ដោយ លី ម៉េងហួរ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 11/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 11/03/2010 13:00 ម៉ោងសកល
នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋសភាបានអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ ដោយសំឡេងឯកច្ឆ័ន្ទ ៨២ លើ ៨២ សំឡេង។ ក៏ប៉ុន្តែការឆ្លងច្បាប់ប្រឆាំងអំពើពុករលួយ ដែលចំណាយពេលតាក់តែងប្រមាណ ១៥ ឆ្នាំនេះ ធ្វើឡើង ដោយមិនមានសំឡេងពីគណបក្សប្រឆាំងទេ។
សូមចុចខាងក្រោមដើម្បីស្តាប់ ៖
រដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនានេះ បានអនុម័តលើសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយ ដោយសំឡេង ៨២ លើ ៨២ សំឡេង។ ក៏ប៉ុន្តែមិនមាន សំឡេងរបស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សទេ។
ក្រោយពីរដ្ឋសភា ផ្តល់ការទុកចិត្ត ឆ្លងច្បាប់ប្រឆាំងអំពើពុករលួយ ដែលមាន ៩ ជំពូក និង ៥៧ មាត្រា លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាអ្នកការពារច្បាប់ បានច្រានចោលនូវរាល់ការរិះគន់របស់គណបក្សប្រឆាំង។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានប្រាប់រដ្ឋសភា ច្បាប់ប្រឆាំងអំពើពុករលួយនេះ គឺជាផលិតផល ដែលត្រូវបានសំរិតសំរាំង កើតចេញពីដំណើរការតាក់តែងយ៉ាងវែង គឺប្រើពេលដល់ទៅ ១៥ ឆ្នាំមកហើយ។ ច្បាប់ប្រឆាំងអំពើពុករលួយនេះ គឺជាច្បាប់ដ៏រសើប និងមានសារៈសំខាន់ចំពោះប្រទេសជាតិ។ ច្បាប់នេះ ក៏ជាឧបករណ៍ថ្មីមួយទៀត ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ របស់រដ្ឋាភិបាល នឹងក្លាយជាមធ្យោបាយ និងជាឧបករណ៍កាន់តែមុតស្រួច ដើម្បីបំពេញនូវភារៈកិច្ចប្រឆាំងអំពើពុករលួយដ៏ធ្ងន់ធ្ងរ នៅកម្ពុជា។
ក៏ប៉ុន្តែ ក្នុងពេលរដ្ឋសភា ប្រជុំអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី១១មីនានេះ ក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ចំនួន ១៦ រូប បានដើរចេញពីអង្គប្រជុំ។ ចំណែកអ្នកតំណាងរាស្ត្រ ៣ រូប របស់គណបក្សសិទ្ធិមនុស្ស បានធ្វើពហិការ មិនចូលរួមប្រជុំរដ្ឋសភា តាំងពីថ្ងៃបើកកិច្ចប្រជុំវិសាមញ្ញ កាលថ្ងៃម្សិលមិញ។
ការដើរចេញពីរដ្ឋសភា ត្រូវបានលោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្ស សម រង្ស៊ី ពន្យល់ថា រាល់ការផ្តល់យោបល់ សុំកែខ្លឹមសារមួយចំនួន ក្នុងច្បាប់ប្រឆាំងអំពើពុករលួយ មិនត្រូវបានរដ្ឋសភាទទួលយកពិចារណា ដាក់បញ្ចូលក្នុងច្បាប់នោះឡើយ។
លោក យឹម សុវណ្ណ បានហៅច្បាប់ប្រឆាំងអំពើពុករលួយនេះ ថាធ្វើគ្រាន់តែបំពេញចិត្តម្ចាស់ជំនួយ និងជាឡប់ឡែ សម្រាប់បិទបាំងនូវទង្វើខុសឆ្គងរបស់មន្ត្រីខិលខូច។ ច្បាប់នេះ ក៏ជាសំណាញ់ដែក ដើម្បីការពារជនពុករលួយប៉ុណ្ណោះ។
ចំណែកគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃ១១មីនានេះ បានចាត់ទុកច្បាប់ប្រឆាំងអំពើពុករលួយថា ពុំអាចនាំជនពុករលួយមកផ្តន្ទាទោសបានឡើយ។ តែផ្ទុយទៅវិញ ច្បាប់នេះ នឹងប្រែក្លាយជាឧបករណ៍បង្ក្រាបពលរដ្ឋ ដែលហ៊ាននិយាយពីមន្ត្រីដែលពុករលួយ និងសម្រាប់ជាឧបករណ៍របស់រដ្ឋាភិបាល ដើម្បីអួតប្រាប់ម្ចាស់ជំនួយប៉ុណ្ណោះ។
អង្គការសង្គមស៊ីវិលប្រមាណ ២០០ នៅកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយ ក្រោយពីរដ្ឋសភាអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ។ ថ្វីត្បិតតែសង្គមស៊ីវិល សម្តែងកង្វល់ជាច្រើន ដើម្បីស្ថាបនា ក៏ប៉ុន្តែសង្គមស៊ីវិល ក៏រំពឹងថា រដ្ឋាភិបាលនឹងផ្តោតសំខាន់ក្នុងការអនុវត្តន៍ច្បាប់ប្រឆាំងអំពើពុករលួយ ឲ្យមានប្រសិទ្ធភាព៕
ទាក់ទងនឹងប្រធានបទនេះ
09/03/2010 13:47 ម៉ោងសកល
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល