ដោយ គី សុខលីម
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 13/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 13/03/2010 11:36 ម៉ោងសកល
អ្នកជំនួញ និងប្រជាជនទូទៅប្រកាសគាំទ្រច្បាប់ប្រឆាំងអំពើពុករលួយ បើទោះបីជាពួកគេមិនទាន់បានដឹងពីសេចក្តីលម្អិតរបស់ច្បាប់ក៏ដោយ។ ប្រជាជនសាមញ្ញដែលបានផ្តល់បទសម្ភាសន៍បាននិយាយថា យ៉ាងហោចណាស់ច្បាប់នេះអាចធ្វើអោយអ្នកធ្លាប់ពុករលួយមានការភ័យខ្លាចដែរ។
សូមចុចខាងក្រោមនេះ ដើម្បីស្តាប់

រដ្ឋាភិបាលបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅថ្ងៃសុក្រទី១១ធ្នូ២០០៩
(រូបថត ៖ សុវណ្ណារ៉ា)
បុគ្គលិកក្រុមហ៊ុន អ្នករកស៊ីតូចតាច និងមន្ត្រីរាជការដែលបានអ្នកផ្តល់បទសម្ភាសន៍នៅថ្ងៃសៅរ៍នេះបាននិយាយថា ពួកគេបានដឹងខ្លះ មិនបានដឹងខ្លះអំពីការពិភាក្សាច្បាប់ប្រឆាំងអំពើពុករលួយនៅរដ្ឋសភាជាតិ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ក៏ពួកគេយល់ថាច្បាប់នេះមានសារៈប្រយោជន៍សំខាន់ណាស់សម្រាប់ប្រទេសជាតិ។ មានសារៈប្រយោជន៍នៅត្រង់ថា ច្បាប់នេះអាចធ្វើអោយអ្នកធ្លាប់ប្រព្រឹត្តអំពើពុករលួយមានការភ័យខ្លាច ឬអាចកែតម្រង់អ្នកធ្លាប់ប្រព្រឹត្តអំពើពុករលួយដែរ។ អ្នកផ្តល់បទសម្ភាសន៍មួយចំនួនបានចោទជាសំណួរថា តើអំពើពុករលួយមានន័យយ៉ាងដូចម្តេច? សំណូកក្នុងកម្រិតណាទើបគេហៅថាអំពើពុករលួយ? តើការផ្តល់អំណោយក្នុងទ្រង់ទ្រាយធំជាអំពើពុករលួយដែរឬទេ? តើមន្ត្រីរាជការអាចទទួលយកអំណោយបានដែរឬទេ?
អ្នកជំនួញធំៗនៅក្នុងប្រទេសកម្ពុជាមួយចំនួនបាននិយាយថា ច្បាប់ប្រឆាំងអំពើពុករលួយនេះមានសារៈសំខាន់ណាស់។ លោកស៊ឹងប៊ុណ្ណា នាយកក្រុមហ៊ុនអចលនទ្រព្យ ប៊ុណ្ណារៀលធី បាននិយាយប្រាប់នៅថ្ងៃសៅរ៍នេះជាលក្ខណៈទូទៅថា នៅពេលដែលអំពើពុករលួយរួមកាន់តែតូច ពេលនោះការវិនិយោគនឹងរីកកាន់តែធំឡើង។ ចំពោះលោកអ៊ិន ចាន់នី អគ្គនាយកនៃធនាគារអេស៊ីលីដាវិញ លោកបាននិយាយថា ច្បាប់នេះមានសារៈសំខាន់សម្រាប់ប្រជាជនខ្មែរទូទៅ ក្នុងនោះ ក៏វាមានសារៈសំខាន់សម្រាប់អ្នកវិនិយោគផងដែរ។ លោកឈួនសម្បត្តិ អនុប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបាននិយាយបន្ថែមទៀតថា ច្បាប់ប្រឆាំងអំពើពុករលួយនេះមានសារៈសំខាន់សម្រាប់វិស័យរដ្ឋផង និងវិស័យឯកជនផង។
សូមបញ្ជាក់ថា ប្រទេសផ្តល់ជំនួយតែងតែទទូចចង់អោយប្រទេសកម្ពុជាអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញមានប្រទេសផ្តល់ជំនួយណាមួយបញ្ចេញមតិជុំវិញច្បាប់ប្រឆាំងនឹងអំពើពុករលួយនេះនៅឡើយទេ ពោលគឺពួកគេស្ថិតនៅក្នុងសភាពស្ងៀមស្ងាត់នៅឡើយ។ ការស្ថិតនៅស្ងៀមស្ងាត់នេះអាចមានន័យពីរយ៉ាង។ ទីមួយ៖មានន័យថាពួកគេសប្បាយចិត្តនឹងច្បាប់នេះ រីឯទីពីរវិញមានន័យថា ពួកគេកំពុងរង់ចាំមើលដំណើរវិវឌ្ឍន៍របស់ច្បាប់នេះនៅក្នុងស្ថាប័ននីតិបញ្ញត្តិ។ ជាការពិត ប្រទេសផ្តល់ជំនួយនីមួយៗមិនទាន់ប្រតិកម្មមែន ប៉ុន្តែអង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ច្បាប់ប្រឆាំងអំពើពុករលួយនេះគួរទទួលបានការពិភាក្សាច្រើនសិន មុននឹងដាក់ចូលកិច្ចប្រជុំនៅរដ្ឋសភាជាតិ។
ទាក់ទងនឹងប្រធានបទនេះ
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល