​ចិន។ ការ​សម្រេច​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​រវាង​ចិន​និង​អាស៊ាន​​នេះ ត្រូវ​បាន​គេ​វិភាគ​ថា​ ប្រទេស​ចិន​នឹង​​អាច​​ទាញ​​បាន​ផល​ចំណេញ​​ច្រើន​ជាង​ប្រទេស​​នៃ​​សមាជិក​​អាស៊ាន។

សម្រាប់​​ប្រទេស​​កូរ៉េ​ខាង​ត្បូង​វិញ ​ក្នុង​​រយៈ​ពេល​​ប៉ុន្មាន​​ឆ្នាំ​​ចុង​ក្រោយ​​នេះ​ ប្រទេស​​កូរ៉េ​​បាន​បោះទុន​​វិនិយោគ​​ដ៏​​ច្រើន​មហា​សាល​​ទៅលើ​វិស័យ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អាគារ​​ធំ​​​ៗ​​ដែល​កំពុង​ដុះ​ឡើង​ទៅ​ទល់​នឹង​មេឃ​នោះ​ ​គឺ​​ភាគ​ច្រើន​ជា​​សំណង់​​ដែល​​វិនិយោគ​​ដោយ​​ក្រុម​ហ៊ុន​​កូរ៉េ​​ខាង​ត្បូង​។​

អ្វី​ដែល​​ជាការ​កត់សម្គាល់​​នៅ​​ក្នុង​​របាយការណ៍ ​គឺ​នៅ​ត្រង់​ថា​ប្រទេស​​ជប៉ុន​​ដែល​​ជា​​ប្រទេស​​ផ្តល់​ជំនួយ​​ដ៏​​ធំ​​មួយ​​សម្រាប់​កម្ពុជា​ដែ​រ​​នោះ ​បែរ​ជា​​បោះទុន​​តិច​ជាងគេ​ក្នុង​ចំណោម​ប្រទេស​ចំនួន ១០។ ប្រទេស​ជប៉ុន​ក្នុង​រយៈពេល ១៥​ឆ្នាំ​ចុងក្រោយ​នេះ បាន​បោះទុន​​វិនិយោគ​នៅ​កម្ពុជា​តែ​ ១៤៨​លាន​ដុល្លារ​ប៉ុណ្ណោះ។

តួលេខ​នេះ វា​ហាក់បី​ដូចជា​ចម្លែក​បន្តិច​មែន​ប៉ុន្តែ​សម្រាប់​អ្នក​ស្គាល់​ជនជាតិ​ជប៉ុន​​ ច្បាស់ជា​ពួកគេ​មិន​សម្តែង​អារម្មណ៍​​ចម្លែក​ប៉ុន្មាន​នោះទេ​ពីព្រោះ​អ្នក​វិនិយោគ​ជប៉ុន​ត្រូវ​បាន​គេ​ចាត់ទុក​ថា​គឺ​ជា​ជំពូក​មនុស្ស​ដែល​ធ្វើការ​ប្រយ័ត្នប្រយែង​​​បំផុត​មុន​នឹង​ធ្វើ​ការ​​បោះទុន​វិនិយោគ​លើ​អ្វីមួយ៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល