ដោយ លី ម៉េងហួរ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 10/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 10/03/2010 13:09 ម៉ោងសកល
ដូចការគ្រោងទុក នៅថ្ងៃពុធ ទី១០ មីនានេះ រដ្ឋសភាបានផ្តើមពិភាក្សាលើច្បាប់ប្រឆាំងអំពើពុករលួយ យ៉ាងប្រញាប់ប្រញាល់។ ចំណែកសំណើរបស់ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ដែលសុំពន្យារពេលអង្គប្រជុំរដ្ឋសភា នៅថ្ងៃនេះ ត្រូវបានរដ្ឋសភាច្រានចោលដោយសម្លេងច្រើនលើសលប់។
សូមចុចខាងក្រោមនេះដើម្បីស្តាប់៖លោកឧបនាយករដ្ឋមន្ត្រីសុខ អាន តំណាងរដ្ឋាភិបាលដែលការពារសេចក្តីព្រាងច្បាប់ ប្រឆាំងអំពើពុករលួយបានប្រាប់អង្គប្រជុំរដ្ឋសភា នៅព្រឹកថ្ងៃទី ១០ ខែ មីនាថា ការធ្វើច្បាប់ប្រឆាំងអំពើពុករលួយនេះមិនមែនដើម្បីគម្រាមកំហែង និងចាប់ជនណាម្នាក់ ដាក់ពន្ធនាគារទេ តែមានបំណងកាត់បន្ថយ អប់រំ និងទប់ស្កាត់អំពើពុករលួយ ដោយឈរលើសរសរទ្រូង ៣។ ទី១-អប់រំបង្ការទប់ស្កាត់ ទី២-ការអនុវត្តច្បាប់ និងការបង្ក្រាបបទល្មើសពុករលួយ និងទី៣-ការចូលរួម និងការគាំទ្រពីមហាជន។
សេចក្តីព្រាងច្បាប់នេះបានកំណត់ដាក់ទោសចំពោះអ្នកសូក និងអ្នកស៊ីសំណូក ក្នុង រឿងពុករលួយ ដោយផ្តន្ទាទោសដាក់ពន្ធនាគារ ចាប់ពី ៧ថ្ងៃ រហូតដល់ ១៥ឆ្នាំ។ ច្បាប់ប្រឆាំងអំពើពុករលួយក៏បានកំណត់បង្កើតស្ថាប័នប្រឆាំងអំពើពុករលួយពីរ គឺក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងអង្គភាពប្រឆាំងអំពើពុករលួយ ដែលស្ថិតក្រោមរដ្ឋាភិបាល ដើម្បីផ្តល់ប្រឹក្សា អប់រំផ្សព្វផ្សាយ ទប់ស្កាត់ និងបង្ក្រាបអំពើពុករលួយ។ មន្ត្រីរដ្ឋាភិបាល សមាជិកសភា មន្ត្រីរាជការ ចាប់ពីប្រធាននាយកដ្ឋាន បុគ្គល សាធារណៈ និងប្រធានអង្គការក្រៅរដ្ឋាភិបាលត្រូវតែប្រកាសទ្រព្យសម្បត្តិផងដែរ។
សេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយដែលរដ្ឋសភាលើកមកផ្តើមពិភាក្សា និងអនុម័ត នៅថ្ងៃពុធនេះមាន ៩ជំពូក និង ៥៧មាត្រា។ ច្បាប់នេះ ត្រូវបានរដ្ឋាភិបាល បញ្ជូនទៅកាន់រដ្ឋសភា កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១០ ហើយតំណាងរាស្ត្រ ទើបទទួលបាន កាលពីថ្ងៃទី ៤ ខែមីនា សប្តាហ៍មុន។
ការប្រញាប់ប្រញាល់ក្នុងការអនុម័តច្បាប់នេះត្រូវបានក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី គណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា និងក្រុម អង្គការសង្គមស៊ីវិលជាតិ ព្រមទាំងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ធ្វើការរិះគន់ និងស្នើសុំឲ្យរដ្ឋសភា ពន្យារពេលប្រជុំ។ ពន្យារពេលយ៉ាងហោចណាស់មួយខែ ដើម្បីទុកពេលឲ្យមានការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់នោះ។
ក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីក៏បានសុំកែប្រែនូវមាត្រាមួយចំនួនក្នុងសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយនោះ។ ក៏ប៉ុន្តែ រដ្ឋសភា តាមរយៈសម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានប្រកាសច្រានចោលនូវរាល់សំណើទាំងនោះ។
សង្គមស៊ីវិល និងបក្សប្រឆាំងយល់ឃើញថា សេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយនេះ មិនស្របតាមបទដ្ឋានអន្តរជាតិ ដោយមិនបានកំណត់ពីនិយមន័យច្បាស់លាស់នូវពាក្យថា អំពើពុករលួយ ចំណែកស្ថាប័នយន្តការប្រឆាំងអំពើពុករលួយ ក៏មិនឯករាជ្យ។ ពោលគឺអ្នកប្រឆាំងអំពើពុករលួយ ស្ថិតក្រោមស្ថាប័នរដ្ឋាភិបាល ខណៈដែលអ្នកប្រព្រឹត្តអំពើពុករលួយភាគច្រើន ជាមន្ត្រីរដ្ឋាភិបាល។ ម្យ៉ាងទៀត ការប្រកាសទ្រព្យសម្បត្តិ ក៏ត្រូវបានកំណត់ឲ្យធ្វើជាការសម្ងាត់បំផុត ដែលផ្ទុយពីគោលការណ៍អន្តរជាតិ។ នេះជាការកត់សម្គាល់របស់អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី យឹម សុវណ្ណ។
ក៏ប៉ុន្តែ អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងតំណាងរដ្ឋាភិបាល តាមរយៈលោកសុខ អាន បានការពារថា ច្បាប់ប្រឆាំងអំពើពុករលួយត្រូវបានតាក់តែង តាំងពីឆ្នាំ១៩៩៦ និងឆ្លងកាត់ការចូលរួមពិគ្រោះយោបល់រាប់មិនអស់ ដោយមានក្រុមអង្គការជាតិអន្តរជាតិ អ្នកជំនាញអន្តរជាតិ និងមានទាំងបក្សប្រឆាំងចូលរួមផង។
លោក សុខ អាន បានបញ្ជាក់ថា រដ្ឋាភិបាលក៏បានសិក្សា ដកពិសោធន៍ពីការងារប្រឆាំងអំពើពុករលួយ នៅហុងកុង កូរ៉េ ហ្វីលីពីន និងប្រទេសវៀតណាម ដើម្បីធ្វើច្បាប់ប្រឆាំងអំពើពុករលួយនេះ ឲ្យមានប្រសិទ្ធភាព និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ គួបផ្សំនឹងបទពិសោធន៍ក្នុងប្រទេស កន្លងមក។
កាលពីថ្ងៃពុធ ទី១០ មីនា រដ្ឋសភាបានអនុម័តដោយសម្លេង ៨៤ លើ ៩៩ សម្លេង ឆ្លងសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយបានចំនួន ២ ជំពូក ស្មើនឹង ១៥ មាត្រា ក្នុងចំណោម ៥៧ មាត្រា។ រដ្ឋសភានឹងបន្តប្រជុំ នៅព្រឹកថ្ងៃទី១១មីនា ស្អែកទៀត៕
ទាក់ទងនឹងប្រធានបទនេះ
09/03/2010 13:47 ម៉ោងសកល
05/03/2010 11:41 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល