ដោយ លី ម៉េងហួរ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 09/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 09/03/2010 13:23 ម៉ោងសកល
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ថ្នាំវ៉ាក់សាំង ការពារជម្ងឺផ្តាសាយថ្មីA(H1N1) ចំនួន ៣ សែនដូស ត្រូវបានអង្គការសុខភាពពិភពលោក WHO ផ្តល់មកឲ្យប្រទេសកម្ពុជាហើយ កាលពីសប្តាហ៍មុន។ ថ្នាំការពារទាំងនេះ នឹងត្រូវផ្តើមយុទ្ធនាការ ចាក់ជាដំណាក់កាលដំបូង នៅអំឡុងចុងខែមីនានេះ។
សូមចុចខាងក្រោមដើម្បីស្តាប់៖
លោកវេជ្ជបណ្ឌិត លី សុវណ្ណ អនុប្រធាន នាយកដ្ឋានប្រយុទ្ធ ប្រឆាំង នឹងជម្ងឺឆ្លង របស់ក្រសួងសុខាភិបាល បាន ប្រាប់ វិទ្យុ បារាំងអន្តរជាតិ នៅថ្ងៃនេះថា ក្រសួងសុខាភិបាលរបស់ប្រទេស កម្ពុជា បានទទួលនូវវ៉ាក់សាំង ការពារជម្ងឺផ្តាសាយថ្មី A ( H1N1 ) ពីអង្គការសុខភាពពិភពលោក WHO ក្នុងជំហានដំបូង ចំនួន ៣ សែនដូស។ WHO ក៏បានសន្យាថា នឹងផ្តល់នូវ វ៉ាក់សាំង ប្រភេទថ្មីនេះ ដល់កម្ពុជាជាបន្តបន្ទាប់ ក្នុងអំឡុងឆ្នាំ២០១០ ដល់ឆ្នាំ២០១១ សរុបទាំងអស់ចំនួន ១, ៥ លានដូស ស្មើប្រមាណ ១០% នៃប្រជាជនកម្ពុជាសរុប។
សម្រាប់ដំណាក់កាលដំបូងនេះ លោកវេជ្ជបណ្ឌិត បានឲ្យដឹងថា ថ្នាំវ៉ាក់សាំងនេះ នឹងត្រូវចាក់ជូនដល់ក្រុមអ្នកងាយរងគ្រោះ ដែលរួមមាន៖ ស្ត្រីមានផ្ទៃពោះ, កុមារអាយុពី៦ ដល់ ២ ឆ្នាំ និងមន្ត្រីសុខាភិបាល ដែលធ្វើការជិតដិតជាមួយអ្នកជម្ងឺ។ ការចាក់ថ្នាំបង្ការការឆ្លងជម្ងឺផ្តាសាយថ្មីនេះ ត្រូវធ្វើជាដំណាក់ៗ នៅតាមតំបន់ដែលរកឃើញមានជម្ងឺផ្តាសាយថ្មី ហើយក្រោយមក នឹងត្រូវធ្វើនៅទូទាំងប្រទេស។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានឲ្យដឹងថា យុទ្ធនាការចាក់ថ្នាំវ៉ាក់សាំងលើកដំបូង នឹងត្រូវធ្វើនៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ នៅរាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។ តំបន់ទាំង៤ នេះ មានការផ្ទុះឡើងនូវជម្ងឺផ្តាសាយថ្មី A ( H1N1 ) ច្រើនជាងគេ។
អំពីស្ថានភាពជម្ងឺផ្តាសាយថ្មីនេះ ត្រូវបានលោកវេជ្ជបណ្ឌិត លី សុវណ្ណ គូសបញ្ជាក់ថា សព្វថ្ងៃ មានសភាពធូរស្បើយ ដោយមួយសប្តាហ៍ គេរកឃើញតែមួយករណី ឬពីរករណីប៉ុណ្ណោះ។ ប៉ុន្តែក្រុមវេជ្ជបណ្ឌិតជំនាញ នៅតែបារម្ភខ្លាចមានរលកទី២ នៃការឆ្លងរាលដាលជម្ងឺផ្តាសាយថ្មីនេះ ផ្ទុះឡើងនៅកម្ពុជា។ ដូច្នេះហើយបានជាក្រសួងសុខាភិបាល រៀបចំវិធានការបង្ការ និងឆ្លើយតប ដោយមានទាំងការចាក់វ៉ាក់សាំងការពារជម្ងឺដ៏កាចសាហាវនេះ។ បើសិនជាបងប្អូនចង់ដឹងព័ត៌មានបន្ថែមជុំវិញការចាក់វ៉ាក់សាំង និងអាការៈជម្ងឺផ្តាសាយថ្មីនេះ សូមទាក់ទងទៅកាន់លេខទូរស័ព្ទ ១១៥។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី៩ ខែមីនានេះ ជំងឺផ្តាសាយប្រភេទថ្មី A ( H1N1 ) នៅកម្ពុជា បានកើនដល់ ៥៦២ ករណី។ ក្នុងនោះ មានអ្នកស្លាប់ចំនួន ៦ នាក់។ ជម្ងឺប្រភេទថ្មីនេះ បានផ្ទុះឡើងនៅកម្ពុជា អំឡុងខែមិថុនា ឆ្នាំ២០០៩ និងបានរាលដាលនៅ ១៤ ខេត្ត រួមមានទាំង រាជធានីភ្នំពេញ៕ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល