ដោយ គី សុខលីម
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 08/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 09/03/2010 06:34 ម៉ោងសកល
របាយការណ៍មួយចំនួនបានបង្ហាញថា ស្រ្តីខ្មែរជាង៥០ភាគរយបានចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច រីឯក្នុងសកម្មភាពនយោបាយវិញ ស្រ្តីខ្មែរជាច្រើននាក់បាននិងកំពុងបានក្លាយខ្លួនជាមេដឹកនាំសំខាន់ៗនៅក្នុងប្រទេសកម្ពុជា។ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី ស្រ្តីជាច្រើននាក់ផ្សេងទៀតកំពុងប្រឈមមុខនឹងមុខរបរគ្រោះថ្នាក់ដល់សង្គម។
សូមចុចខាងក្រោមដើម្បីស្តាប់ ៖
ស្ត្រីខ្មែរនាពេលបច្ចុប្បន្ននេះ បាននិងកំពុងបង្ហាញវត្តមានរបស់ខ្លួនកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងសម្មភាពសេដ្ឋកិច្ច និងនយោបាយនៅក្នុងប្រទេសកម្ពុជា។
ដោយសំអាងទៅលើការស្រាវជ្រាវមួយចំនួន លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានបញ្ជាក់ថា ស្រ្តីជាង៥០ភាគរយបានចូលរួមប្រឡូកក្នុងសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
បើទោះបីជាចំនួនតួលេខស្រ្តីក្នុងជិវិតសេដ្ឋកិច្ច ហាក់បីដូចជាមានទំហំធំធេងយ៉ាងណាក៏ដោយ ក៏លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានទទួលស្គាល់ថា ស្រ្តីភាគច្រើននៅមិនទាន់ក្លាយខ្លួនជាមេដឹកនាំក្រុមហ៊ុនធំៗនៅឡើយទេ។
របាយការណ៍បានបញ្ជាក់ថា ស្រ្តីភាគច្រើនបំផុតបានត្រឹមតែដឹកនាំសហគ្រាសខ្នាតតូច និងមធ្យមប៉ុណ្ណោះ។ លើសពីនេះទៅទៀត របាយការណ៍បានបញ្ជាក់ទៀតថា ស្ត្រីមួយចំនួនធំនៅបន្តធ្វើការនៅក្នុងសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានបន្តទៀតថា ប្រសិនបើគេមិនគិតពីសកម្មភាពសេដ្ឋកិច្ចក្នុងប្រព័ន្ធ ឬសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះ ស្រ្តីខ្មែរបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថាស្រ្តីភាគច្រើនបម្រើការនៅក្នុងវិស័យកសិកម្ម វិស័យកាត់ដេរ និងវិស័យទេសចរណ៍។ ក្រៅពីសកម្មភាពសេដ្ឋកិច្ច គេសង្កេតឃើញស្រ្តីកាន់តែមានចំនួនច្រើនឡើងៗ នៅក្នុងឆាកនយោបាយ។ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានផ្តល់តួលេខមួយចំនួនបញ្ជាក់ថា នៅក្នុងការបោះឆ្នោតអាណត្តិទី៤ពីឆ្នាំ២០០៨ដល់ឆ្នាំ២០១៣ខាងមុខនេះ ស្រ្តីជាតំណាងរាស្រ្តតំណាងអោយ២១ភាគរយនៅក្នុងរដ្ឋសភាជាតិ រីឯកាលពីអាណត្តិទី១ ឆ្នាំ១៩៩៣ ស្រ្តីកាលនោះតំណាងអោយតែជិត៦ភាគរយប៉ុណ្ណោះ។
នៅក្នុងតំណែងរដ្ឋាភិបាលវិញ របាយការណ៍បានបង្ហាញថា កាលពីឆ្នាំ១៩៩៣ ស្រ្តីមិនមានកាន់តំណែងជារដ្ឋលេខាធិការទេ ប៉ុន្តែសម្រាប់អាណត្តិទី៤ឆ្នាំ២០០៨-២០១៣ ស្រ្តីកាន់តំណែងរដ្ឋលេខាធិការមានចំនួន១៦រូប និងអនុរដ្ឋលេខាធិការចំនួន៣១រូប។ ហើយនេះគេនៅមិនទាន់រាប់បញ្ចូលស្រ្តីកាន់តំណែងនៅតាមខេត្ត ស្រុក ឃុំទៀតផង។
លើសពីនេះទៅទៀត លោកស្រី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានបញ្ជាក់បន្ថែមទៀតថា នៅក្នុងអាណត្តិឆ្នាំ២០០៨នេះ ស្រ្តីបីនាក់បានក្លាយជាមេដឹកនាំសំខាន់ៗរបស់ប្រទេសកម្ពុជា។ ក្នុងចំណោមស្រ្តីបីនាក់នោះ មានស្រ្តីម្នាក់កាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងពីរនាក់ទៀតផ្សេងទៀតកាន់តំណែងជារដ្ឋមន្រ្តី។
ប្រសិនបើគេពិនិត្យលើស្ថានភាពទូទៅ គេពិតជាអាចនិយាយបានថា ស្រ្តីខ្មែរបាននិងកំពុងចូលរួមចំណែកក្នុងការកសាងប្រទេសតាមរយៈការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងការសម្រេចចិត្តក្នុងដំណើរការនយោបាយរបស់ប្រទេសក្រីក្រមួយនេះ។
ប៉ុន្តែទន្ទឹមពេលដែលមានស្រ្តីមួយចំនួនធំកំពុងរួមចំណែកកសាងប្រទេសនោះ គេសង្កេតឃើញមានស្រ្តីជាច្រើននាក់ផ្សេងទៀតកំពុងទទួលរងនូវភាពឈឺចាប់ផ្សេងៗ។
សេចក្តីប្រកាសព័ត៌មានរួមរបស់អង្គការសមាគមចំនួន៣២ ដែលបានរៀបចំអបអរសាទរទិវាខួបសិទ្ធិនារីអន្តរជាតិលើកទី៩៩ នៅថ្ងៃទី៨មិនានេះបានកត់សម្គាល់ថា ស្រ្តីខ្មែរនៅប្រឈមនឹងបញ្ហាមួយចំនួនធំដូចជា ៖ ការរើសអើងការបៀតបៀនកេរ្តិ៍ខ្មាស់ ការចាប់រំលោភសេពសន្ថវៈ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងអំពើហិង្សាជាដើម។
ម៉្យាងវិញទៀត គេសង្កេតឃើញថា នៅមានស្រ្តីជាច្រើននាក់ផ្សេងទៀត ជាពិសេសស្រ្តីវ័យក្មេងតែម្តងកំពុងបម្រើការនៅក្នុងសេវាកម្មកំសាន្តផ្សេងៗ។ ស្រ្តីដែលកំពុងបម្រើការនៅក្នុងមណ្ឌលកំសាន្ត ឬសេវាកម្មកំសាន្តភាគច្រើន មានចំណេះដឹងតិចតួច និងចេញមកពីគ្រួសារក្រីក្រតោកយ៉ាក។
អ្នកជំនាញមួយចំនួនបាននិយាយថា ស្រ្តីដែលបម្រើការនៅក្នុងសេវាកម្មកំសាន្តអាចប្រឈមមុខនឹងការកេងប្រវ័ញ្ចផ្លូវភេទ និងប្រឈមមុខនឹងការឆ្លងជំងឺកាមរោគ។
អ្នកជំនាញផ្នែកសង្គមបានព្រមានថា សេវាកំសាន្តនានាបាននិងកំពុងបំផ្លិចបំផ្លាញសសរទ្រូងរបស់ប្រទេសជាតិ ពីព្រោះសេវាកំសាន្តប្រើប្រាស់ធនធានសម្រស់របស់ស្រ្តីវ័យក្មេងតែក្នុងរយៈពេលខ្លីមួយប៉ុណ្ណោះ។ បន្ទាប់ពីអស់សម្រស់ស្រ្តីគ្មានជំនាញទាំងនោះមិនដឹងជាក្លាយខ្លួនទៅជាអ្វីពិតប្រាកដនោះទេ៕
ទាក់ទងនឹងប្រធានបទនេះ
08/03/2010 12:23 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល