ដោយ លី ម៉េងហួរ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 08/02/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 08/02/2010 13:10 ម៉ោងសកល
ក្នុងថ្ងៃទីបីនៃដំណើរទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃច័ន្ទនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានធ្វើដំណើរទៅកាន់ព្រំដែនប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងខេត្តឧត្តរមានជ័យ។ ក៏ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីមិនបានចូលទៅកាន់ប្រាសាទតាមាន់ធំ ដែលថៃប្រកាសថា ស្ថិតក្នុងទឹកដីរបស់ខ្លួននោះទេ។
សូមចុចខាងក្រោមនេះដើម្បីស្តាប់៖ក្នុងសម្លៀកបំពាក់ជាទ័ពស្រួចពិសេស ពាក់មួកក្រហម ខោអាវកងទ័ពពណ៌ខ្មៅ លោកនាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស ៥ ហ៊ុន សែន ក្រៅតែពីសួរសុខទុក្ខកងទ័ពកម្ពុជា នៅតំបន់ព្រំដែនជិតប្រាសាទតាមាន់ នៅថ្ងៃច័ន្ទ ទី ៨កុម្ភៈ លោកនាយករដ្ឋមន្ត្រី បានថ្លែងសារនយោបាយ ជាប្រតិកម្មខ្លាំងៗទៅកាន់នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត និងឧបនាយករដ្ឋមន្ត្រីថៃ ស៊ូថេប។
ថ្នាក់ដឹកនាំថៃទាំងពីរនេះបានអត្ថាធិប្បាយក្នុងទំព័រកាសែតថៃ កាលពីថ្ងៃអាទិត្យ ជុំវិញដំណើររបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទៅកាន់តំបន់ព្រំដែនប្រាសាទព្រះវិហារដែលចាប់ផ្តើម កាលពីថ្ងៃ ៦កុម្ភៈ ឆ្នាំ ២០១០។ នោះគឺថៃមិនដែលឈ្លានពានកម្ពុជាទេ។ ដីដែលថៃឈរជើង គឺស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ។
ក៏ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានវាយបកទៅថៃវិញ ដោយហៅនាយករដ្ឋមន្ត្រីថៃ សព្វថ្ងៃថា បានឡើងកាន់តំណែងដោយសារ ការធ្វើរដ្ឋប្រហារប្លន់អំណាច។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅតែប្រកាសថា ដរាបណា ថៃមិនទាន់ដកកងទ័ពចេញពីវត្តកែវសិក្ខាគិរីស្វារៈ នៅជាប់ប្រាសាទព្រះវិហាររបស់កម្ពុជា នោះរូបលោកនៅតែហៅថា ថៃឈ្លានពានប្រទេសកម្ពុជាជានិច្ច។ កម្ពុជាក៏មិនអាចមានទំនាក់ទំនងណាល្អទៅកើតទេ ដរាបណា កងទ័ពឈ្លានពានថៃ នៅបន្តឈរជើងលើទឹកដីរបស់កម្ពុជា។
នៅរសៀលថ្ងៃច័ន្ទនេះ ប្រតិកម្មលើថ្នាក់ដឹកនាំ និងកាសែតថៃ ក៏ត្រូវបានធ្វើឡើងបន្ថែមទៀត ដោយលោកប្រមុខការទូត ហោ ណាំហុង។ លោកហោ ណាំហុងដែលបានចាត់ទុកអត្ថាធិប្បាយរបស់ថ្នាក់ដឹកនាំ និងកាសែតថៃថា ជាការភូតភរ និងធ្វើឡើងដោយឆោតល្ងង់ ដើម្បីបំភាន់មតិសាធារណៈ។ នោះគឺ នាយករដ្ឋមន្ត្រីថៃដែលប្រកាសថា នឹងយកដំណើរទៅកាន់ព្រំដែនរបស់លោកហ៊ុន សែន ដើម្បីប្តឹងទៅកាន់អង្គការយូណេស្កូ ក្នុងបំណងទាមទារកាន់កាប់ដី នៅជិតប្រាសាទព្រះវិហាររបស់កម្ពុជា។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនបានចូលទៅកាន់ប្រាសាទតាមាន់ធំទេ ក្នុងដំណើរ ទៅកាន់តំបន់ព្រំដែននៅជិតនោះ។ លោកឧបនាយករដ្ឋមន្ត្រី ហោ ណំាំហុង បានបន្ទោសលើកាសែតថៃ ដោយថា តាមគម្រោងលោកនាយករដ្ឋមន្ត្រីមិនធ្វើដំណើរទៅកាន់ទីនោះឡើយ។ លោកហោ ណាំហុង ក៏បានទាត់ចោលចំពោះដំណឹងដែលថា មេទ័ពកម្ពុជាទៅចរចាជាមួយថៃ ដើម្បីឲ្យលោកនាយករដ្ឋមន្ត្រីបានចូលទៅប្រាសាទតាមាន់ធំដែលកងទ័ពថៃកំពុងឈរជើង។
ចំពេលវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតំបន់ព្រំដែននោះ ថៃក៏បានហាមមិនឲ្យកងទ័ពកម្ពុជាចូលទៅដើរល្បាត ដូចសព្វដងឡើយ។ ម្យ៉ាងទៀត ក៏មានក្រុមអាវលឿងថៃ ត្រៀមធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីនោះដែរ។
ក្រសួងការបរទេសកម្ពុជាក៏បានចេញប្រកាសមួយភ្លាម នៅច័ន្ទ ទី ៨កុម្ភៈ ដោយភ្ជាប់ជាមួយនឹងសារលិខិតរបស់លោករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាហោ ណាំហុង ដែលបានផ្ញើជូនរដ្ឋមន្ត្រីការបរទេសថៃ កាលពីថ្ងៃទី១៤សីហា ឆ្នាំ២០០៨។ កម្ពុជាប្រកាសប្រាប់ថៃថា ប្រជុំប្រាសាទតាមាន់ នៅជួរភ្នំដងរែក ក្នុងខេត្តឧត្តរមានជ័យរួមមាន៖ ប្រាសាទតាមាន់ធំ និងប្រាសាទតាមាន់តូច មានទីតាំង ក្នុងដែនដីប្រទេសកម្ពុជា។ នេះបើផ្អែកលើផែនទី និងការបោះបង្គោលខណ្ឌសីមា សម័យបារាំងសៀម ឆ្នាំ១៩០៨៕
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល