ដោយ ប៉ែន បូណា
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 13/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 13/03/2010 11:36 ម៉ោងសកល
ច្បាប់ប្រឆាំងនឹងអំពើពុករលួយដែលគេទន្ទឹងរង់ចាំជាងមួយទសវត្សរ៍ទៅហើយនោះ បានចេញជារូបរាងហើយនៅពេលនេះ។ រដ្ឋសភាជាតិដែលគ្រប់គ្រងដោយគណបក្សកាន់អំណាច ទើបតែបានអនុម័តច្បាប់នេះជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលបានរិះគន់យ៉ាងខ្លាំងក្លាដោយចាត់ទុកច្បាប់នេះថា គ្មានគុណភាព និងប្រសិទ្ធិភាព។ ច្បាប់នេះបានបង្កឲ្យមានការរិះគន់ជាថ្មីទៀតអំពីកង្វះឆន្ទៈរបស់រដ្ឋាភិបាល។
សូមចុចខាងក្រោមនេះ ដើម្បីស្តាប់
ច្បាប់ប្រឆាំងនឹងអំពើពុករលួយដែលគ្រប់គ្នាបាននិយាយអំពីវា និងបានទន្ទឹងរង់ចាំវាយ៉ាងយូរនោះ បានលេចចេញជារូបរាងហើយ។ ប៉ុន្តែរូបរាងរបស់វាមិនដូចទៅនឹងអ្វីដែលអ្នកទន្ទឹងរង់ចាំស្រមើស្រមៃចង់បាននោះឡើយ។
ច្បាប់ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ មិនបានធ្វើឲ្យគ្រប់គ្នាសប្បាយចិត្តឡើយ ផ្ទុយទៅវិញ គឺជាអត្ថបទច្បាប់ដែលទទួលរងការរិះគន់យ៉ាងខ្លាំងក្លា។ ចំណុចសំខាន់ៗដែលត្រូវគេរិះគន់មានដូចជាទី១៖ យន្តការសម្រាប់អនុវត្តច្បាប់ត្រូវគេចាត់ទុកថាមិនឯករាជ្យ ពោលគឺយន្តការនេះស្ថិតនៅចំណុះក្រោមរដ្ឋាភិបាលតែដដែល។ ទី២៖ ការប្រកាសទ្រព្យសម្បត្តិរបស់មន្ត្រីសាធារណៈនឹងមិនធ្វើឡើងជាសាធារណៈដូចការរំពឹងទុកនោះឡើយ និងទី៣៖ ច្បាប់នេះហាក់ដូចជាមិនបានលើកទឹកចិត្តឲ្យមានការចូលរួមទេដោយហេតុថា សាក្សីដែលបានរាយការណ៍អំពីជនពុករលួយអាចនឹងត្រូវគេចោទប្រកាន់ថាកុហក ហើយត្រូវទទួលទោសដោយខ្លួនឯងវិញ។
ចំណុចទាំងនេះបានធ្វើឲ្យក្រុមអ្នកតវ៉ាមើលឃើញរួចជាស្រេចថា ច្បាប់នេះនឹងគ្មានប្រសិទ្ធភាពក្នុងការកម្ចាត់អំពើពុករលួយឡើយ។ ជាការពិត ប្រសិនបើគេស្តាប់សេចក្តីថ្លែងការណ៍របស់តំណាងរដ្ឋាភិបាលវិញ ច្បាប់នេះគ្មានគោលដៅដើម្បីចាប់មនុស្សដាក់គុកឡើយ ប៉ុន្តែជាច្បាប់ដែលមានន័យចង់អប់រំមនុស្សដើម្បីកាត់បន្ថយអំពើពុករលួយច្រើនជាង។ គំនិតនេះមិនជាអាក្រក់ឡើយ ក្នុងបរិបទដែលសង្គមខ្មែរត្រូវការអប់រំមនុស្សឲ្យយល់ដឹងច្បាប់។
ប៉ុន្តែអ្វីដែលគេសង្ស័យនោះ គឺខ្លាចក្រែងច្បាប់ប្រឆាំងអំពើពុករលួយដែលចេញរូបរាងនៅពេលនេះ មានន័យគ្រាន់តែជាការបង្ហាញពីឆន្ទៈសម្បកក្រៅរបស់រដ្ឋាភិបាលក្នុងការកម្ចាត់អំពើពុករលួយ តែធាតុពិតច្បាប់នេះបែរជាក្លាយជាឧបករណ៍បិទបាំងអំពើពុករលួយទៅវិញទេដឹង។ ការព្រួយបារម្ភនេះមិនមែនគ្មានហេតុផលឡើយ ពីព្រោះថារដ្ឋាភិបាលហាក់ដូចជាមិនបានបើកឲ្យមានការជជែកគ្នាឲ្យបានទូលំទូលាយ តែបែរជាប្រញាប់ប្រញាល់អនុម័តទាំងតក់ក្រហល់ទៅវិញ។
ឥឡូវនេះច្បាប់បានចេញជារូបរាងហើយ ដោយគ្មានអ្នកណាអាចទប់បានឡើយពីព្រោះតែគណបក្សកាន់អំណាចមានសំឡេងភាគច្រើនលើសលប់នៅក្នុងរដ្ឋសភា។ ប៉ុន្តែបញ្ហាមិនបានចប់ត្រឹមនេះទេ។ សម្រាប់អ្នកដែលមិនពេញចិត្តនឹងច្បាប់នេះ គេនៅតែចាត់ទុកប្រទេសកម្ពុជាថាគ្មានច្បាប់ប្រឆាំងនឹងអំពើពុករលួយតែដដែល។ លើសពីនេះ អ្នកខ្លះបានហៅច្បាប់នេះថាជាឧបករណ៍ការពារជនពុករលួយថែមទៀតផង។
តើរដ្ឋាភិបាលពិតជាគ្មានឆន្ទៈក្នុងការបំបាត់អំពើពុករលួយមែនឬ? បើថាគ្មាន ដូចជាមិនត្រូវ ពីព្រោះថាតើរដ្ឋាភិបាលណាមួយដែលចង់ឲ្យប្រទេសជាតិរបស់ខ្លួនអាប់ឱនកិត្តិយសងើបមុខមិនរួចព្រោះតែអំពើពុករលួយនោះ? ប៉ុន្តែបើនិយាយថារដ្ឋាភិបាលមានឆន្ទៈពិតប្រាកដក្នុងការប្រឆាំងអំពើពុករលួយ ក៏ដូចជាពិបាកនឹងថាដែរពីព្រោះ បើពិតជាចង់ប្រឆាំងអំពើពុករលួយមែន ហេតុអ្វីបានជាមិនព្រមទទួលយកអនុសាសន៍ពីមជ្ឈដ្ឋានផ្សេងៗមកបញ្ចូលក្នុងសេចក្តីព្រាងច្បាប់នេះដើម្បីចៀសវាងការរិះគន់ផង និងដើម្បីឲ្យច្បាប់នេះកាន់តែមានតម្លៃផងទៅ? ភាពព្រពេចស្រពិលទាំងនេះបានបន្ថែមទម្ងន់ទៅលើការសង្ស័យពីកង្វះឆន្ទៈរបស់រដ្ឋាភិបាល។
យ៉ាងណាក៏ដោយ ច្បាប់ត្រូវបានស្ថាប័ននីតិបញ្ញត្តិអនុមត័រួចទៅហើយ។ តទៅនេះ គេនៅតែរង់ចាំមើលការអនុវត្តន៍តែប៉ុណ្ណោះ។ ប្រសិនបើរដ្ឋាភិបាលពិតជាមានឆន្ទៈចង់លុបបំបាត់អំពើពុករលួយមែននោះ រដ្ឋាភិបាលត្រូវតែអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធិភាព។ បើធ្វើបានដូច្នេះមែន ការរិះគន់នឹងក្លាយជាការកោតសរសើរវិញជាមិនខាន។ ប៉ុន្តែបើផ្ទុយពីនេះ ការព្រួយបារម្ភរបស់សង្គមស៊ីវិល និងបក្សប្រឆាំងពិតជាមិនខុសឡើយ។ មិនខុសនៅត្រង់ថា គេមិនអាចបំបាត់អំពើពុករលួយបានឡើយ ប្រសិនបើរដ្ឋាភិបាលគ្មានឆន្ទៈពិតប្រាកដ៕
ទាក់ទងនឹងប្រធានបទនេះ
ស្តាប់សំឡេង
26/02/2009 13:40 ម៉ោងសកល
បច្ចុប្បន្នភាពកម្ពុជា
21/04/2010 12:11 ម៉ោងសកល
បច្ចុប្បន្នភាពអន្តរជាតិ
21/04/2010 09:26 ម៉ោងសកល
20/04/2010 10:40 ម៉ោងសកល
20/04/2010 09:02 ម៉ោងសកល
19/04/2010 14:18 ម៉ោងសកល
19/04/2010 14:17 ម៉ោងសកល
19/04/2010 10:31 ម៉ោងសកល