publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

កិច្ចការ​បរទេស​

កម្ពុជា​តវ៉ា​ចំពោះ​ផែនទី​របស់​ Google​

ដោយ លី ម៉េងហួរ

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 05/02/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  05/02/2010 14:52 ម៉ោងសកល

រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​សុក្រ​នេះ បាន​ធ្វើ​ការ​តវ៉ា​ទៅ​កាន់​ក្រុមហ៊ុន វេបសាយ Google ចំពោះ​ការ​បង្ហាញ​ផែនទី តាម​ប្រព័ន្ធ​អ៊ីនថឺណេត ( Google Earth )។ ជា​ផែនទី ដែល បាន​ដាក់​ប្រាសាទ​ព្រះវិហារ​ខ្មែរ ជិត​ពាក់​កណ្តាល ឲ្យ​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ។ កម្ពុជា ក៏​បាន​ទាមទារ​ឲ្យ Google ដក​ផែនទី ដែល​ខុស ដ៏​ធ្ងន់​​ធ្ងរ​នោះ ចេញ​ពី​វេបសាយ​របស់​ខ្លួន។

សូមចុចខាងក្រោមដើម្បីស្តាប់ ៖

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ

05/02/2010

ផែនទី​របស់ Google ដែល​រដ្ឋាភិបាល​កម្ពុជា​តវ៉ា​ថា​គូស​ខុស​ កាត់ដីខ្មែរ​ទៅ​ឲ្យ​ថៃ

ផែនទី​របស់ Google ដែល​រដ្ឋាភិបាល​កម្ពុជា​តវ៉ា​ថា​គូស​ខុស​ កាត់ដីខ្មែរ​ទៅ​ឲ្យ​ថៃ

ជា​ការ​តវ៉ា ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី។​ នៅ​ថ្ងៃ ៥​កុម្ភៈ​នេះ លិខិត​ភ្ជាប់​ដោយ​ផែន​ទី​ឧបសម្ព័ន្ធ ១ សម័យ​បារាំង-សៀម ឬ​ហៅថា ផែនទី ដងរែក ត្រូវ​បាន​ផ្ញើ​ទៅកាន់ ក្រុម ហ៊ុន​វេបសាយ Google នៅ​អាមេរិក និង​នៅ​ប្រទេស​សឹង្ហបូរី។

ទីប្រឹក្សា​រាជ​រដ្ឋាភិបាល និង​ជា​អ្នក​នាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា បាន​គូស​បញ្ជាក់​ថា ផែនទី​របស់ Google ដែល​បាន​ផ្សព្វ​ផ្សាយ​រួច​ហើយ តាម​ទំព័រ​អ៊ីនថឺណេត បង្ហាញ​ថា ខ្សែ​ព្រំដែន រវាង​កម្ពុជា និង​ថៃ នៅ​​ត្រង់​តំបន់​​ប្រាសាទ​ព្រះវិហារ គឺ​ត្រូវ​បាន​កំណត់ ខុស​នឹង​ការ​ពិត​ជាក់ស្តែង​ទាំង​ស្រុង។

រដ្ឋាភិបាល បាន​លើក​ឡើង​ថា Google បាន​បញ្ចូល និង​ផ្សព្វ​ផ្សាយ​​នូវ​គំនូស​ពណ៌​លឿង ដែល​ជា​ព្រំដែន​អន្តរជាតិ រវាង​កម្ពុជា និង​ថៃ នៅ​ត្រង់​តំបន់​ប្រាសាទ​ព្រះវិហារ គឺ បាន​ដាក់​ប្រាសាទ​ព្រះវិហារ​ខ្មែរ ជិត​ពាក់​កណ្តាល​ឲ្យ​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ។ ការ​កំណត់​​របស់ Google ធ្វើ​ឲ្យ​មានការ​យល់​ខុស និង​នាំ​ឲ្យ​មាន​ការ​ភ័ន​ច្រឡំ​យ៉ាង​ធ្ងន់ធ្ងរ។ ដូច្នេះហើយ បាន​ជា​រដ្ឋាភិបាល​កម្ពុជា ទាមទារ​ឲ្យ Google ដកផែន​ទីនោះ​ចេញ ហើយ ដាក់​ជំនួស​មក​វិញ ដោយ​ផែនទី​ឧបសម្ព័ន្ធ ១ ដែល​ជា​ផែនទី ទទួល​ស្គាល់​ជា​អន្តរជាតិ។

រដ្ឋាភិបាល​កម្ពុជា ក៏​បាន​បញ្ជាក់​ប្រាប់​ទៅ​កាន់ Google លើ​បញ្ហា​ប្រាសាទ​​​​ព្រះវិហារថា តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ទីក្រុង ឡាអេ កាលពី​ថ្ងៃ​ទី ១៥ ខែ​មិថុនា ឆ្នាំ ១៩៦២ បាន​​​ប្រើប្រាស់​ផែនទី​ឧបសម្ព័ន្ធ ១ ( ផែនទី​ដងរែក ) ដើម្បី​ឈាន​ទៅ​រក​សេចក្តី​សម្រេច ដោយ​ដាក់​ប្រាសាទ​ព្រះវិហារ​ស្ថិត​ក្នុង​ទឹក​ដី​កម្ពុជា។ ផែនទី​ឧបសម្ព័ន្ធ ១​នេះ ក៏​ត្រូវ​បាន​ព្រម​ទទួល​យក​ដោយ​ថៃ នៅ​ក្នុង​ឆ្នាំ ១៩០៨ យោងតាម​អនុ​សញ្ញា បារាំង-សៀម នៅ​ឆ្នាំ ១៩០៤៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល