publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

នយោបាយ

នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ច្រាន​ចោល​​ការ​លើក​ឡើង​របស់​អគ្គលេខាធិការ​អាស៊ាន

ដោយ លី ម៉េងហួរ

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 08/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  09/03/2010 06:33 ម៉ោងសកល

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ លោក​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រតិកម្ម​ដោយ​សម្តី​ខ្លាំងៗថា ​លោក សូរិន ពិតសូវ៉ាន់ មិន​ស័ក្តសម ​ធ្វើ​ជា​អគ្គលេខាធិការ​អាស៊ាន​ទេ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា លោក​នឹង​ធ្វើការ​ទិតៀន​អតីត​រដ្ឋមន្ត្រី​ការបរទេស​ថៃ​រូប​​នេះ ចំពោះ​តួនាទី​មិន​ឯករាជ្យ និង​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា នៅ​ក្នុង​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ប្រទេស​វៀតណាម នា​ពេល​ខាង​មុខ។

សូម​ចុច​ខាង​ក្រោម​ដើម្បី​ស្តាប់ ៖​

បទ​អន្តរាគមន៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ

08/03/2010

សមយុទ្ធ​យោធា ថ្ងៃ​ទី ៣ មីនា ២០១០ នៅ​កំពង់ឆ្នាំ(រូបថត ៖ សុវណ្ណារ៉ា)

សមយុទ្ធ​យោធា ថ្ងៃ​ទី ៣ មីនា ២០១០ នៅ​កំពង់ឆ្នាំ
(រូបថត ៖ សុវណ្ណារ៉ា)

ប្រតិកម្ម​របស់​លោក​ប្រមុខ​ដឹកនាំ​កម្ពុជា នៅ​ថ្ងៃ​នេះ ដោយសារ​តែ​លោក​អគ្គលេខា​ធិការ​អាស៊ាន ដែល​ជា​ជនជាតិ​ថៃ លោក សូរិន ពិតសូវ៉ាន់ បាន​អត្ថាធិប្បាយ​ថា សមយុទ្ធ​យោធា​កម្ពុជា តាម​រយៈ​ការ​បាញ់​សាក​ល្បង​កាំភ្លើង BM 21 កាលពី​ថ្ងៃ​ទី​៤ ខែ​មីនា នៅ​ខេត្ត​កំពង់ឆ្នាំង អាច​ជា​សញ្ញា​បង្ហាញ​ពី​អស្ថិរភាព នៅ​ក្នុង​តំបន់​អាស៊ាន។

ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស ជា​សមាជិក​អាស៊ាន​ម្នាក់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គិតថា អគ្គលេខាធិការ​អាស៊ាន​បច្ចុប្បន្ន លោក សូរិន ពិតសូវ៉ាន់ ដែល​ជា​ជនជាតិ​ថៃ​មិន​សក្តិសម កាន់​តួ​នាទី​ជា​អគ្គលេខាធិការ​អាស៊ាន​ទេ។

ក្នុង​ពិធី​ជួប​ជាមួយ​យោធិន​ពិការ នៅ​តំបន់​តាកែន ​កោះស្លា ក្នុង​ខេត្ត​​កំពត នៅ​ព្រឹក​ទី​៨ ខែ​មីនា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ពន្យល់​ថា អគ្គលេខាធិការ​សមាគម​អាស៊ាន ត្រូវ​អព្យាក្រឹត្យ។ ក៏ប៉ុន្តែ​លោក ស៊ូរិន ពិតសុវ៉ាន់ បាន​ធ្វើ​អត្ថាធិប្បាយ​លើ​សមយុទ្ធ​យោធា​កម្ពុជា ដោយ​បង្ហាញ​ការ​បារម្ភ នឹង​ការ​បាញ់​សាកល្បង​កាំភ្លើង កាំជ្រួច​ហ្វូង​របស់​​កងទ័ព​កម្ពុជា​ថា អាច​ជា​ការ​បង្ហាញ​សញ្ញា​ពី​អស្ថិរភាព​ក្នុង​តំបន់​អាស៊ាន។ ចំណែក​​​ ប្រទេស​​​ខ្លះ ក្នុង​តំបន់ ពិសេស​ប្រទេស​ថៃ ដែល​មាន​ការ​ច្របូក​ច្របល់ និង​ការ​ផ្ទុះ​គ្រាប់​បែក​ស្ទើរ​រាល់​ថ្ងៃ ជាពិសេស​ ធ្វើ​សមយុទ្ធ​យោធា​របស់​ប្រទេស​ថៃ នៅ​ជិត​ព្រំដែន​ប្រទេស​​​កម្ពុជា រហូត​ដល់​មាន​គ្រាប់​ផ្លោង ចូល​ក្នុង​ទឹកដី​កម្ពុជា​ផង​នោះ ហេតុ​អ្វី​បាន​ជា​អគ្គលេខាធិការ​អាស៊ាន លោក សូរិន ពិតសូវ៉ាន់ មិន​លើក​ឡើង​ផង?។

ម្យ៉ាងទៀត លោក​នាយក​រដ្ឋមន្ត្រី បាន​កត់​សម្គាល់​ថា ការ​លើក​ឡើង​របស់​លោក សូរិន ពិតសូវ៉ាន់ នោះ មិន​តំណាង​ឲ្យ​ប្រទេស​សមាជិក​​អាស៊ាន​ទេ ព្រោះ​ថា​ប្រទេស​វៀតណាម ឡាវ និង​ប្រទេស​ថៃ​ខ្លួន​ឯង គឺ​​នាយក​រដ្ឋមន្ត្រី ឧបនាយក​រដ្ឋមន្ត្រី និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថៃ បាន​ចាត់​ទុក​ថា ការ​បាញ់​សាក​​ល្បង​កាំភ្លើង​ធំ កាលពី​អាទិត្យ​មុន ជា​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ប៉ុណ្ណោះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទាមទារ​ឲ្យ​អតីត​រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក សូរិន ពិតសូវ៉ាន់ ធ្វើការ​កែ​តម្រូវ​នូវ​អត្ថាធិប្បាយ​របស់​ខ្លួន ក្នុង​រឿង​សមយុទ្ធ​យោធា​កម្ពុជា។ បើ​មិន​ដូច្នោះ​ទេ លោក​នាយក​រដ្ឋមន្ត្រី បាន​ព្រមាន​ថា លោក​នឹង​លើក​បញ្ហា​នេះ នៅ​ថ្ងៃ​ប្រជុំ​អាស៊ាន អំឡុង​ខែ​មេសា នៅ​ប្រទេស​វៀតណាម ដើម្បី​ទិតៀន​ចំៗ​លើ​​​អគ្គលេខាធិការ​អាស៊ាន។

កម្ពុជា តាម​រយៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស បាន​បញ្ចេញ​ប្រតិកម្ម​តាម​ពាក្យ​សម្តី​ភ្លាមៗ ចំពោះ​អត្ថាធិប្បាយ​របស់ លោក សូរិន ពិតសូវ៉ាន់ អគ្គលេខាធិការ​អាស៊ាន នៅ​តាម​ទីភ្នាក់ងារ​កាសែត Bermana កាលពី​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១០។ គឺ​មួយ​ថ្ងៃ​ក្រោយ​ពី​ការ​ធ្វើ​​សមយុទ្ធ​យោធា​កម្ពុជា។ ចំណែក​នៅ​ថ្ងៃ​៧​មីនា លោក ហោ ណាំហុង​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា បាន​សរសេរ​លិខិត​ជា​ផ្លូវការ ប្រតិកម្ម​ទៅ​កាន់​អគ្គលេខាធិការ​អាស៊ាន ក្នុង​រឿង​សមយុទ្ធ​យោធា​​កម្ពុជា។​

លោក​ប្រមុខ​ការទូត​កម្ពុជា បាន​លើក​ឡើង​ថា ក្នុង​ឋានៈ​ជា​អគ្គលេខាធិការ​អាស៊ាន លោក សូរិន ពិត​សូ​វ៉ាន់ មិន​គួរ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ខុសឆ្គង​ ដែល​នាំ​ឲ្យ​ខូច​ដល់​មុខ​មាត់​ប្រទេស​អាស៊ាន​ណាមួយ ក៏​ដូចជា​អាស៊ាន​ទាំងមូល​ឡើយ។

​        

កម្ពុជា បាន​បញ្ជាក់​ជំហរ​ច្បាស់លាស់​ហើយ​ក្នុង​ពេល​កន្លង​មក គឺ​ការ​ធ្វើ​សមយុទ្ធ​យោធា​របស់​កម្ពុជា តាម​រយៈ​ការ​បាញ់​សាកល្បង​កាំភ្លើង​ធំ BM-21​ មិនមែន​ជា​ការ​គម្រាម​​​កំហែង​​ដល់​សន្តិសុខ​ប្រទេស​ណា​ទេ​ និង​មិន​អាច​នឹង​ផ្តល់​សញ្ញា​ខុស​ថា មាន​អស្ថិរភាព​ក្នុង​តំបន់​ទេ។ ម្យ៉ាងវិញ​ទៀត កង​យោធពល​ខេមរ​ភូមិន្ទ នឹង​ពុំ​ធ្វើ​សកម្ម​ភាព​​​ប្រឆាំង​​​ប្រទេស​ណា​មួយ​​ឡើយ។ ភារកិច្ច​តែ​មួយ​គត់​របស់​កងទ័ព​កម្ពុជា គឺ​ការពារ​នូវ​​អធិបតេយ្យភាព និង​បូរណភាព​ដែនដី​កម្ពុជា​ប៉ុណ្ណោះ៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល