publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

នយោបាយ

ប្រតិភូ​សភា​អឺរ៉ុប​ប្រកាស​ពី​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា

ដោយ ប៉ែន បូណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 13/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  13/03/2010 11:30 ម៉ោងសកល

គណៈប្រតិភូ​មួយ​ក្រុម​របស់​សភា​អឺរ៉ុប​ទទួល​បន្ទុក​ផ្នែក​ទំនាក់​ទំនង​ជា​មួយ​បណ្តា​ប្រទេស​អាស៊ាន ​គ្រោង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​សប្តាហ៍​ក្រោយ​នេះ។​ ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៨​ មីនា នឹង​ផ្តោត​លើ​​បញ្ហា​សំខាន់ៗ​មួយចំនួន​ជា​ពិសេស​ បញ្ហា​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​ គណៈប្រតិភូ​នេះ​គ្រោង​​នឹង​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ជា​ច្រើន​​ រួម​ទាំង​បក្ស​​ប្រឆាំង ​​និង​សង្គម​ស៊ីវិល​ផង​ដែរ។​ បក្ស​ប្រឆាំង​ត្រៀម​ជា​ស្រេច​ក្នុង​ការ​លើក​ឡើង​ពី​ករណី​លោក​សម​រង្ស៊ី

សូម​ចុច​ខាង​ក្រោម​នេះ ដើម្បី​ស្តាប់

សេចក្តី​រាយការណ៍​របស់ ប៉ែន បូណា ពីទីក្រុង​ភ្នំពេញ

13/03/2010

ប្រតិភូ​សភា​អឺរ៉ុប​ប្រកាស​ពី​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា(រូបថត៖ Reuters)

ប្រតិភូ​សភា​អឺរ៉ុប​ប្រកាស​ពី​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា
(រូបថត៖ Reuters)

គណៈប្រតិភូ​សភា​អឺរ៉ុប​មួយ​ក្រុម​ដែល​មាន​គ្នា​៩​នាក់​ គ្រោង​នឹង​ទៅ​ដល់​កម្ពុជា​នៅ​​ថ្ងៃ​១៨​មីនា​សប្តាហ៍​ក្រោយ​នេះ​ ក្នុង​ដំណើរ​ទស្សនកិច្ច​ដែល​មាន​រយៈ​ពេល​៣​ថ្ងៃ។ ទស្សនកិច្ច​នេះ​មាន​គោលដៅ​ស្វែងយល់​អំពី​ការ​វិវត្តន៍​ថ្មីៗ​របស់​ប្រទេស​កម្ពុជា ​ទាក់​ទង​​នឹង​វិស័យ​នយោបាយ​ និង​សេដ្ឋកិច្ច។ សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ដោយ​​ការិយាល័យ​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ​មាន​ប្រធាន​បទ​ជាក់​លាក់​មួយ​ចំនួន​ដែល​គេ​គ្រោង​នឹង​លើក​យក​ទៅ​ពិភាក្សា​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ។​ ប្រធានបទ​ទាំងនោះ​មាន​ដូច​ជា​ផល​ប៉ះពាល់​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ​​បញ្ហា​ថ្មីៗ​​ដែល​ទាក់ទង​នឹង​នយោបាយ​ ​និង​សិទ្ធិមនុស្ស​​ ព្រមទាំង​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​ ​និង​សហភាព​អឺរ៉ុប​ផង​ដែរ។

គណៈប្រតិភូ​សភា​អឺរ៉ុប​ទទួល​បន្ទុក​ផ្នែក​ទំនាក់ទំនង​ជា​មួយ​បណ្តា​ប្រទេស​​អាស៊ាន​ដែល​មាន​គ្នា​៩នាក់​នេះ​ នឹង​ដឹក​នាំ​ដោយ​លោក​ Werner Langen ​ហើយ​​ពួក​គេ​គ្រោង​នឹង​ចូល​ជួប​ពិភាក្សា​ការងារ​ជា​មួយ​មន្ត្រី​ដឹកនាំ​កំពូលៗ​ជា​ច្រើន ​ទាំង​ក្នុង​​ស្ថាប័ន​នីតិបញ្ញត្តិ​ ​និង​នីតិប្រតិបត្តិ។ ​ក្រៅ​ពី​នោះ​ គណៈប្រតិភូ​ក៏​គ្រោង​នឹង​ជួប​ជា​មួយ​​គណបក្ស​​ប្រឆាំង ​​និង​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ។ គេ​នៅ​មិន​ទាន់​ដឹង​ថា ​​គណៈប្រតិភូ​សភា​អឺរ៉ុប​​នឹង​​លើក​ឡើង​អំពី​បញ្ហា​អ្វី​ពិត​​ប្រាកដ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នៅ​ឡើយ​ទេ​ ​ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​​ គឺ​​ដំណើរ​ទស្សនកិច្ច​របស់​​ប្រតិភូ​សភា​អឺរ៉ុប​ពេល​នេះ​បាន​ធ្វើ​ឡើង ​ខណៈ​ពេល​ដែល​​លោក​​សម​រង្ស៊ី​ ​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​កំពុង​ទទួល​រង​ការ​កាត់ទោស​ពី​តុលាការ​ក្នុង​បទ​ចោទ​ប្រកាន់​ជា​ច្រើន​ទាក់ទង​នឹង​បញ្ហា​ព្រំដែន។

លោក​យឹម​​សុវណ្ណ​ ​អ្នក​នាំ​ពាក្យ​គណបក្ស​សម​​រង្ស៊ី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា​ ​លោក​​នឹង​លើក​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ជា​ច្រើន​ប្រាប់​ទៅ​សភា​អឺរ៉ុប​ ក្នុង​នោះ​​ការ​រំលោភ​​សិទ្ធិ​របស់​អ្នក​តំណាងរាស្រ្ត​ ក៏​ជា​បញ្ហា​ចម្បង​មួយ​ដែរ។​ លោក​យឹម​​សុវណ្ណ​​បាន​លើក​​ឧទាហរណ៍​ពី​ករណី​លោក​​សម​​រង្ស៊ី​ ​ដែល​​គ្រាន់​តែ​បាន​បំពេញ​ភារកិច្ច​ជា​អ្នក​តំណាង​​រាស្រ្ត​​តែ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ត្រូវ​បាន​​តុលាការ​ផ្តន្ទាទោស។

មន្ត្រី​រដ្ឋាភិបាល​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​នៅ​ថ្ងៃ​នេះ​ ​ប៉ុន្តែ​​មន្ត្រី​គណបក្ស​ប្រឆាំង​វិញ​សង្ឃឹម​ថា​ ​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​សភា​អឺរ៉ុប​​នឹង​មាន​​ឥទ្ធិពល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើង​វិញ​ពី​ទង្វើ​មួយ​​ចំនួន​របស់​ខ្លួន៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល