publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

វិស័យកាត់ដេរ

ឆ្នាំ២០១០ ៖ វិស័យ​កាត់ដេរ​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​មិន​ទាន់​ច្បាស់លាស់

ដោយ គី សុខលីម

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 22/02/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  22/02/2010 11:13 ម៉ោងសកល

បន្ទាប់​ពី​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង នៅ​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩​រួច​មក វិស័យ​កាត់ដេរ​របស់​កម្ពុជា នៅ​ឆ្នាំ ២០១០​នេះ ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​ទាន់​ច្បាស់លាស់​នៅ​ឡើយ​ទេ។ លោក​វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​កម្ពុជា​មិន​ទាន់​ហ៊ាន​អះអាង​ថា តើ​វិស័យ​កាត់ដេរ​នឹង​ងើប​ឡើង​វិញ នៅ​ពេលណា​នោះទេ។

សូម​ចុច​ខាង​ក្រោម​នេះ​ដើម្បី​ស្តាប់៖

បទ​អត្ថាធិប្បាយ​របស់​គី សុខលីម

22/02/2010

ឆ្នាំ២០១០៖វិស័យកាត់ដេរកម្ពុជាស្ថិតក្នុងស្ថានភាពមិនទាន់ច្បាស់លាស់

ឆ្នាំ២០១០៖វិស័យកាត់ដេរកម្ពុជាស្ថិតក្នុងស្ថានភាពមិនទាន់ច្បាស់លាស់

ចាប់​តាំង​ពី​ចុង​ឆ្នាំ ២០០៨​មក វិស័យ​កាត់ដេរ​កម្ពុជា​បាន​ឆ្លង​កាត់​ពេល​វេលា​លំបាក​លំបិន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ ការលំបាក​ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា​នេះ គឺ​បាន​បណ្តាល​មក​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក។

លោក​វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​និយាយ​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា កាល​ពី​ឆ្នាំ ២០០៩​កន្លង​មក​នេះ ការនាំចេញ​វិស័យ​កាត់ដេរ​បាន​ធ្លាក់​ចុះ​ក្នុង​រង្វង់​ប្រមាណ​ជា ២០​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ២០០៨​កន្លង​មក។ ទីផ្សារ​ផលិតផល​កាត់ដេរ​ធំ​របស់​កម្ពុជា គឺ​សហរដ្ឋ​អាមេរិក និង​ទីផ្សារ​សហភាព​អឺរ៉ុប។ កន្លង​មក ការបញ្ជា​ទិញ​បាន​ធ្លាក់​ចុះ​ដោយសារ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងនេះ បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក។

លទ្ធផល​ជាក់ស្តែង​បាន​បង្ហាញ​ថា រោងចក្រ​មួយ​ចំនួន នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រកាស​បិទ​ទ្វារ ហើយ​កម្មករ​កាត់ដេរ​មួយ​ចំនួន​ធំ​បាន​បាត់បង់​ការងារ។ តួលេខ​ពី​ប្រភព​ខុស​គ្នា​បាន​ប៉ាន់ស្មាន​ថា កម្មករ​ប្រមាណ​ជា ៥​ទៅ ៦​ម៉ឺន​នាក់​បាន​បាត់បង់​ការងារ នៅ​ក្នុង​វិស័យ​កាត់ដេរ​ដោយសារ​តែ​វិបត្តិ​សេដ្ឋកិច្ច។

កម្មការិនី​មួយ​ចំនួន​បាន​វិល​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ។ ប៉ុន្តែ​កម្មការិនី​ខ្លះ​ទៀត​បាន​ចាប់​យក​មុខ​របរ​ថ្មី​គឺ មុខ​របរ នៅ​ក្នុង​ហាង​កំសាន្ត​សប្បាយ​នានា នៅ​ទីក្រុង​ភ្នំពេញ។ នៅ​ទីនេះ កម្មការិនី​មួយ​ចំនួន​អាច​ប្រឈមមុខ​នឹង​មុខ​របរ​ជួញដូរ​ផ្លូវភេទ។

ឆ្លើយតប​ទៅនឹង​សំនួរ​ដែល​ថា តើ​វិស័យ​កាត់ដេរ​អាច​នឹង​ងើប​ឡើង​វិញ នៅ​ពេលណា​នោះ? លោក​វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​បញ្ជាក់​ជាមួយ​អារម្មណ៍​ទុទ្ទិដ្ឋិនិយម​ថា លោក​មិន​ដឹង​ថា តើ​វិស័យ​នេះ​នឹង​ងើប​ឡើង​វិញ​ពិតប្រាកដ នៅ​ពេល​ណា​នោះ​ទេ ពីព្រោះ នៅ​ឆ្នាំ​២០១០​នេះ លោក​មិន​ទាន់​ឃើញ​មាន​សញ្ញា​ល្អ​ពិត​ប្រាកដ​នៃ​ការបញ្ជា​ទិញ​នៅ​ឡើយ​ទេ។ លោក​បាន​បន្ថែម​ទៀត​ថា ឆ្នាំ​២០១០​នេះ គឺ​ជា​ឆ្នាំ​ដែល​អ្នក​ទាំងអស់​គ្នា​គួរ​ជួយ​ជ្រោមជ្រែង​អោយ​វិស័យ​កាត់ដេរ​អាច​មាន​ចលនា​ឡើង​វិញ។ ដូច្នេះ​រាល់​ការទាមទារ​ដំឡើង​ប្រាក់ខែ​ណា​មួយនោះ​គឺ​មិនទាន់​ដល់ពេល​នៅឡើយ​ទេ។

កាល​ពី​ពីរ​សប្តាហ៍​មុន​នេះ គណៈកម្មការ​ក្រុម​ប្រឹក្សា​ការងារ​បាន​ជួប​ប្រជុំ​គ្នាដើម្បី​ពិភាក្សា​គ្នា​អំពី​លទ្ធភាព​នៃ​ការដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​កម្មករ​កាត់ដេរ​ចំនួន ៩៣​ដុល្លារ​ដែល​ស្នើ​ដោយ​ក្រុម​សហជីព​កម្មករ។ ប៉ុន្តែ​កិច្ច​ប្រជុំ​សុំ​តំឡើង​ប្រាក់ខែ​ត្រូវ​ទទួល​បរាជ័យ។

លោក​វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​តំណាង​ថៅកែ​រោងចក្រ​កាត់ដេរ​បាន​និយាយ​ថា ពេល​វេលា​នេះ គឺ​មិនមែន​ជា​ពេលវេលា​ដែល​ត្រូវ​សុំ​ដំឡើង​ប្រាក់ខែ​នោះ​ទេ ហើយនេះ គឺ​ជា​ព័ត៌មាន​អវិជ្ជមាន​បំផុត។ លោក​បាន​បន្ត​ទៀត​ថា ពេលវេលា​នេះ គេគួរ​ទុកអោយ​វិស័យ​កាត់ដេរ​ដកដង្ហើម​បន្តិច​សិន។

លោក​វ៉ាន់ ស៊ូអៀង​បាន​បញ្ជាក់​ថា លោក​យល់ដឹង​ពី​ទុក្ខលំបាក​របស់​កម្មករ ប៉ុន្តែ គេគួរ​តែ​យល់​ពី​ការលំបាក​របស់​រោងចក្រ​ផងដែរ។ លោក​បាន​បញ្ជាក់​ទៀត​ថា ការចរចា​រឿង​ដំឡើង​ប្រាក់ខែ​អាច​ធ្វើ​ទៅបាន នៅពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​នឹង​ប្រសើរ​ឡើងវិញ។

លោក​ជា មុន្នី ប្រធា​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ធ្លាប់តែ​ទាមទារ​ដំឡើង​ប្រាក់ខែ ជា​បន្តបន្ទាប់​ដែរនោះ​បាន​ទទួល​ស្គាល់​ថា ពេលនេះ គឺ​មិនមែន​ជា​ពេលវេលា​នៃ​ការសុំដំឡើង​ប្រាក់ខែ​នោះទេ។ ប្រាក់ខែ​កម្មករ​បច្ចុប្បន្ន គឺ​មាន​ចំនួន ៥០​ដុល្លា ប៉ុន្តែ​សហជីព​មួយ​ចំនួន​សុំអោយ​ថៅកែ​ដំឡើង​ប្រាក់ខែ រហូតដល់ ៩៣​ដុល្លា​ក្នុង​មួយខែ។

សូមបញ្ជាក់ថា ដោយសារ​វិស័យ​កាត់ដេរ​កម្ពុជាជួប​ឧបសគ្គ​ច្រើន ក្នុង​កាលៈទេសៈ​វិបត្តិ​សេដ្ឋកិច្ច​នោះ សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​កម្ពុជា​សកម្មជន​សហជីព និង​រាជ​រដ្ឋាភិបាល​បាន​ខិតខំ​បញ្ចុះបញ្ចូល​អោយ​សហរដ្ឋ​អាមេរិក​លុបបំបាត់​ពន្ធគយ​នាំចូល​ទៅកាន់​ទីផ្សារ​អាមេរិក។ ប៉ុន្តែ រហូតមកដល់​ពេលនេះ សហរដ្ឋអាមេរិក​នៅ​មិនទាន់​ផ្តល់​ចម្លើយ​នៅឡើយ​ទេ​។ ពន្ធនេះ​មាន​អត្រា​ក្នុង​រង្វង់ពី ១២ ទៅ​៣៤​ភាគរយ។

លោក​វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​បញ្ជាក់​ថា ប្រសិន​បើ សហរដ្ឋ​អាមេរិក​សម្រេច​លុបចោល​ពន្ធនេះ វិស័យកាត់ដេរ​កម្ពុជា​អាច​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ចិន និង​ប្រទេស​វៀតណាម​បាន ប៉ុន្តែ​ប្រសិន​ប្រទេស​ក្រីក្រ​កម្ពុជា​នៅជាប់​ពន្ធនេះ វិស័យ​កាត់ដេរ​កម្ពុជា​នឹង​ប្រឈមមុខ​នឹង​ការលំបាក​ជាក់ជា​មិន​ខាន

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល