ដោយ គី សុខលីម
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 08/02/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 10/02/2010 13:59 ម៉ោងសកល
បើទោះបីជាការនាំចេញរបស់ប្រទេសកម្ពុជាមានការកើនឡើងជាលំដាប់ក្តី ប៉ុន្តែប្រទេសក្រីក្រមួយនេះនៅតែប្រឈមមុខនឹងឱនភាពជញ្ជីងពាណិជ្ជកម្មដដែល។ តួលេខបានបង្ហាញថា កម្ពុជានៅបន្តធ្វើការនាំចូលធំជាងការនាំចេញ១៦០០លានដុល្លារអាមេរិក។
សូមចុចខាងក្រោមនេះដើម្បីស្តាប់៖
លោកហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាបានផ្តល់មេរៀនសេដ្ឋកិច្ច និងពាណិជ្ជកម្មដល់មន្ត្រីរាជការក្រោមឱវាទ កាលពីសប្តាហ៍មុននៅក្នុងពិធីសម្ពោធអគារថ្មីនៃទីស្តីការក្រសួងពាណិជ្ជកម្ម។ ការធ្វើអត្ថាធិប្បាយរបស់លោកហ៊ុន សែនលើបញ្ហាពាណិជ្ជកម្មបានធ្វើឡើង ក្នុងខណៈពេលដែលប្រទេសកម្ពុជាបាន និងកំពុងប្រឈមមុខទៅនឹងឱនភាពជញ្ជីងពាណិជ្ជកម្មមានន័យថា ប្រទេសក្រីក្រកម្ពុជានៅតែបន្តនាំចូលច្រើនជាងការនាំចេញ។
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានអោយដឹងថា នៅឆ្នាំ២០០៩កន្លងមកការនាំចូលមានចំនួនទឹកប្រាក់ប្រមាណជា៥២០០លានដុល្លារអាមេរិក។ រីឯការនាំចេញផលិតផលក្នុងស្រុកទៅកាន់ទីផ្សារក្រៅប្រទេសនៅឆ្នាំ ២០០៩កន្លងមកមានចំនួនទឹកប្រាក់ប្រមាណជា ៣៦០០លានដុល្លារអាមេរិកពោលគឺ ប្រទេសកម្ពុជាមានឱនភាពជញ្ជីងពាណិជ្ជកម្ម១៦០០លានដុល្លារអាមេរិក។
ជាការពិតពីមួយឆ្នាំទៅមួយឆ្នាំការនាំចេញរបស់កម្ពុជាមានការកើនឡើងជាលំដាប់មែន ប៉ុន្តែការនាំចូលក៏ចេះតែកើនឡើងដែរ ដោយសារតម្រូវការក្នុងស្រុកមានទំហំកើនឡើង។ ប្រទេសវៀតណាម និងប្រទេសថៃ ជារៀងរាល់ឆ្នាំបាននាំចូលមកក្នុងប្រទេសកម្ពុជាក្នុងទំហំទឹកប្រាក់ច្រើនជាងប្រទេសកម្ពុជានាំចេញទៅវិញ។ ដោយមើលឃើញចំនុចខ្សោយរបស់កម្ពុជាយ៉ាងដូច្នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានជំរុញអោយអ្នកពាក់ព័ន្ធទាំងអស់បង្កើនសមត្ថភាពផលិត បង្កើនសមត្ថភាពនាំចេញក្នុងគោលដៅកាត់បន្ថយឱនភាពសេដ្ឋកិច្ច។
ការនាំចេញអាចជាការនាំចេញនៅនឹងកន្លែង និងការនាំចេញទៅក្រៅប្រទេស។ ការនាំចេញនៅនឹងកន្លែងត្រូវបានលោកហ៊ុន សែនពន្យល់ថា គឺជាការផ្គត់ផ្គង់ទៅដល់សណ្ឋាគារនៅក្នុងស្រុកនូវផលិតផលកសិកម្មមួយចំនួនដូចជាបន្លែសាច់។ល។
នាពេលកន្លងមក សណ្ឋាគារនៅក្នុងប្រទេសកម្ពុជាបានទិញទំនិញមកពីប្រទេសថៃ ឬវៀតណាមដើម្បីបម្រើសេចក្តីត្រូវការរបស់ខ្លួន។ ជារៀងរាល់ឆ្នាំ សណ្ឋាគារក្នុងស្រុកត្រូវចំណាយថវិកាច្រើនលានដុល្លារអាមេរិកដើម្បីទិញទំនិញសម្រាប់ផ្គត់ផ្គង់ជូនដល់ភ្ញៀវទេសចរបរទេសជាង២លាននាក់។
លោកហ៊ុន សែនបានផ្តល់អនុសាសន៍ជំរុញអោយស្ថាប័នទាំងឡាយធ្វើការកែច្នៃផលិតផលកសិកម្មមុននឹងធ្វើការនាំចេញ។ ការធ្វើយ៉ាងនេះបង្កលក្ខណៈអោយប្រទេសកម្ពុជាអាចចំណេញបានតម្លៃបន្ថែម។ លោកប្រមុខរាជរដ្ឋាភិបាលបានលើកឧទាហរណ៍មកបញ្ជាក់ថា ប្រទេសកម្ពុជាមានស្រូវនៅសល់ជាង ៣លានតោនក្នុងមួយឆ្នាំៗ ប៉ុន្តែការនាំចេញពិតប្រាកដនៅមិនទាន់ធ្វើបានល្អនៅឡើយទេ។
ស្រូវមួយផ្នែកត្រូវបានគេនាំចេញទៅប្រទេសថៃ និងមួយផ្នែកទៀតត្រូវបានគេនាំចេញទៅប្រទេសវៀតណាម។ ការនាំចេញស្រូវដុលយ៉ាងដូច្នេះ ត្រូវបានលោកហ៊ុន សែនបញ្ជាក់ថា ប្រទេសកម្ពុជាបាត់បង់ការងារ បាត់បង់កន្ទក់ បាត់បង់ចុងអង្ករ និងបាត់បង់អង្កាមជាដើម។
លោកហ៊ុន សែនសម្តែងការសោកស្តាយថា ប្រទេសកម្ពុជាមានស្រូវសល់ច្រើនមែន ប៉ុន្តែកង្វល់របស់កម្ពុជាគឺ កង្វះថវិកាទិញស្រូវ អត់ម៉ាស៊ីនកិនស្រូវ អត់ឃ្លាំងស្តុកស្រូវ។ លោកបានបញ្ជាក់បន្ថែមថា ៉យើងមានមាសប៉ុន្តែយើងអត់ក្រដាស់ខ្ចប់៉។
ឯាកមកនិយាយអំពីការនាំចេញទំនិញទូទៅវិញ អ្នកសេដ្ឋកិច្ចមួយចំនួនបាននិយាយថា ប្រទេសកម្ពុជាបាននាំចេញក្នុងទំហំទឹកប្រាក់ ៣៦០០លានដុល្លារមែននៅឆ្នាំ២០០៩កន្លងមកនេះ ប៉ុន្តែផលិតផលសម្លៀកបំពាក់តំណាងអោយជាងពាក់កណ្តាលនៃទឹកប្រាក់នាំចេញទាំងអស់។ ក្រៅអំពីទំនិញសម្លៀកបំពាក់ ប្រទេសកម្ពុជាបានធ្វើការនាំចេញផលិតផលកសិកម្មមួយចំនួន ប៉ុន្តែក្នុងបរិមាណតិចតួចបំផុត។ លោកនាយករដ្ឋមន្ត្រីបានទទួលស្គាល់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានទីផ្សារ ប៉ុន្តែ កម្ពុជាខ្វះទំនិញសម្រាប់ធ្វើការនាំចេញ។
ប្រទេសកម្ពុជាមានទីផ្សារច្រើនមែនក្នុងនាមជាសមាជិកអាស៊ាន និងជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក ប៉ុន្តែប្រទេសក្រីក្រមួយនេះមានកម្លាំងផលិតផលិតកម្មខ្សោយណាស់។
បញ្ហាតម្លៃទឹកភ្លើង បញ្ហាតម្លៃទូរគមនាគមន៍ខ្ពស់ បញ្ហាកង្វះខាតអ្នកជំនាញក្នុងផលិតកម្ម និងបញ្ហារំខានកេះកៀវពីសំណាក់អាជ្ញាធរមួយចំនួន គឺជាឧបសគ្គនៃការផលិតនៅក្នុងប្រទេសកម្ពជា៕
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល