publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

សង្គម

ករណីរំលោភកើនឡើង

ដោយ លាង ដឺលុច

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 08/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  09/03/2010 06:34 ម៉ោងសកល

អង្គការ​លើក​លែង​ទោស​អន្តរជាតិ Amnesty International​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ក្នុង​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ប្រកាស​ថា ករណី​រំលោភ​ផ្លូវ​ភេទ​មាន​ការ​កើន​ឡើង​នៅ​កម្ពុជា ហើយ​ថា​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ពី​អាជ្ញាធរ​នោះ​ឡើយ។ របាយ​ការណ៍​ក៏​បាន​ស្តី​បន្ទោស​ទៅ​លើ​អំពើ​ពុក​រលួយ និង​ការ​រើស​អើង​ពី​សំណាក់​អាជ្ញាធរ និង​តុលាការ​ផង​ដែរ។

សេចក្តី​រាយការណ៍​របស់​ លាង ដឹលុច ​ពី​ទីក្រុង​ភ្នំពេញ

08/03/2010

រូប​គំនូរ​ស្តី​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ(រូបថត ៖ សុវណ្ណារ៉ា)

រូប​គំនូរ​ស្តី​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ
(រូបថត ៖ សុវណ្ណារ៉ា)

យោង​តាម​របាយការណ៍​ដែល​ទទួល​បាន​ពី​ក្រុម​ប៉ូលិស និង​អង្គការ​សង្គម​ស៊ីវិល អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​ថ្លែង​ថា ករណី​រំលោភ​ផ្លូវភេទ​មាន​ការ​កើន​ឡើង​នៅ​កម្ពុជា ហើយ​អ្វី​ដែល​ជា​បញ្ហា​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នោះ គឺក្រុម​ជន​រង​គ្រោះ​ ដោយសារ​ការ​ចាប់​រំលោភ មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌ សេវា​ផ្នែក​ពេទ្យ និង​សេវា​ពិគ្រោះ​យោបល់​នោះ​ឡើយ។ អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​បញ្ចេញ​របាយការណ៍​នៅ​ចំ​ថ្ងៃ​៨​មីនា​នេះ ក្នុង​ឱកាស​ដែល​ពិភពលោក​កំពុង​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ។

         នៅក្នុង​របាយការណ៍​កម្រាស់​៦០​ទំព័រ ជន​រងគ្រោះ​៣០​នាក់ អាយុ​១០​ឆ្នាំ​ ដល់​៤០​ឆ្នាំ​ បាន​និយាយ​អំពី​អំពើ​ពុករលួយ និង​ការរើសអើង​របស់​ប៉ូលិស និង​តុលាការ​ដែល​ធ្វើ​អោយ​ពួកគេ មិន​អាច​ទទួល​បាន​សេវា​ទាំងនេះ ហើយ​ផ្ទុយ​ទៅ​វិញ ជន​ប្រព្រឹត្ត​​ល្មើស​ភាគ​ច្រើន​មិន​ត្រូវ​បាន​ចាប់​កាត់​ទោស​នោះ​ឡើយ។

         លោក​ ដូណា ហ្កេស Donna Guest ​អនុប្រធាន​ការិយាល័យ​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​បាន​ថ្លែង​ថា ដោយ​មាន​ការ​ខ្វះខាត​ការ​គាំទ្រ​សម្រាប់​ជន​រងគ្រោះ រដ្ឋាភិបាល​ត្រូវ​ចាត់​វិធានការ ថ្កោល​ទោស​អំពើ​ហឹង្សា​ផ្លូវ​ភេទ​នេះ ជា​សាធារណៈ ដើម្បី​បង្ហាញ​ថា គ្មាន​ការ​យល់​យោគ​លើ​បទ​ឧក្រិដ្ឋ​បែប​នេះ​ឡើយ ហើយ​ក៏​ដើម្បី​ទទួល​ស្គាល់​ពី​ការ​ឈឺចាប់​របស់​ជន​រង​គ្រោះ​ដែរ។ អង្គការ​Amnesty International​ក៏​បាន​ជម្រុញ​អោយ​រដ្ឋាភិបាល​បំពាក់​បំប៉ន ចំណេះ​ដឹង និង​សម្ភារៈ​ដល់​មន្ត្រី​ប៉ូលិស ប្រើប្រាស់​ប៉ូលិស​ជា​ស្ត្រី និង​បង្កើត​អោយ​មាន​ខ្ទង់​ថវិកា​ចាំបាច់ ដើម្បី​អោយ​ពួក​គេអាច​បើក​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​ណាមួយ​អោយ​ទាន់​ពេលវេលា និង​ប្រកប​ដោយ​វិជ្ជាជីវៈ។

         លោកស្រី​ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​មិនទាន់​អាច​ធ្វើ​អត្ថាធិប្បាយ​អ្វី​តប​ត​នឹង​របាយការណ៍​របស់​Amnesty International​នេះ​នៅ​ឡើយ​ទេ ដោយ​លោកស្រី​បញ្ជាក់​ថា លោកស្រី​នៅ​មិន​ទាន់​បាន​ឃើញ​របាយការណ៍​នោះ​នៅ​ឡើយ។ ប៉ុន្តែ​លោកស្រី​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​កំពុង​យកចិត្ត​ទុកដាក់ ទៅ​លើការ​ទប់ស្កាត់​អំពើ​ហឹង្សា​លើ​ស្ត្រី​នេះ​ហើយ។ ទាក់ទង​នឹង​ជំនួយ​ផ្នែក​ច្បាប់​សម្រាប់​ជួយ​ជន​រងគ្រោះ​ដោយ​ការ​រំលោភ​ផ្លូវ​ភេទ លោកស្រី​ អ៊ឹង កន្ថាផាវី ​បាន​ថ្លែង​អោយ​ដឹងថា រដ្ឋាភិបាល​បាន​ផ្តល់​ថវិកា​១០០​លាន​រៀល​ក្នុង​ឆ្នាំ​២០១០​នេះ ដើម្បី​ផ្តល់​សេវា​ផ្នែក​ច្បាប់​ដល់​ជន​រងគ្រោះ។ លោកស្រី​រដ្ឋមន្ត្រី​បាន​ថ្លែង​ទទួល​ស្គាល់​ថា ឃើញ​មាន​តួលេខ​នៃ​ករណី​រំលោភ​បាន​កើន​ឡើង​មែន។ ប៉ុន្តែ​តួលេខ​ទាំង​នេះ​អាច​ថា​មិន​ឆ្លុះ​បញ្ចាំង​ពី​ករណី​ជាក់ស្តែង​កើតឡើង​នោះ​ទេ។ តែ​អាច​ថា ប៉ូលីស​បាន​ធ្វើ​ការងារ​មាន​ប្រសិទ្ធិភាព​ជាង​​មុន ដូច្នេះ​ការ​កើន​ឡើង​តួលេខ​នៃ​ករណី​ចាប់​រំលោភ បាន​កើត​ចេញ​ពី​ការ​បង្ក្រាប​របស់​ប៉ូលិស៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល