ដោយ គី សុខលីម
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 01/02/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 01/02/2010 10:02 ម៉ោងសកល
ប្រព័ន្ធធនាគារនៅកម្ពុជានៅមានសុខភាពល្អ បើទោះបីជាប្រព័ន្ធហិរញ្ញវត្ថុមួយនេះបានទទួលរងផលប៉ះពាល់ដោយប្រយោលពីវិបត្តិហិរញ្ញវត្ថុពិភពលោកបន្តិចក៏ដោយ។ តើកត្តាអ្វីខ្លះដែលជំរុញអោយប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាអាចគេចផុតពីឥទ្ធិពលវិបត្តិហិរញ្ញវត្ថុពិភពលោកនោះ?
សូមចុចខាងក្រោមដើម្បីស្តាប់ ៖
រ
បាយការណ៍ចុងក្រោយបានបង្ហាញថា ប្រព័ន្ធធនាគារនៅក្នុងប្រទេសកម្ពុជានៅមានសុខភាពល្អជាធម្មតាទេ បើទោះបីជាប្រព័ន្ធហិរញ្ញវត្ថុមួយនេះបានទទួលរងផលប៉ះពាល់ដោយប្រយោលពីវិបត្តិហិរញ្ញវត្ថុពិភពលោកក៏ដោយ។ របាយការណ៍របស់ធនាគារជាតិប្រចាំឆ្នាំ បានបញ្ជាក់ថានៅឆ្នាំ ២០០៩កន្លងមកនេះ ការផ្តល់ឥណទានសរុបបានកើនឡើង ៣,២ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ ២០០៨ រីឯប្រាក់បញ្ញើសរុបបានកើនឡើងជិត ៣៣ភាគរយនៅឆ្នាំ ២០០៩បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៨។
កាលពីសប្តាហ៍មុន សេចក្តីប្រកាសព័ត៌មាននៃសន្និសីទអន្តរជាតិស្តីអំពីធនាគារនិងមីក្រូហិរញ្ញវត្ថុបានបង្ហាញថានៅដំណាច់ឆ្នាំ ២០០៨ ប្រទេសកម្ពុជាមានធនាគារពាណិជ្ជចំនួន ២៤ដោយទទួលបានប្រាក់តម្កល់ពីអតិថិជនចំនួន ២៥០០លានដុល្លារអាមេរិកនិងផ្តល់ប្រាក់កម្ចីចំនួនប្រមាណជា ២៤០០លានដុល្លារអាមេរិក។ នៅដំណាច់ឆ្នាំ ២០០៨នោះ វិស័យធនាគារកម្ពុជាទទួលបានប្រាក់ចំណេញសុទ្ធចំនួនជិត ១១៧លានដុល្លារអាមេរិក។ មួយឆ្នាំក្រោយមកពោលគឺនៅចុងឆ្នាំ ២០០៩កន្លងមកនេះ ប្រទេសកម្ពុជាមានធនាគារពាណិជ្ជចំនួន ២៧និងមានការិយាល័យតំណាងធនាគារបរទេសចំនួន ២។ អ្នកជំនាញរបស់ធនាគារជាតិនៃកម្ពុជា បានអោយដឹងថា ធនាគារពាណិជ្ជចំនួន ២៧នេះបានទាក់ទាញអតិថិជនអោយមកតម្កល់ប្រាក់ចំនួន ៨សែននាក់ពោលគឺស្មើនឹង ៦ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុបជាង ១៣លាននាក់។
ចំពោះវិស័យមីក្រូហិរញ្ញវត្ថុវិញ ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ សេវាមីក្រូហិរញ្ញវត្ថុមានការរីកចម្រើនគួរជាទីកត់សម្គាល់។ ជាក់ស្តែងនៅដំណាច់ឆ្នាំ ២០០៩កន្លងមកនេះ ចំនួនប្រាក់ឥណទាននិងចំនួនប្រាក់បញ្ញើនៅក្នុងប្រព័ន្ធមីក្រូហិរញ្ញវត្ថុ មានការកើនឡើងបើប្រៀបធៀបទៅនឹងឆ្នាំ ២០០៨។
សេចក្តីប្រកាសព័ត៌មាននៃសន្និសីទអន្តរជាតិស្តីអំពីធនាគារនិងមីក្រូហិរញ្ញវត្ថុបានអោយដឹងថា នៅដំណាច់ឆ្នាំ ២០០៩នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាទាំងមូលបានផ្តល់សេវាជូនដល់អតិថិជនចំនួនជាង ១លានគ្រួសារ។ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុកម្ពុជាបាននិយាយថា វិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាមិនមែនរីកចម្រើនតែបរិមាណទេប៉ុន្តែថែមទាំងគុណភាពទៀតផង។
តើហេតុអ្វីបានជាប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាមិនរងផលប៉ះពាល់ខ្លាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកនោះ?
ប្រការដែលវិស័យហិរញ្ញវត្ថុកម្ពុជាមិនបានរងផលប៉ះពាល់ពីវិបត្តិហិរញ្ញវត្ថុដោយផ្ទាល់នោះត្រូវបានលោកស្រី តាល់ណៃអ៊ីមអគ្គនាយកនៃធនាគារជាតិកម្ពុជាពន្យល់ថា គឺដោយសារមូលហេតុពីរយ៉ាង។ ទីមួយ៖ គឺដោយសារប្រទេសកម្ពុជាមិនទាន់មានផ្សារភាគហ៊ុននិងទីពីរ៖ គឺដោយសារប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាមិនទាន់បានធ្វើសមាហរ័ណកម្មទៅក្នុងទីផ្សារពិភពលោកនិងទីផ្សារក្នុងតំបន់។
ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី ក៏លោកស្រី តាល់ណៃអ៊ីម បានថ្លែងប្រាប់សន្និសីទអន្តរជាតិស្តីពីធនាគារកាលពីសប្តាហ៍មុនថា វិស័យហិរញ្ញវត្ថុកម្ពុជាបានទទួលរងផលប៉ះពាល់ដោយប្រយោលតិចតួចពីវិបត្តិហិរញ្ញវត្ថុពិភពលោក ពីព្រោះវិស័យសេដ្ឋកិច្ចពិតរបស់កម្ពុជាមួយចំនួនបានទទួលរងផលប៉ះពាល់ខ្លាំងពីវិបត្តិនេះ។
សរុបសេចក្តីមកវិញ បើផ្អែកលើតួលេខខាងលើ គេពិតជាអាចនិយាយបានថាវិស័យធនាគារនៅកម្ពុជាមានការរីកចម្រើនពិតប្រាកដមែនពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែប្រសិនបើគេពិនិត្យមើលតួលេខអតិថិជនដែលយកប្រាក់ទៅតម្កល់នៅក្នុងប្រព័ន្ធធនាគារចំនួន ៨សែននាក់ក្នុងចំណោមប្រជាជនជាង ១៣លាននាក់នោះ គេពិតជាអាចបកស្រាយផ្សេងពីនេះបានថា ប្រជាជនកម្ពុជានៅមិនទាន់ចេះប្រើប្រាស់ប្រព័ន្ធធនាគារឬនៅមិនទាន់ទុកចិត្តប្រព័ន្ធធនាគារច្រើននៅឡើយទេ។
ពាក់ព័ន្ធទៅនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ ប្រជាជននៅជនបទមួយចំនួនដែលមិនទាន់យល់ដឹងច្បាស់អំពីអត្ថប្រយោជន៏នៃប្រាក់កម្ចី បានទទួលរងគ្រោះដោយសារប្រាក់កម្ចីខ្លួនឯង។
អ្នកខ្លះ បន្ទាប់ពីខ្ចីបានប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុហើយ ពួកគេមិនចេះប្រើប្រាស់សាច់ប្រាក់អោយបានត្រឹមត្រូវទេ។ ហើយនៅទីបំផុត ប្រជាជនទាំងនោះត្រូវបង្ខំចិត្តលក់ផ្ទះសម្បែងឬដីស្រែដើម្បីសងបំណុលគេទៅវិញ៕
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល