ដោយ លាង ដឺលុច
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 08/02/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 10/02/2010 13:57 ម៉ោងសកល
គណៈកម្មការក្រុមប្រឹក្សាការងារបានជួបប្រជុំគ្នា នៅព្រឹកថ្ងៃចន្ទនេះហើយដើម្បីពិភាក្សាគ្នាអំពីលទ្ធភាពនៃការដំឡើងប្រាក់បៀវត្សរ៍ដល់កម្មករកាត់ដេរចំនួន ៩៣ដុល្លារ ដែលស្នើដោយក្រុមសហជីពកម្មករ។ ជាការពិភាក្សាបែបតឹងតែងដោយសារតែភាគីតំណាងនិយោជកបានបង្ហាញជំហរមិនសុទិដ្ឋិនិយម។ ទោះយ៉ាងណា ការចរចានឹងត្រូវកំណត់រៀបចំឡើងសាជាថ្មីទៀត។
សូមចុចខាងក្រោមនេះដើម្បីស្តាប់៖មិនទាន់មានលទ្ធផលល្អនៅឡើយ ចេញពីការកិច្ចប្រជុំចរចាដំឡើងប្រាក់ខែអោយកម្មករកាត់ដេរអោយបានដល់ ៩៣ដុល្លារដែលស្នើដោយក្រុមសហជីពតំណាងកម្មករនោះ។
នៅព្រឹកថ្ងៃចន្ទទី ៨កុម្ភៈនេះ គណៈកម្មការក្រុមប្រឹក្សាការងារដែលរួមមានសមាសភាពមកពីក្រសួងដែលពាក់ព័ន្ធរបស់រដ្ឋាភិបាល តំណាងថៅកែរោងចក្រ និងតំណាងកម្មកររោងចក្របានបើកការប្រជុំដើម្បីនិយាយអំពីលក្ខខណ្ឌការងាររបស់កម្មករ។ គណៈកម្មការក្រុមប្រឹក្សាការងារដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការងារ លោកវង សូតបានពិភាក្សាគ្នាអំពីការសុំដំឡើងប្រាក់បៀវត្សរ៍របស់កម្មករអោយដល់ ៩៣ដុល្លារដែលស្នើដោយក្រុមសហជីពតំណាងកម្មករ។
លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាដែលមានវត្តមាន នៅក្នុងកិច្ចប្រជុំនោះ បានបញ្ជាក់អោយដឹងថា ក្រុមតំណាងថៅកែរោងចក្រមិនបានបង្ហាញជំហរសប្បាយចិត្តចំពោះការទាមទាររបស់ក្រុមសហជីពកម្មករទេ ដោយពួកគេសំអាងថា ក្នុងកាលៈទេសៈនេះ គឺពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ច។ ហើយថា របាយការណ៍របស់វិទ្យាស្ថានជាតិស្ថិតិដែលចេញផ្សព្វផ្សាយ កាលពីពេលថ្មី អំពីជីវភាពរស់នៅរបស់កម្មករកាត់ដេរនោះ មិនបានតំណាងអោយស្ថានភាពរបស់កម្មករទូទៅ នៅតាមបណ្តាខេត្តដែលគេអាចរស់នៅជាមួយនឹងប្រាក់បច្ចុប្បន្ននោះឡើយ នេះបើតាមការរៀបរាប់របស់លោកអាត់ ធន។
លោកអាត់ ធនបានពន្យល់អោយដឹងថា ការស្នើសុំរបស់សហជីពតំណាងកម្មករ អោយកម្មករទទួលបានប្រាក់បៀវត្សរ៍អោយដល់ ៩៣ដុល្លារនោះត្រូវបានធ្វើឡើងដោយយោងទៅលើរបាយការណ៍របស់វិទ្យាស្ថានជាតិស្ថិតិដែលបានផ្សាយថា កម្មករដែលអាចមានជីវភាពរស់នៅសមរម្យបាន ត្រូវមានប្រាក់បៀវត្សរ៍ចន្លោះពី ៩៣ ទៅ ១២០ដុល្លារ។ លោកអាត់ ធនបានបន្តថា ការផ្តើមគំនិតក្នុងកាស្នើសុំតំឡើងប្រាក់បៀវត្សរ៍ជូនកម្មករកាត់ដេរ គឺដោយសារតែមានការពិនិត្យឃើញថា ជាមួយនឹងប្រាក់បៀវត្សរ៍របស់ពួកគេ សព្វថ្ងៃដែលមានរវាងពី ៥០ទៅជាង ៦០ដុល្លារនោះ ពួកគេមិនអាចចាយវាយគ្រប់គ្រាន់សំរាប់អាហារ និងការស្នាក់នៅក្នុងកន្លែងដែលមានបរិស្ថានសមរម្យនោះឡើយ។
ទោះយ៉ាងណាក៏ដោយ លោកអាត់ ធនបានអះអាងថា គណៈកម្មការក្រុមប្រឹក្សាការងារនឹងណាត់ជួបគ្នាបន្តការចរចា នៅពេលក្រោយបន្តទៀតលើសំណើសុំដំឡើងបៀវត្សរ៍កម្មករនេះ៕
ទាក់ទងនឹងប្រធានបទនេះ
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល