ដោយ គី សុខលីម
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 15/02/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 15/02/2010 11:23 ម៉ោងសកល
ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិនប្រជាមានិតបានបោះទុនវិនិយោគច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត កាលពីឆ្នាំ២០០៩ កន្លងមកនេះ ប្រទេសចិនជាប្រទេសដែលផ្តល់ជំនួយមកអោយប្រទេសកម្ពុជាច្រើនជាងគេ។ តើបច្ចុប្បន្ននេះប្រទេសចិនមានរូបភាពយ៉ាងដូចម្តេច នៅក្នុងប្រទេសកម្ពុជា?
សូមចុចខាងក្រោមនេះដើម្បីស្តាប់៖
ពីមួយឆ្នាំ ទៅមួយឆ្នាំ គេសង្កេតឃើញថា ប្រទេសចិនមានតួនាទីកាន់តែសំខាន់ឡើងៗ នៅក្នុងប្រទេសកម្ពុជាទាំងទំនាក់ទំនងនយោបាយការទូតទំនាក់ទំនងសេដ្ឋកិច្ច និងទំនាក់ទំនងវប្បធម៌។
ដោយពិនិត្យទៅលើទិដ្ឋភាពសេដ្ឋកិច្ច តួលេខមួយចំនួនបានបង្ហាញយ៉ាងច្បាស់ថា ប្រទេសចិនបានបោះទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជាច្រើនជាងគេបំផុត។
ឯកសាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ១៥ឆ្នាំ ពោល គឺពីឆ្នាំ ១៩៩៤ មកដល់ចុងខែកញ្ញាឆ្នាំ ២០០៩កន្លងមកនេះ ប្រទេសចិនប្រជាមានិតបានបោះទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជាជាមួយនឹងទឹកប្រាក់ ៦៥០០លានដុល្លារអាមេរិក។ បន្ទាប់ពីប្រទេសចិន គឺប្រទេសកូរ៉េខាងត្បូងឈរ នៅលំដាប់លេខរៀងទីពីរ។ ប្រទេសម៉ាឡេស៊ីស្ថិតនៅក្នុងលំដាប់លេខរៀងទីបី។
របាយការណ៍មួយចំនួនបានអោយដឹងថា ប្រទេសចិនបានបោះទុនវិនិយោគច្រើន នៅក្នុងវិស័យកាត់ដេរ និងវិស័យថាមពល។ គម្រោងសាងសង់វារីអគ្គិសនីភាគច្រើន នៅក្នុងប្រទេសកម្ពុជា គឺត្រូវបានវិនិយោគដោយក្រុមហ៊ុននៃប្រទេសចិន។
បើនិយាយពីមុខរបរតូចតាចវិញ គេសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះភោជនីយដ្ឋានចិនបានបើកកាន់តែច្រើនឡើងៗ នៅក្នុងទីក្រុងភ្នំពេញ។ ហាងចិនទាំងអស់នេះបាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍អតិថិជនខ្មែរយ៉ាងច្រើន នាពេលបច្ចុប្បន្ននេះ។ ភោជនីយដ្ឋានចិនភាគច្រើនបើកលក់ម្ហូបអាហារគ្រឿងសមុទ្រ។
មិនត្រឹមតែប៉ុណ្ណោះ ទំនិញរបស់ប្រទេសចិនមួយចំនួនធំក៏បាន និងកំពុងវាយលុកទីផ្សារនៃប្រទេសកម្ពុជាផងដែរ។
ភ្ញៀវទេសចរជនជាតិចិនក៏បានមកទស្សនាប្រទេសកម្ពុជាមិនតិចដែរ។ តួលេខ កាលពីឆ្នាំ២០០៨បានបង្ហាញថា ប្រជាជនចិនគឺ ស្ថិតនៅក្នុងលំដាប់លេខរៀងទី៥ក្នុងចំណោមជនជាតិបរទេសដែលមកទស្សនាប្រទេសកម្ពុជា។
ចំពោះទំនាក់ទំនងការទូត ប្រទេសចិន គឺជាប្រទេសដែលបានផ្តល់ជំនួយច្រើនជាងគេមកអោយប្រទេសកម្ពុជា កាលពីឆ្នាំ២០០៩កន្លងមកនេះ។ កាលពីមុន ឆ្នាំ ២០០៩ ប្រទេសជប៉ុន គឺជាប្រទេសដែលបានផ្តល់ជំនួយដល់ប្រទេសកម្ពុជាច្រើនជាងគេ ប៉ុន្តែ ចាប់ពីឆ្នាំ ២០០៩និងទៅអនាគត ប្រទេសចិនប្រហែលជាប្រទេសដែលបន្តផ្តល់ជំនួយច្រើនជាងគេមកអោយប្រទេសកម្ពុជា។ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានលើកសរសើរជំនួយរបស់ចិនថា ជាជំនួយដែលគ្មានលក្ខខណ្ឌ ឬថា ជាជំនួយដែលគ្មានចំណង។
លោកហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្លាប់បាននិយាយថា ប្រទេសចិន គឺជាប្រទេសដែលបានជួយជួសជុលផ្លូវ ឬជួយកសាងផ្លូវ នៅក្នុងប្រទេសកម្ពុជាបានវែងជាងគេ។
ប្រទេសចិនបានជួយប្រទេសកម្ពុជាច្រើនមែន ប៉ុន្តែប្រទេសកម្ពុជាក៏បានជួយប្រទេសចិនវិញខ្លះដែរ ចំពោះនយោបាយការទូត។
កាលពីពេលថ្មីៗនេះ ប្រទេសកម្ពុជាបានសម្រេចចិត្តបញ្ជូនជនជាតិចិនអ៊ុយហ្គួរទៅកាន់ប្រទេសចិនវិញ បន្ទាប់ពីពួកគេត្រូវបានចោទប្រកាន់ថា បានចូលមកនៅក្នុងប្រទេសកម្ពុជាខុសច្បាប់។ ការសម្រេចបញ្ជូនជនជាតិចិនអ៊ុយហ្គួរទៅកាន់ប្រទេសចិនវិញ ធ្វើអោយមហាអំណាចចិនសប្បាយចិត្ត ប៉ុន្តែ ទង្វើរបស់ប្រទេសកម្ពុជាត្រូវបានមតិសាធារណៈរិះគន់យ៉ាងខ្លាំង។
ឯាកមកនិយាយពីទំនាក់ទំនងវប្បធម៌វិញ ប្រទេសចិន និងប្រទេសកម្ពុជាហាក់បីដូចជា មិនមានគោលនយោបាយផ្លាស់ប្តូរវប្បធម៌នឹងគ្នាច្រើនប៉ុន្មានទេ ប៉ុន្តែមនោគមវប្បធម៌ចិនបានចាក់ឬស នៅក្នុងសង្គមខ្មែរកាន់តែខ្លាំងឡើងៗ ពីមួយឆ្នាំ ទៅមួយឆ្នាំ។
ជាក់ស្តែង នៅក្នុងពិធីបុណ្យចូលឆ្នាំចិននេះ បើទោះបីជាមិនមានការសិក្សាណាមួយបញ្ជាក់ច្បាស់លាស់ ក៏ដោយ ក៏គេសង្កេតឃើញថា ប្រជាជន នៅទីក្រុងភ្នំពេញស្ទើរ៩០ភាគរយបាននាំគ្នាសែនព្រេនអបអរសាទរពិធីបុណ្យចូលឆ្នាំចិន។ លើសពីនេះទៅទៀត នាពេលបច្ចុប្បន្ន គេសង្កេតឃើញថា សាលាបង្រៀនភាសាចិនបាននិងកំពុងរីកស្គុះស្គាយ នៅទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន។
សរុបសេចក្តីមកវិញ ប្រសិនបើគេពិនិត្យមើលអ្វីដែលរៀបរាប់ខាងលើ គេពិតជាអាចនិយាយបានថា ប្រទេសចិនបាននិងកំពុងមានតួនាទីយ៉ាងសំខាន់ នៅក្នុងប្រទេសកម្ពុជាទាំងសេដ្ឋកិច្ចនយោបាយ និងវប្បធម៌៕
ទាក់ទងនឹងប្រធានបទនេះ
18/01/2010 09:28 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល